website_news:2021060806

អាជ្ញាធរខេត្តច័ន្ទបុរី ត្រៀមទីតាំង៣កន្លែងសម្រាប់ពលករខ្មែរស្នាក់នៅ ខណៈព្រំដែនកម្ពុជាត្រូវបានបិទខ្ទប់

https://www.kampucheathmey.com/ ថ្ងៃសុក្រ ៦ សីហា ២០២១ដោយ Sokhom Khon

លោក សុធី ថងយ៉ែម អភិបាលខេត្តច័ន្ទបុរី បានអញ្ជើញចុះពិនិត្យផ្ទាល់ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ទៅលើទីតាំងក្បែរខ្សែបន្ទាត់ព្រំដែនថៃ-កម្ពុជា ដើម្បីរកកន្លែងសម្រាប់ឲ្យពលករខ្មែរដែលបម្រុងឆ្លងដែនចូលមកកម្ពុជាស្នាក់នៅជាបណ្តោះអាសន្ន។ បច្ចុប្បន្នគឺមានទីតាំង២កន្លែងហើយដែលបាននឹងកំពុងដាក់ឲ្យពលករខ្មែរស្នាក់នៅជាង១០០នាក់ ដោយទីតាំងទី១ ក្បែរកងរយលេខ១១៤ ក្នុងភូមិបានតារឿង ឃុំប៉ាដុង ស្រុកសយដាវ និងទីតាំងទី២គឺ ក្បែរកងរយលេខ១១៥ ក្នុងភូមិបានពោងកៅ ឃុំពោងណាំរ៉ន ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ។ ថ្មីៗនេះអាជ្ញាធរខេត្តច័ន្ទបុរី បានកំណត់យកទីតាំង១កន្លែងទៀត ដែលជាទីតាំងទី៣ សម្រាប់ដាក់ពលករបន្ថែម ក្នុងខេត្តច័ន្ទបុរី គឺទីលានចំណតរថយន្តរបស់ក្រុមហ៊ុន ផៃរិនគ្រុប ដែលស្ថិតនៅក្បែរច្រកអន្តរជាតិបានផាកាត ព្រោះទីនោះអាចដាក់គ្រែបានប្រមាណជាង៥០គ្រែ។

នៅក្នុងដំណាក់កាលនៃការបិទខ្ទប់ព្រំដែននៃខេត្តដែលជាប់នឹងប្រទេសថៃ ចាប់ពីយប់ថ្ងៃទី២៩ ដល់ថ្ងៃទី១២ ខែសីហានេះ អាជ្ញាធរខេត្តច័ន្ទបុរី បានចាត់អោយមានអាហារ៣ពេល និងមានក្រុមគ្រូពេទ្យនៅពិនិត្យ តាមដានសុខភាពរបស់ពលករខ្មែរទាំងអស់នោះផង រហូតដល់ថ្ងៃដែលអាចវិលចូលទៅកាន់មាតុភូមិរបស់ខ្លួនវិញបាន៕អត្ថបទ ៖ សោ និយមរ័ត្ន

website_news/2021060806.txt · Last modified: 2021/08/06 11:37 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki