website_news:2021061205

កម្លាំងអាជ្ញាធរកម្ពុជា ឃាត់ខ្លួនពលករថៃឆ្លងដែនខុសច្បាប់ចំនួន១៤៣នាក់ មកធ្វើការនៅក្រុងប៉ោយប៉ែត

https://www.kampucheathmey.com/ ថ្ងៃអាទិត្យ ៥ ធ្នូ ២០២១ដោយ Sophal Tuon

ខេត្តបន្ទាយមានជ័យ៖ ពលករថៃបានលួចមកធ្វើការនៅក្រុងប៉ោយប៉ែតជាជនអន្តោប្រវេសន៍ខុសច្បាប់ ត្រូវកម្លាំងអាជ្ញាធរខ្មែរ ឃាត់ខ្លួនបានចំនួន ១៤៣នាក់ ក្នុងនោះមានស្រី៥៦នាក់ ត្រូវបានសមត្ថកិច្ចខ្មែរ ចាប់បញ្ជូនត្រឡប់ទៅមាតុភូមិនិវត្តន៍វិញ កាលពីសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១។ ពិធីប្រគល់ប្រគល់ពលករថៃឲ្យត្រឡប់ទៅប្រទេសវិញរវាងភាគីកម្ពុជា-ថៃ បានធ្វើឡើងនៅលើស្ពានមិត្តភាពកម្ពុជា -ថៃ នាច្រកព្រំដែនអន្តរជាតិអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក លោកស្រី ឧត្តមសេនីយ៍វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យចំណុះផែនការងារអន្តោប្រវេសន៍ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតជាច្រើននាក់ ។ ចំណែកខាងភាគីថៃដឹកនាំប្រតិភូមកទទួលលោកឧត្តមសេនីយ៍ទោ សុរិឆេត ហាក់ផាន (SORICHHET HAKPHAN) ជំនួយការអគ្គស្នងការនគរបាលជាតិថៃ និងតំណាងស្ថានទូត ស្ថានកុងស៊ុល មន្ត្រីក្រសួងការងារ និងក្រុមការងារទំនាក់ទំនងព្រំដែនថៃ-កម្ពុជា ។

ពាក់ពន្ធ័ករណីខាងលើនេះ លោកឧត្តមសេនីយ៍ត្រី អេង លីហួ ស្នងការរងទទួលការងារផែនអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បាននិយាយថា ជនអន្តោប្រវេសន៍ជាពលករថែទាំង ១៤៣ នាក់នេះ ត្រូវបានចាប់បញ្ជូនទៅប្រទេសកំណើតវិញហើយ ។ ពួកគេពាក់ព័ន្ធករណីលួចឆ្លងដែនចូលកម្ពុជាតាមរយៈមេខ្យល់ ហើយមកស្នាក់នៅក្រុងប៉ោយប៉ែតធ្វើការខុសច្បាប់។ គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២១ នៅលើស្ពានមិត្តភាពកម្ពុជា ថៃនៃច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត -ខ្លងលឹក អាជ្ញាធរខ្មែរ ក៏បានប្រគល់ជនអន្តោប្រវេសន៍ ខុសច្បាប់ជនជាតិថៃ ចំនួន ៦៦នាក់ ក្នុងនោះ ស្រី២៤នាក់ផងដែរ ៕ វ៉ាន់ ណាង

website_news/2021061205.txt · Last modified: 2021/12/06 10:17 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki