website_news:2021061203

ថៃកំពុងខ្វះកម្លាំងពលកម្ម ខណៈពេលពលករមីយ៉ាន់ម៉ាប្រថុយជីវិតមកធ្វើការ

https://www.postkhmer.com/ Publication date 03 December 2021 | 11:15 ICT

ថៃចាប់ផ្ដើមបើកប្រទេសបណ្ដើរៗវិញហើយ ខណៈពេលដែលស្ថានភាពកូវីដ ១៩ នៅព្រះរាជាណាចក្រក្នុងអាស៊ីអាគ្នេយ៍មួយនេះនៅតែស្ថិតក្នុងកម្រិតមួយខ្ពស់ ធៀបនឹងប្រទេសជិតខាងតែចំនួនអ្នកចាក់វ៉ាក់សាំងនៅថៃមានប្រមាណ ៥៨ ភាគរយឯណោះ។ ព្រំដែននៃប្រទេសនេះចាប់ផ្ដើមបើកសម្រាប់វិស័យទេសចរណ៍ហើយជាពិសេសនោះ គឺថៃស្វាគមន៍ចំពោះការវិលត្រឡប់នូវពលករបរទេសមកពីប្រទេសជិតខាង ដែលរួមមាន កម្ពុជា ឡាវ និង មីយ៉ាន់ម៉ា។

កាលពីខែវិច្ឆិកា កន្លងទៅនេះ លោក Suchart Chomklin រដ្ឋមន្ត្រីក្រសួងការងារថៃបានលើកឡើងថា លោករំពឹងថា ពលករចំនួន ១០ ម៉ឺននាក់ នឹងត្រឡប់មកធ្វើការនៅថៃវិញ ស្របពេលដែលថៃកំពុងតែខ្វះកម្លាំងពលកម្មចំនួន ៣០ ម៉ឺននាក់។ បើតាមលោករដ្ឋមន្ត្រីខាងលើថៃបានបម្រុងទុកវ៉ាក់សាំងប្រឆាំងកូវីដ ១៩ ចំនួន ៥០ ម៉ឺនដូស សម្រាប់ពលករបរទេស។ពលករដែលត្រឡប់មកវិញត្រូវធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ ហើយត្រូវមានលទ្ធ-ផលអវិជ្ជមានពេលធ្វើតេស្ត PCR ឬតេស្តរហ័ស។

ជាមួយគ្នានេះដែរលោក Thanavath Phonvichai ប្រធាននៃសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃបានប្រាប់សារព័ត៌មាន Bloomberg ថា៖ «យើងខ្វះកម្លាំងពលកម្មបញ្ចៀសក្នុងការធ្វើការធ្ងន់ៗ និងពិបាកៗដូច្នេះហើយការងារទាំងនេះត្រូវបានបំពេញជំនួសវិញដោយពលករបរទេស»។ «នេះជារឿងចាំបាច់ណាស់ក្នុងការនាំពលករមកវិញ។ បើមិនអ៊ីចឹងទេ ផលិតកម្មទាំងនៅក្នុងការងារកសិកម្មនិងវិស័យផលិតនឹងមិនសម្រេចបានគោលដៅនោះទេ ហើយបញ្ហានេះអាចនឹងប៉ះពាល់ដល់ការស្ដារសេដ្ឋកិច្ច»។ នេះបើតាមការបន្ថែមរបស់លោក Thanavath។

ប្រទេសថៃមានពលករស្របច្បាប់សរុប ២,៣ លាននាក់គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២០ និងជាពេលអាជ្ញាធរថៃចាត់វិធានការលើពលករខុសច្បាប់ស្របពេល ដែលមានការផ្ទុះរាលដាលនៃជំងឺឆ្លង។ នេះបើតាមរបាយការណ៍ របស់អង្គការពលកម្មអន្តរជាតិ (ILO)។ យ៉ាងណាមិញ ស្ថិតិនៃពលករមិនចុះបញ្ជីស្នាមច្បាស់លាស់មានច្រើនជាងនេះឆ្ងាយណាស់បើយោងតាមការព្យាកររបស់អ្នកតាមដាននានា។ ជាក់ស្ដែងនៅក្នុងតែវិស័យកសិកម្មមានពលករខុសច្បាប់ពីចំនួន ៧០ ម៉ឺននាក់ ទៅ ១ លាននាក់ឯណោះ។ នេះបើតាមការអះអាងរបស់លោក Tanat Sorat អនុប្រធានសហព័ន្ធនិយោជកថៃនៃពាណិជ្ជកម្មនិងឧស្សាហកម្ម។

សម្រាប់ពលករមីយ៉ាន់ម៉ាវិញស្ថានភាពហាក់បីដូចជាលំបាកជាងពលករមកពីប្រទេសផ្សេងទៀត ហើយរឿងរ៉ាវទាំងអស់គឺដោយសារតែព្រឹត្តិការណ៍រដ្ឋប្រហារខែកុម្ភៈកន្លងទៅ។ ពលរដ្ឋមីយ៉ាន់ម៉ាជាច្រើនពុះពារចូលដីថៃទាំងកាត់ភ្នំ កាត់កំពង់ផែហើយជាពិសេសប្រឈមនឹងបញ្ហាសន្តិសុខក៏ដូចជាបញ្ហារឿងក្រដាសស្នាមក្នុងការធ្វើដំណើរ និងរឿងលិខិតឆ្លងដែននេះតែម្ដង។ ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារមកស្ថានភាពមីយ៉ាន់ម៉ាមានភាពច្របូកច្របល់ដោយមានការប៉ះទង្គិចគ្នារវាងកងទ័ពនៃរដ្ឋធានីណៃពិដោ និងកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចនានាដែលជាពិសេសនៅក្បែរព្រំដែនថៃតែម្ដង។ យ៉ាងណាមិញ ដើម្បីតែក្រពះជនជាតិមីយ៉ាន់ម៉ាជាច្រើនសុខចិត្តប្រថុយជីវិតគេចចេញពីភាពកលយុគក្នុងស្រុក ហើយប្រថុយនឹងការចាប់ខ្លួនរបស់អាជ្ញាធរថៃទៀតផង។

បើតាមលោក Sithu ដែលជាពលករមីយ៉ាន់ម៉ានៅថៃ ១ រូប បានប្រាប់សារព័ត៌មាន Al Jazeera ថា ជនរួមជាតិរបស់លោកដែលធ្វើការនៅស្រុកថៃត្រូវបានចាប់ខ្លួនជាញឹកញយនៅប៉ុន្មានខែចុងក្រោយនេះ ដោយសារតែធ្វើការក្រៅម៉ោងដែលមិនមានច្បាប់អនុញ្ញាត។ យ៉ាងណាមិញក្រោយមកខាងថៅកែថៃបង់ពិន័យឱ្យប៉ូលិសថៃ ដើម្បី រំលោះយកពលករមកវិញ។ «ថៅកែថៃនឹងយកគ្រប់គ្នាមកធ្វើការនៅពេលនេះមិនថា ស្របច្បាប់ ឬខុសច្បាប់ទេ។ ពួកគេអត់មានបុគ្គលិកធ្វើការទេ ហើយពួកគេគ្មានជម្រើសអ្វីនោះទេ»។ នេះបើតាមការបន្ថែមរបស់លោក Sithu។ទូរទស្សន៍ថៃបានបញ្ចាំងពីសកម្មភាពប៉ូលិសថៃក្នុងការចាប់ខ្លួនពលករមីយ៉ាន់ម៉ាខុសច្បាប់ជាច្រើននាក់។

ស្រដៀងគ្នានឹងការលើកឡើងរបស់លោក Sithu ដែរ តំណាងនៃក្រុមតស៊ូមតិ ដើម្បីការពារសិទ្ធិពលករបានអះអាងថា ពលករមីយ៉ាន់ម៉ារាប់ពាន់នាក់នៅតែបានចូលធ្វើការដដែល។ នេះក៏ដោយសារតែពលករមីយ៉ាន់ម៉ាគិតថា ពួកគេនឹងមិនដាច់ពោះទេទោះជាបានការងារមិនល្អក៏ដោយនៅស្រុកថៃ។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera ក្នុងរយៈចុងក្រោយនេះតម្រូវការពលករមីយ៉ាន់ម៉ាមានការកើនឡើងចំណោមនិយោជកថៃ។ នៅតាមជញ្ជាំងអគារនានាខិត្តប័ណ្ណផ្សព្វផ្សាយការងារត្រូវបានរុះចោលដោយអាជ្ញាធរថៃតែបើតាមបណ្ដាញសង្គមហ្វេសប៊ុកវិញមានការបង្ហោះជាច្រើន ដែលប្រកូកប្រកាសត្រូវការមនុស្សមកធ្វើការ។

នៅក្នុងគ្រុបហ្វេសប៊ុកនៃសហគមន៍ជនជាតិមីយ៉ាន់ម៉ាមានការបង្ហោះមួយចំនួនដូចជា «ត្រូវការបុរសមីយ៉ាន់ម៉ាក្នុងចំនួនដ៏ធំ ដើម្បីមកធ្វើការនៅរោងចក្រ។ ឱ្យតែមានលិខិតឆ្លងដែនគឺគ្រប់គ្រាន់ហើយ»។ ការបង្ហោះមួយផ្សេងទៀតបានឱ្យដឹងថា «ប្រសិនបើមិនមានក្រដាសស្នាមទេគេក៏ទទួលយកលោកអ្នកមកធ្វើការបានដូចគ្នា»។

Al Jazeera បានចុះផ្សាយថា ក្រុមហ៊ុនថៃមួយចំនួនឱ្យកម្រៃជើងសារដល់មេខ្យល់ប្រមាណ ១០០ ដុល្លារអាមេរិកសម្រាប់កម្មករសំណង់ម្នាក់ហើយបង់ថ្លៃ ១៥ ទៅ ២០ ដុល្លារសម្រាប់កម្មកររោងចក្រ ដើម្បីឱ្យមេខ្យល់នាំពលករចូលក្នុងស្រុកថៃ។ មេខ្យល់មីយ៉ាន់ម៉ាម្នាក់ ដែលមានមូលដ្ឋាននៅកំពង់នេសាទខេត្តសមុទ្រសាគរ ដែលជាខេត្តនៅក្បែររាជធានីបាងកកបាននិយាយថា ពលករមីយ៉ាន់ម៉ាដែលបានចាប់ខ្លួននោះនឹងមិនបញ្ជូនទៅស្រុកវិញទេតែថៅកែត្រូវបង់ថ្លៃក្រោមតុ ដើម្បីលោះយកពលករទាំងនោះ។ «ខ្ញុំត្រូវបានគេហៅរាល់ថ្ងៃខាងកន្លែងធ្វើសំណង់គេត្រូវការកម្មករ ៣០០ ទៅ ៥០០ នាក់ ហើយពួកគេនឹងទទួលយកអ្នកគ្មានក្រដាសស្នាមដូចគ្នាពួកគេគ្មានជម្រើសទេ»។ នេះបើតាមការអះអាងរបស់មេខ្យល់រូបនោះប្រាប់សារព័ត៌មាន Al Jazeera៕ ហ៊ីម រដ្ឋា

website_news/2021061203.txt · Last modified: 2021/12/06 10:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki