website_news:2021070606

បញ្ជូនពលករខ្មែរ៤នាក់ពីប្រទេសឡាវឲ្យវិលត្រឡប់មកកម្ពុជា

https://www.rasmeinews.com/ 5 June, 2021

ដោយ: សុខុម / ស្ទឹងត្រែង: ស្ថានអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតឡាវ បានបញ្ជូនពលករដែលបម្រើការងារនៅទីនោះ ឲ្យវិលត្រឡប់មកស្រុកកំណើតវិញចំនួន៤នាក់ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានអគ្គរាជទូតកម្ពុជាប្រចាំ ស.ប.ប.ឡាវ បានបង្ហោះនៅព្រឹកថ្ងៃទី៥ មិថុនាថា ស្ថានទូតសហការជាមួយស្ថានអគ្គកុងស៊ុលកម្ពុជានៅទីក្រុងប៉ាក់សេ បានបញ្ជូនពលករខ្មែរចំនួន៤នាក់ ដោយជួយសម្រួលដំណើរ និងបំពេញបែបបទនៅច្រកទ្វារព្រំដែនអន្តរជាតិណងណុកខៀន- ត្រពាំងក្រៀលមកប្រទេសកម្ពុជា។ ពលរដ្ឋខ្មែរឈ្មោះ សន ខាំគន់ ភេទប្រុស អាយុ ២៧ឆ្នាំ មានស្រុកកំណើតនៅខេត្តក្រចេះ ត្រូវបានសមត្ថកិច្ចឡាវឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ពីបទឆ្លងដែនចូលឡាវខុសច្បាប់ និងពិន័យជាប្រាក់ ១០០ដុល្លារអាមេរិក។ ជាមួយនោះស្ថានទូតបានជួយអន្តរាគមន៍ដោះលែង និងជួយបង់ប្រាក់ពិន័យខាងលើ។

ស្ថានទូតបានផ្តល់ការស្នាក់នៅ និងអាហារហូបចុករយៈពេល ១០ថ្ងៃ ទិញសម្លៀកបំពាក់ បង់ថ្លៃធ្វើតេស្តជំងឺកូវីដ-១៩ និងថវិការចំនួន ១៥០ដុល្លារសម្រាប់ដាក់តាមខ្លួនដល់ពលករខាងលើ។ បន្ថែមពីនេះដោយរដ្ឋាភិបាលឡាវ បន្តបិទប្រទេសរហូតដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ មិនអនុញ្ញាតឱ្យរថយន្តដឹកអ្នកដំណើរចេញ-ចូលឆ្លងខេត្តបាន ស្ថានទូតបានជួយសម្រួលដំណើរដល់ពលរដ្ឋខ្មែរចំនួន ៣នាក់ទៀត ដែលបម្រើការនៅកាស៊ីណូនាទីក្រុងវៀងច័ន្ទ ត្រូវចប់អាណត្តិការងារអាចវិលត្រឡប់ទៅកម្ពុជានៅថ្ងៃនេះ ផងដែរ៕

website_news/2021070606.txt · Last modified: 2021/06/07 11:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki