website_news:2021060708

មន្ត្រីរដ្ឋាភិបាល ចាត់ទុករបាយការណ៍ស្តីពី ការជូញដូរមនុស្សរបស់អាមេរិក ជាទស្សនៈ និង ជាសិទ្ធិអ្នកឱ្យពិន្ទុ

https://www.postkhmer.com/ រី សុចាន់ | Publication date 05 July 2021 | 18:27 ICT

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃឆ្លើយតប និងច្រានចោលរបាយការណ៍របស់សហរដ្ឋអាមេរិក ដែលថា រដ្ឋាភិបាលកម្ពុជាមិនបានបំពេញតាមស្តង់ដាអប្បបរមាក្នុងការលុបបំបាត់ការជួញដូរមនុស្ស។ មន្ត្រីចាត់ទុកការលើកឡើងនេះ ជាទស្សនៈ និងជាសិទ្ធិរបស់អ្នកផ្តល់ពិន្ទុ ប៉ុន្តែរដ្ឋាភិបាលមិនបានបន្ធូរដៃក្នុងការងារបង្ក្រាបនោះទេ។សហរដ្ឋអាមេរិកកាលពីថ្ងៃទី២ ខែកក្កដាបានចេញរបាយការណ៍ប្រចាំឆ្នាំ២០២១ ស្តីពីការជួញដូរមនុស្សនៅកម្ពុជាដោយបានលើកឡើងថា៖«រដ្ឋាភិបាលកម្ពុជាមិនបានបំពេញគ្រប់គ្រាន់តាមសង្ត់ដាអប្បបរមាក្នុងការលុបបំបាត់ការជួញដូរមនុស្សប៉ុន្តែបានខិតខំប្រឹងប្រែងធ្វើ»។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ប្រាប់ភ្នំពេញនៅថ្ងៃទី៥ ខែកក្កដា ថា៖«អ្វីដែលបានលើកឡើងហ្នឹងគឺជាទស្សនៈរបស់គាត់ ជាការមើលឃើញរបស់គាត់ជាអ្នកវាយតម្លៃហ្នឹង ប៉ុន្តែចំពោះយើងដែលជាអ្នកធ្វើគឺខំប្រឹងប្រែងណាស់»។លោកស្រីថ្លែងថា៖«វាជាសិទ្ធិរបស់អ្នកផ្តល់ពិន្ទុ ចំណែកពួកយើងខ្ញុំ មិនធ្លាក់ដៃទេ។ យើងតែងតែគិតថា អ្វីដែលយើងធ្វើទៅតាមលទ្ធភាពជាក់ស្តែងរបស់យើង ហើយយើងនឹងមិនបណ្តែតបណ្តោយឱ្យអំពើជួញដូរមនុស្សហ្នឹងកើតមានដោយយើងមិនបានធ្វើការបង្ក្រាបទេ»។ លោកស្រី ជូ ប៊ុនអេង បន្តថា អ្វីដែលរដ្ឋាភិបាលធ្វើគឺមិនមែនធ្វើតែម្នាក់ឯងនោះទេ គឺបានសហការជាមួយអង្គការដៃគូជាតិ អន្តរជាតិនិងអង្គការសហប្រជាជាតិ(UN)ដែលបានធ្វើការជាមួយគ្នា។ លោកស្រីថ្លែងថា ទោះបីជំងឺកូវីដ១៩រាតត្បាត ថែមទាំងមានពលករចំណាកស្រុកត្រឡប់មកកម្ពុជាជិត២០០ ០០០នាក់ក្នុងពេលតែមួយក្តី ក៏រដ្ឋាភិបាលបានទប់ស្កាត់មិនឱ្យនាំមនុស្សចេញទៅក្រៅប្រទេសដែលជាផ្នែកនៃការជួញដូរមនុស្ស និងបានបង្ក្រាបជាបន្តបន្ទាប់ សូម្បីអ្នកដែលមានឋានៈខ្ពស់ក្នុងជួរកងកម្លាំងក៏នៅតែត្រូវបានបង្ក្រាបដែរ។

លោកស្រីជូ ប៊ុនអេង ថ្លែងថា៖«យើងខំប្រឹងប្រឹងធ្វើគ្រប់មុខសញ្ញាទាំងអស់ ដោយសារយើងអត់បានបោះបង់ចោលនូវការងារស្នូលរបស់យើងទេ។ យើងនៅតែធ្វើ ហើយការងារប្រឆាំងកូវីដហ្នឹង គឺយើងចាត់ទុកជាការងារអំរែកមួយទៀតដែលយើងខំប្រឹងធ្វើទាំងអស់គ្នា»។ លោកស្រីបញ្ជាក់ថា៖«អ៊ីចឹងដល់ពេលថាមិនបំពេញតាមស្តង់ដា ឬមួយក៏តាមអីហ្នឹង ខ្ញុំគិតថា វាត្រឹមត្រូវហើយ ពីព្រោះមិនដឹងស្តង់ដាគាត់ហ្នឹងគាត់ចង់ឱ្យយ៉ាងម៉េចទេ។ ពីព្រោះអ្វីដែលយើងធ្វើ គឺធ្វើទី១ទៅតាមគោលការណ៍របស់យើងតាមផែនការក៏ដូចជាទៅតាមសមត្ថភាពឬលទ្ធភាពដែលយើងបានដាក់ចេញ»។ លោកស្រីរដ្ឋលេខាធិការ បន្តថា សូម្បីប្រមុខរាជរដ្ឋាភិបាលនៅពេលរាល់មានកិច្ចប្រជុំ ឬកិច្ចពិភាក្សាជាលក្ខណៈអន្តរជាតិក្នុងតំបន់ក៏ដោយ ក៏មិនដែលបំភ្លេចនូវអំពើជួញដូរមនុស្សនោះទេ ព្រោះវាជាអាទិភាពដែលរាជរដ្ឋាភិបាលត្រូវតែខំប្រឹងប្រយុទ្ធប្រឆាំង មិនឱ្យមានការរំលោភបំពានលើសិទ្ធិមនុស្សឬសេចក្តីថ្លៃថ្នូររបស់មនុស្សតាមរយៈការជួញដូរមនុស្ស។ បើតាមលោកស្រីជូប៊ុន អេង អាជ្ញាធរបានបង្ក្រាបការជួញដូរមនុស្សនៅក្នុងត្រីមាសដើមឆ្នាំនេះបាន៥៨ករណី ខណៈឆ្នាំមុនអាជ្ញាធរបានបង្ក្រាប២៧ករណី។

របាយការណ៍លើកឡើងថា ការខិតខំប្រឹងប្រែងទាំងនេះរួមមានការកែលម្អការប្រមូលទិន្នន័យនិងការត្រួតពិនិត្យការចោទប្រកាន់និងការផ្តន្ទាទោសអ្នកជួញដូរក៏ដូចជាទិន្នន័យអត្តសញ្ញាណជនរងគ្រោះនៅទូទាំងប្រទេស។ ការបន្តការស៊ើបអង្កេតការបន្តចោទប្រកាន់ និងការបន្តផ្តន្ទាទោសអ្នកជួញដូរ និងការបន្តអនុវត្តផែនការសកម្មភាពជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរ។ របាយការណ៍បន្តថា ក៏ប៉ុន្តែរដ្ឋាភិបាលមិនបានបង្ហាញឱ្យឃើញនូវការបង្កើនកិច្ចខិតខំប្រឹងប្រែងថែមទៀត ហើយអំពើពុករលួយនៅតែបន្តរារាំងដល់ការអនុវត្តច្បាប់ ការអនុវត្តនីតិវិធីព្រហ្មទណ្ឌ និងការផ្តល់សេវាការពារជនរងគ្រោះ។ របាយការណ៍បន្តថា រដ្ឋាភិបាលមិនបានផ្តល់ការការពារគ្រប់គ្រាន់ដល់ជនរងគ្រោះក្នុងនិងក្រៅប្រទេសទេ តែបែរជាពឹងផ្អែកខ្លាំងទៅលើម្ចាស់ជំនួយបរទេសនិងអង្គការក្រៅរដ្ឋាភិបាល ដើម្បីផ្តល់ការថែទាំជនរងគ្រោះ។ អំពើពុករលួយនិងកង្វះឆន្ទៈនយោបាយនឹងបន្តរារាំងដល់ការនាំខ្លួនអ្នកជួញដូរមនុស្សឱ្យទទួលខុសត្រូវ។

របាយការណ៍លើកឡើងថា ដោយសារវិធានការត្រួតពិនិត្យ និងគណនេយ្យភាពរបស់រដ្ឋាភិបាលមិនគ្រប់គ្រាន់ អាជ្ញាធរមិនបានស៊ើបអង្កេតការរាយការណ៍ដែលភាគច្រើនអាចជឿទុកចិត្តបានអំពីការឃុបឃិតគ្នា។ ជាពិសេសជាមួយម្ចាស់អាជីវកម្មដែលជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ដែលមានបុរសស្ត្រី និងកុមាររាប់ពាន់នាក់នៅទូទាំងប្រទេសនៅក្នុងកន្លែងកម្សាន្តនិងឡឥដ្ឋ។ បើតាមរបាយការណ៍ អាជ្ញាធរមិនបានចេញសេចក្តីណែនាំជាផ្លូវការដែលអនុញ្ញាតឱ្យប្រើបច្ចេកទេសស៊ើបអង្កេតសម្ងាត់ក្នុងប្រតិបត្តិការប្រឆាំងការជួញដូរ។ នេះគឺជាកត្តាដែលបន្តរារាំងដល់សមត្ថភាពមន្រ្តីក្នុងការនាំខ្លួនអ្នកជួញដូរផ្លូវភេទឱ្យទទួលខុសត្រូវពេញលេញ៕

website_news/2021060708.txt · Last modified: 2021/07/06 08:40 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki