website_news:2021060706

ចុះឆែកឆេរការដ្ឋានសំណង់មួយ ចាប់បានមេការថៃនាំពលករមានភូមា ខ្មែរមកធ្វើការខុសច្បាប់

https://www.kampucheathmey.com/ ថ្ងៃអាទិត្យ ៤ កក្កដា ២០២១ដោយ Dy Bunnara

ប្រទេសថៃ ៖ អ្នកគ្រប់គ្រងការងារសាងសង់ម្នាក់ដែលជាជនជាតិថៃ និងពលករដែលជាកម្មករចំនួន ២១ នាក់ ក្នុងនោះមានជនជាតិភូមា ១ នាក់ និងខ្មែរចំនួន ២០ នាក់ ត្រូវបានអាជ្ញាធរថៃ ក្នុងខេត្តស្រះកែវ ឃាត់ខ្លួនដើម្បីបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីចូលធ្វើការនៅក្នុងប្រទេសថៃគ្មានច្បាប់អនុញ្ញាត។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២១ ត្រង់ចំណុចទីតាំងសាងសង់មួយកន្លែង ក្នុងឃុំស្រះកែវ ស្រុកមឿង ខេត្តស្រះកែវ ដោយក្នុងនោះមានអ្នកគ្រប់គ្រងម្នាក់ ឈ្មោះ ភូមិរិន្ទ ស៊ិនសិរីមកពីខេត្តឆៈឈើងសៅ រីឯពលករទាំង ២១ នាក់ គឺមានខ្មែរ ២០ នាក់ និង ជនជាតិភូមា ១ នាក់ ។ ចំពោះអ្នកគ្រប់គ្រងបានសារភាពទទួលស្គាល់កំហុស ដែលបាននាំពលករទាំងអស់ ដែលរស់នៅមិនស្របច្បាប់ឲ្យចូលទៅធ្វើការនៅក្នុងការដ្ឋានសាងសង់របស់ខ្លួន ដោយឡែកពលករខ្មែរម្នាក់ឈ្មោះ ភឿ អាយុ ២៣ ឆ្នាំ បាននិយាយថា ខ្លួនរួមទាំងមិត្តភ័ក្ត្រមួយចំនួន បានចូលមកធ្វើការនៅទីនេះ តាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២០ មកម៉្លេះ ដោយមិនហ៊ានចេញដើរទៅក្រៅខេត្ត ឬឆ្ងាយៗឡើយ ព្រោះដោយសារតែពួកខ្លួនរស់នៅដោយគ្មានច្បាប់អនុញ្ញាត។

បច្ចុប្បន្នទាំងពលករ២១នាក់ ក៏ដូចជាអ្នកគ្រប់គ្រងម្នាក់ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ច បញ្ជូនទៅអង្គភាពជំនាញហើយ ដើម្បីចាត់ការតាមនីតិវិធី ៕ អត្ថបទ៖ សោ និយមរ័ត្ន

website_news/2021060706.txt · Last modified: 2021/07/06 07:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki