website_news:2021060803

អាជ្ញាធរឃាត់ទុកពលករខ្មែរជាច្រើននាក់តាមព្រំដែនថៃជាបណ្តោះអាសន្នមិនទាន់ឱ្យចូលមកកម្ពុជា

https://www.kampucheathmey.com/ ថ្ងៃព្រហស្បតិ៍ ៥ សីហា ២០២១ដោយ deth leng

ពលករខ្មែរជាច្រើនដែលចង់វិលត្រឡប់មកកម្ពុជាត្រូវបានអាជ្ញាធរនៅតាមខ្សែបន្ទាត់ព្រំដែនខេត្តបន្ទាយមានជ័យធ្វើការឃាត់ទុកជាបណ្តោះអាសន្ននៅទឹកដីថៃ ដោយមិនទាន់អនុញ្ញាតឱ្យចូលមកកម្ពុជាវិញនោះទេ។ ចំណែកអាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏បានធ្វើសេចក្តីជូនដំណឹងទៅភាគីថៃឱ្យជួយសម្របសម្រួលបងប្អូនពលករខ្មែរដែលមានបំណងចង់វិលចូលប្រទេសកម្ពុជា ត្រូវផ្អាកចូលមកកម្ពុជារយៈពេល២សប្តាហ៍សិន ដែលជាវិធានការណ៍ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មី Delta ចូលក្នុងសហគមន៍។

តាមរយៈផេកហ្វេប៊ុករបស់អគ្គស្នងការនគរបាលជាតិបង្ហោះនៅថ្ងៃទី០៥ សីហានេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើការអំពាវនាវយ៉ាងទទូចដល់បងប្អូនពលករនៅប្រទេសថៃ ដែលមានបំណងចង់វិលត្រលប់មកកម្ពុជា សូមផ្អាកមួយរយៈសិន ដើម្បីជាការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ បម្លែងថ្មី Delta ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ក្នុងនោះខេត្តបន្ទាយមានជ័យ ក៏មានករណីរកឃើញវីរុសបម្លែងថ្មីប្រភេទ Delta នេះផងដែរ។

លោក ស្វាយ ជា អភិបាលស្តីទីស្រុកម៉ាឡៃ បានបញ្ជាក់ឱ្យដឹងដែរថា សម្រាប់នៅក្នុងស្រុកមានគោល៨កន្លែងដែលកងកម្លាំងឈេរជើងយាមកាមតាមបន្ទាត់ព្រំដែន២៤ម៉ោង លើ ២៤ម៉ោង និងមានការចុះល្បាតតាមគោលដៅសំខាន់ៗជាប់ជាប្រចាំ ដើម្បីទប់ស្កាត់ការលួចឆ្លងដែនចូលមកកម្ពុជាក្នុងដំណាកាល នៃការបិទខ្ទប់ខេត្តជាប់ព្រំដែន ពិសេសស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលមានព្រំទល់ជាប់នឹងប្រទេសថៃ។ លោកអភិបាលស្រុកស្តីទី បានឲ្យទៀតថាជាក់ស្តែងនៅថ្ងៃទី៤ ខែសីហា នេះមានបងប្អូនពលករចូលដល់ព្រំដែនប្រមាណ៨០នាក់ តែអាជ្ញាធរមិនទាន់ អនុញ្ញាតឱ្យចូលមកកម្ពុជាយើងឡើយ។ លោកបានបន្តថា«ក្រុមការងារចំរុះដែលប្រចាំការនៅទីនោះ បានផ្តល់ជា តង់ដេក អង្ករ រួមនឹងគ្រឿងឧបភោគបរិភោគ ជូនដល់ពួកគាត់សម្រាប់ដោះស្រាយមួយរយៈ ទម្រាំយើងទទួលបានបទបញ្ជារឲ្យបើកព្រំដែនវិញ»។

ប្រមុខរាជរដ្ឋាភិបាល បានសម្រេចដាក់ចេញវិធានការបិទខ្ទប់បណ្តារខេត្តជាប់ព្រំដែន ពិសេសព្រំដែននៃព្រះរាជាណាចក្រថៃឡងដ៍រយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី៣០ ខែកក្កដារហូតដល់ថ្ងៃទី១២ខែសីហាឆ្នា២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ បម្លែងខ្លួនថ្មីDelta ដែលកំពុងមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជាដែលភាគច្រើនឆ្លងទៅលើបងប្អូនពលករដែលធ្វើដំណើរមកពីប្រទេសថៃ។ គិតដល់ថ្ងៃទី៣ ខែសីហា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩បំប្លែងថ្មីដែលតា ចំនួន២៦០នាក់ ស្រី១២៥នាក់ ដែលជាពលករមកពីប្រទេសថៃ បុគ្គលិកសុខាភិបាល អ្នកធ្វើដំណើរតាមយន្តហោះនិងប្រជាពលរដ្ឋក្នុងសហគមន៍៕ ដោយៈ សំអឿន

website_news/2021060803.txt · Last modified: 2021/08/06 11:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki