website_news:2021060807

អាជ្ញាធរខេត្តបន្ទាយមានជ័យ រិតបន្តឹងតាមបន្ទាត់ព្រំដែនខណៈ ពលករខ្មែរចង់វិលត្រលប់មកកម្ពុជា ត្រូវបានអាជ្ញាធរតាមបន្ទាត់ព្រំដែន ឃាត់ទុកបណ្តោះអាសន្នមិនទាន់ឲ្យវិលចូលកម្ពុជា

http://cambodiapolice.com/policekh/ 11:06 am 5 សីហា 2021

ខេត្តបន្ទាយមានជ័យ ៖ ក្រោយពីប្រមុខរាជរដ្ឋាភិបាល បានសម្រេចដាក់ចេញវិធានការបិទខ្ទប់បណ្តារខេត្តជាប់ព្រំដែន ពិសេសព្រំដែននៃព្រះរាជាណាចក្រថៃឡងដ៍ ដើម្បីជាវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ បម្លែងខ្លួនថ្មីDelta ដែលកំពុងមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជា ជាមួយការបិទខ្ទប់តាមបន្ទាត់ព្រំដែនរយៈពេល២សប្តាហ៍ ពិសេសបងប្អូនពលករដែលធ្វើការនៅប្រទេសថៃ ។ អាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏បានធ្វើសេចក្តីជូនដំណឹងមួយជូនទៅភាគីថៃ ក្នុងការជួយសម្របសម្រួលបងប្អូនពលករកម្ពុជាដែលមានបំណងចង់វិលចូលប្រទេសកម្ពុជា ត្រូវផ្អាកចូលមកកម្ពុជារយៈពេល២សប្តាហ៍សិន ដែលជាវិធានការណ៍ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បម្លែងថ្មី Delta ចូលក្នុងសហគមន៍ ។

ដោយឡែកចំពោះសភាពការណ៍នៅតាមព្រំដែនឯណោះវិញ តាមការបញ្ជាក់ពីលោក អែម សុខា អភិបាលស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានប្រាប់នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២១ម្សិលមិញនេះថា៖ បងប្អូនពលករនៅតែបន្តចូលមកកម្ពុជា ក្នុងដំណាក់កាលនៃការបិទខ្ទប់ ក្នុងនោះអាជ្ញាធរក៏បានធ្វើការសម្របសម្រួលឲ្យពួកគាត់សម្រាកនៅព្រំដែនដែលក្រុមការងារចំរុះបានរៀបចំកន្លែងស្នាក់នៅក្នុងតំបន់“ស”ខាងកម្ពុជាជាបណ្តោះអាសន្នសិន ។

លោក អភិបាលស្រុក ក៏បានបញ្ជាក់បន្ថែមថា ៖ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១កន្លងទៅ អគ្គកុងស៊ុល បានចាត់លោក ណុប រដ្ឋា ជាកុងស៊ុល និងជាតំណាងលោកអគ្គកុងស៊ុល ដឹកនាំមន្ត្រីនៃស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ចុះជួបសួរសុខទុក្ខបងប្អូនពលករខ្មែរ ចំនួន២១៦ នាក់ ដែលបានធ្វើដំណើរពីខេត្តផ្សេងៗ ក្នុងប្រទេសថៃ មានបំណងចង់វិលត្រឡប់ទៅកម្ពុជាវិញ។ បច្ចុប្បន្នពួកគាត់កំពុងជាប់នៅតាមព្រំដែនកម្ពុជា-ថៃ ស្ថិតនៅស្រុកតាប្រាយ៉ា ខេត្តសាកែវ ទល់នឹងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ តែដោយសារខេត្តបន្ទាយមានជ័យ កំពុងស្ថិតក្រោមការបិទខ្ទប់ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីត-១៩ ស្ថានអគ្គកុងស៊ុលបាន សហការជាមួយអាជ្ញាធរពាក់ព័ន្ធទាំងកម្ពុជា-ថៃ ដើម្បីដឹកពួកគាត់ទៅកន្លែងដែលមានសុវត្ថិភាពនិងជួយរៀបចំកន្លែងស្នាក់នៅបណ្ដោះអាសន្ន ។

មួយវិញទៀត បើតាមការបញ្ជាក់ឲ្យដឹងពីលោក ស្វាយ ជា អភិបាល ស្តីទីស្រុកម៉ាឡៃ បានបញ្ជាក់ឲ្យដឹងដែរថា ៖ សម្រាប់នៅក្នុងស្រុកមានគោល៨កន្លែងដែលកងកម្លាំងឈេរជើងយាមកាមតាមបន្ទាត់ព្រំដែន២៤ម៉ោងលើ២៤ម៉ោង និងមានការចុះល្បាតតាមគោលដៅសំខាន់ៗជាប់ជាប្រចាំ ទប់ស្កាត់ការលួចឆ្លងដែនចូលមកកម្ពុជាក្នុងដំណាកាលនៃការបិទខ្ទប់ខេត្តជាប់ព្រំដែន ពិសេសស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលមានព្រំទល់ជាប់នឹងប្រទេសថៃ។ លោកអភិបាលស្រុក ស្តីទី ក៏មានឲ្យដឹងដែរថា ៖នៅថ្ងៃទី៤ ខែសីហា នេះមានបងប្អូនពលករចូលដល់ព្រំដែនប្រមាណ៨០នាក់ តែអាជ្ញាធរមិនទាន់ អនុញ្ញាតិឲ្យចូលមកកម្ពុជាយើងឡើយ។ ក្នុងនោះក្រុមការងារចំរុះដែលប្រចាំការនៅទីនោះ បានផ្តល់ជា តង់ដេក អង្ករ រួមនឹងគ្រឿងឧបភោគបរិភោគ ជូនដល់ពួកគាត់សម្រាប់ដោះស្រាយមួយរយៈ ទម្រាំយើងទទួលបានបទបញ្ជារឲ្យបើកព្រំដែនវិញ។ លោក ស្វាយ ជា ក៏បានបន្ថែមទៀតថា ៖ ក្នុងដំណាក់នៃការបិទខ្ទប់នេះដែរ ក៏មានការចូលរួមយ៉ាងផុសផុលពីសប្បុរសជនក្នុងការចូលរួមឧបត្ថម្ភជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគ សម្រាប់ចែកជូនបងប្អូនពលករ ហើយខាងភាគីថៃក៏មានកិច្ចសហការយ៉ាងល្អជាមួយភាគីកម្ពុជាយើងផងដែរ។

ទន្ទឹមនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ ក៏បានធ្វើការអំពាវនាវយ៉ាងទទូចដល់បងប្អូនពលករ នៅប្រទេសថៃ ដែលមានបំណងចង់វិលត្រលប់មកកម្ពុជា សូមផ្អាកមួយរយៈសិន ដើម្បីជាការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ បម្លែងថ្មី Delta ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ក្នុងនោះខេត្តបន្ទាយមានជ័យ ក៏មានករណីរកឃើញវីរុសបម្លែងថ្មីប្រភេទ Delta នេះផងដែរ។ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវបន្ថែមដល់ពលរដ្ឋត្រូវបន្តអនុវិធានការណ៍របស់សុខាភិបាលឲ្យបានល្អ ពិសេសបន្តអនុវត្តវិធានការ “៣ការពារ ៣កុំ ” ឲ្យបានខ្ជាប់ខ្ជួន ទាំងអស់គ្នា ៕

website_news/2021060807.txt · Last modified: 2021/08/06 11:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki