website_news:2021061202

អភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ពង្រឹងសម្ព័ន្ធមេត្រីភាព និងសម្របសម្រួលឲ្យពលករខ្មែរចូលទៅធ្វើការនៅប្រទេសថៃឡើងវិញ

https://swiftnewsdaily.com/ SWIFT NEWS ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១

(បាត់ដំបង)៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខត្តប៉ៃលិន បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្តបាត់ដំបង ប៉ៃលិន ចូលរួមប្រជុំពិភាក្សាការដើម្បីពង្រឹងកិច្ចសម្ព័ន្ធមេត្រីភាព សហប្រតិបត្តិការរវាងខេត្តបាត់ដំបង ខេត្តប៉ៃលិន នៃព្រះរាជាណាចក្រកម្ពុជា និងចន្ទបុរី នៃព្រះរាជាណាចក្រថៃ ដឹកនាំដោយ ឯកឧត្តម សុថេ ថងយ៊ាំ អភិបាលខេត្ត ច័ន្ទបុរី នៃព្រះរាជាណាចក្រថៃ។ នេះបើតាមព័ត៌មានដែល Swift News ទទួលបាននៅថ្ងៃទី៣ ខែធ្នូនេះ។ ក្នុងកិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពីភាគីនៃប្រទេសថៃ គណៈប្រតិភូមកពីខេត្តបាត់ដំបង ខេត្តប៉ៃលិន ដែលមានប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តព្រមទាំងមន្រ្ដីរាជការដែលពាក់ព័ន្ធមួយចំនួនផងដែរ ។ កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិភាក្សាការងារក្នុងការសម្របសម្រួល និងនីតិវិធីជូនដល់ដល់ពលករ ដែលត្រូវចូលធ្វើការនៅក្នុង ខេត្តច័ន្ទបុរី នៃព្រះរាជាណាចក្រថៃ ក្នុងកំឡុងពេលដែលប្រទេសថៃគ្រោងនឹងធ្វើការបើកច្រកទ្វារព្រំដែន ទទួលពលករដែលនៅក្នុងខេត្តបាត់ដំបង នាពេលខាងមុខនេះ។ ដោយឡែក ចំពោះការអនុញ្ញាតឲ្យពលករអាចចូលទៅធ្វើការនៅឯប្រទេសថៃ គឺត្រូវអនុវត្តវិធានការសុខាភិបាល នៃប្រទេសទាំង២ និងត្រូវតែមានការចាក់វ៉ាក់សាំងកូវីដ-១៩ បានពេញលេញ (២ដូស) ត្រូវធ្វើតេស្តរកកូវីដ-១៩ និងធ្វើចាត្តាឡីស័ក ហើយពលករទាំងនោះត្រូវបានម្ចាស់អាជីវកម្ម ឬសហគ្រាសរបស់ភាគីថៃ ទំនាក់ទំនងផ្ទាល់ និងទទួលខុសត្រូវលើពលករនោះ៕

website_news/2021061202.txt · Last modified: 2021/12/06 10:10 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki