website_news:2021060904

ពលករខ្មែរ ៤៨ នាក់ លបឆ្លងដែនខុសច្បាប់ ពីខេត្តប៉ៃលិនទៅខេត្តច័ន្ទបុរីដើម្បីបេះផ្លែមៀន ត្រូវទាហានឈុតខ្មៅថៃ ចាប់ខ្លួន

https://www.kampucheathmey.com/ ថ្ងៃសៅរ៍ ៤ កញ្ញា ២០២១ដោយ Kang Tola

ពលករខ្មែរចំនួន ៤៨ នាក់ ត្រូវបានក្រុមទាហានឈុតខ្មៅថៃ ចាប់ខ្លួន ខណ:ដែលពួកគេលបឆ្លងដែនដោយខុសច្បាប់ ចូលទឹកដីថៃ ដើម្បីធ្វើជាកម្មករបេះផ្លែមៀននៅក្នុងខេត្តច័ន្ទបុរី។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចភូមិ៤ ក្នុងឃុំខ្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ។ នៅមុនពេលឃាត់ខ្លួនគឺមានពលករខ្មែរចំនួន ៤៨នាក់ បានលបឆ្លងព្រំដែនចូលទៅក្នុងទឹកដីថៃ ដោយបាននាំគ្នាដើរកាត់តាមចំការ ស្របពេលដែលកម្លាំងទាហានឈុតខ្មៅថៃ កំពុងល្បាតក៏បានស្ទាក់ចាប់ ក្នុងនោះប្រុស ១៨ ស្រី ២៣ នាក់ និងក្មេងតូចៗ ៧ នាក់។ ក្រោយការចាប់ខ្លួនពលករខ្មែរបានសារភាពថា ពួកគេមកពីខេត្តប៉ៃលិន ដោយចូល តាមច្រករបៀងកាត់ព្រៃ ដើម្បីទៅធ្វើការនៅក្នុងចំការមៀន ក្នុងខេត្តច័ន្ទបុរី ដោយក្នុងម្នាក់ៗត្រូវចំណាយឲ្យមេខ្យល់ ៥.០០០ បាត តែក៏ត្រូវឃាត់ខ្លួនតែម្តង។ ក្រោយពេលឃាត់ខ្លួន ក្រុមយោធាថៃបានសង្កេតឃើញថា ពួកគេគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវឡើយ ទើបត្រួតពិនិត្យសុខភាពពួកគេទាំងអស់ និងបានបញ្ជូនទៅឲ្យភាគីកម្ពុជាវិញ ដើម្បីធ្វើចត្តាឡីស័ក ៕ អត្ថបទ ៖ សោ និយមរ័ត្ន

website_news/2021060904.txt · Last modified: 2021/09/06 09:34 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki