website_news:2021070608

កម្លាំងសមត្ថកិច្ចថៃឃាត់ខ្លួនជនជាតិថៃ ប្រុស-ស្រី ២៥នាក់ជាបន្តបន្ទាប់ លួចឆ្លងដែនចូលមកកម្ពុជា ដើម្បីទៅធ្វើការនៅកាស៊ីណូ

http://gntimes.com/ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១

បន្ទាយមានជ័យ ៖ កម្លាំងទាហានកងកម្លាំងបូផា ខេត្តស្រះកែវ ប្រទេសថៃ បានឃាត់ខ្លួនជនជាតិថៃមកពីតំបន់ភាគខាងជើង និងមកពីតាមបណ្តាខេត្តមួយចំនួនទៀតជាបន្តបន្ទាប់សរុបប្រមាណ ២៥នាក់ រួមទាំងមេខ្យល់ និងអ្នកមើលផ្លូវចំនួន៥នាក់ ខណៈពេលកំពុងលួចឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជានៅពេលយប់ ក្នុងភូមិសាស្រ្តស្រុក គោកឃ្យូង ដើម្បីទៅធ្វើការនៅកាស៊ីណូអនឡាញ ក្នុងក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ នៃប្រទេសកម្ពុជា ។

បើតាមសេចក្ដីរាយការណ៍ ពីសមត្ថកិច្ចនៅបន្ទាត់ព្រំដែនកាលថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា៖ អនុវត្តតាមវិធានការរឹតបន្តឹងការលួចឆ្លងដែនចូលប្រទេសដោយខុសច្បាប់ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ អាជ្ញាធរខេត្តស្រះកែវ បានដាក់ចេញនូវបទបញ្ជាឲ្យបង្កើតប៉ុស្ត៍ទប់ស្កាត់ ក្នុងភូមិសាស្រ្តតាមបន្ទាត់ព្រំដែន ។ លុះនាពេលយប់កន្លងមក សមត្ថកិច្ចទាហានឈុត តាប់ប្រាយ៉ា កងកម្លាំងបូផា បានទទួលសេចក្ដីរាយការណ៍ពី ក្រុមចល័តរហ័សកងកម្លាំងបូផា ដែលដាក់ប៉ុស្ត៍ត្រួតពិនិត្យប្រចាំ ក្នុងទឹកដីស្រុក គោកឃ្យូង ខេត្តស្រះកែវ បានប្រទះឃើញរថយន្តគួរឲ្យសង្ស័យ នាំក្រុមមនុស្សលួចចេញក្រៅប្រទេសដោយខុសច្បាប់ ទើបចាត់កម្លាំងចល័តរហ័សរបស់ស្រុកតាប់ប្រាយ៉ា រួមជាមួយកងការពារព្រំដែនទី១២ ចូលទៅត្រួតពិនិត្យ និងបានឃាត់ខ្លួនក្រុមជនជាតិថៃ ដែលកំពង់លួចឆ្លងដែលចូលមកប្រទេសកម្ពុជា ដោយដឹកតាមរថយន្ត ប៊ិកអាប់ចំនួន៧នាក់ ព្រមទាំងមេខ្យល់ និងអ្នកមើលផ្លូវផងដែរ ។

បើតាមសមត្ថកិច្ចថៃបានឲ្យដឹងទៀតថា ជនជាតិថៃ ដែលលួចឆ្លងដែនទៅប្រទេសកម្ពុជាចំនួន៧នាក់ មានប្រុស២នាក់ និងស្រី៥នាក់ មកពីតាមបណ្ដាខេត្តក្នុងប្រទេសថៃ ដែលមេខ្យល់គឺជាអ្នកបើករថយន្តជនជាតិថៃម្នាក់ និងអ្នកមើលផ្លូវជនជាតិថៃ២នាក់ ដោយសមត្ថកិច្ចឃាត់ខ្លួនបាននៅបរិវេណភូមិ ណងស្មេត ឃុំគោកឃ្យូង ស្រុក តាប់ប្រាយ៉ា ខេត្ត ស្រះកែវ ហើយនាំខ្លួនអ្នកទាំងអស់មកសួរនាំ ។ ជំហានដំបូង ជនជាតិថៃទាំង៧នាក់ បានសារភាពថា៖ ពួកខ្លួនបានធ្វើដំណើរមកពីខេត្តឈៀងរ៉ាយ ដើម្បីចូលទៅធ្វើការនៅឯកាស៊ីណូអនឡាញ ក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា ដោយទាក់ទងតាមរយៈ អេតមីនវេបសាយរបស់កាស៊ីណូខាងកម្ពុជា ទើបសមត្ថកិច្ចអនុវត្តតាមវិធានការសុខាភិបាល និងនាំខ្លួនជនត្រូវចោទទាំង ១០នាក់ មកសួរចម្លើយដើម្បីបំបែកសំណុំរឿងនៅស្រុក តាប់ប្រាយ៉ា ដើម្បីរកអ្នកពាក់ពន្ធ័បន្ថែមទៀត ។

គួរបញ្ជាក់ផងដែរថា កន្លងមកធ្លាប់តែឃើញមានជនជាតិខ្មែរ ដែលក្រីក្រខ្វះខាត លួចរត់ឆ្លងដែនទៅរកការងារធ្វើនៅក្នុងប្រទេសថៃ ប៉ុន្តែស្រាប់តែពេលនេះអ្វីៗបានប្រែប្រួលដោយមានជនជាតិថៃ លួចឆ្លងដែនខុសច្បាប់ចូលមករកការងារធ្វើនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាវិញម្ដង ៕ អត្ថបទ រឿង ចន្ទ្រា

website_news/2021070608.txt · Last modified: 2021/06/07 11:35 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki