website_news:2021070705

សង្គមស៊ីវិលស្នើឲ្យអាជ្ញាធរខ្មែរ-ថៃ ប្រញាប់អន្តរាគមន៍ផ្ដល់ជំនួយបន្ទាន់ដល់ពលករដែលកំពុងខ្វះខាតជីវភាពនិងត្រូវការសេវាព្យាបាលជំងឺ

https://www.rfa.org/khmer/ ដោយ ខែ សុណង 2021-07-04

សង្គមស៊ីវិលធ្វើការលើកស្ទួយពលករចំណាកស្រុក ស្នើឲ្យអាជ្ញាធរខ្មែរ ថៃ ប្រញាប់អន្តរាគមន៍ផ្ដល់ជំនួយបន្ទាន់ដល់ពលករ ដែលកំពុងខ្វះខាតជីវភាព និងត្រូវការសេវាព្យាបាលជំងឺ។ មន្ត្រីផ្នែកបកប្រែភាសាថៃ នៃអង្គការមូលនិធិបណ្ដាញលើកកម្ពស់គុណភាពជីវិតពលករនៅប្រទេសថៃលោក ទិត្យ ផល្លា មានប្រសាសន៍ថា លោកចង់ឲ្យរដ្ឋាភិបាលខ្មែរ ឬស្ថានទូតខ្មែរប្រចាំប្រទេសថៃ ជួយផ្ដល់សេវាកម្មដល់ពលករឲ្យបានទាន់ពេលវេលា នៅពេលដែលរដ្ឋាភិបាលគេបានប្រកាសបិទខ្ទប់ជាច្រើនតំបន់ ដោយសារតែការផ្ទុះខ្លាំងជំងឺកូវីដ-១៩ ក្នុងប្រទេសថៃ៖ «នៅពេលដែលរដ្ឋាភិបាលខ្មែរប្រកាសបានបិទខ្ទប់តាមការដ្ឋានសំណង់ឬរោងចក្រនានា គឺពលករទាំងអស់ហ្នឹងគាត់លំបាកមែនទែន ព្រោះថា គេហាមមិនឲ្យចេញចូលទាំងអស់ យើងចង់ទៅវិញរបស់របរហូបចុកខាងក្រៅក៏មិនអាចទៅទិញបានដែរ ព្រោះគេមានទាំងទាហាន ទាំងប៉ូលិស នៅយាមតាមច្រកការដ្ឋានសំណង់ហ្នឹង ពួកគាត់មិនអាចចេញខាងក្រៅបានទេ។ មួយផ្នែកទៀតចំពោះបងប្អូនដែលឆ្លងជំងឺគឺពួកគាត់ទទួលមិនបានសេវាឲ្យទាន់ពេលវេលាទេ ដោយសារប្រទេសថៃ កំពុងមានការរាតត្បាតជំងឺនេះខ្លាំងក្លាដែរ អ៊ីចឹងហើយការផ្ដល់សេវាកម្មមិនថា ចំពោះប្រជាជនថៃ ឬពលករចំណាកស្រុកទេ គឺមិនបានដិតដល់ទេ។ ជួនកាលបងប្អូនយើងខ្លះ ទៅឆ្លងមួយអាទិត្យហើយ គឺមិនទាន់មានឡានពេទ្យមកយកពួកគាត់ទៅព្យាបាលនៅពេទ្យដែរបាទ!»។

លោកថា រីឯចំនួនពលករខ្មែរដែលឆ្លងវិញ លោកមិនបានដឹងថា មានចំនួនប៉ុន្មានឲ្យពិតប្រាកដនោះទេ ពីព្រោះអាជ្ញាធរថៃមិនបានបូកសរុបចំនួនអ្នកឆ្លងដោយឡែកទេ គឺគេបានបញ្ចូលក្នុងស្ថិតិរួមតែមួយ។ លោក ទិត្យ ផល្លា កត់សម្គាល់ថា ពលករដែលឆ្លងខ្លាំង គឺអ្នកធ្វើការនិងស្នាក់នៅក្នុងការដ្ឋានសំណង់ ពលករតាមរោងចក្រ អ្នកធ្វើការកាត់ដេរ និងធ្វើការតាមទីផ្សារក៏បានឆ្លងខ្លាំងដែរ។ លោកថា តំបន់ដែលផ្ទុះឆ្លងខ្លាំងមាននៅទីក្រុងបាងកក និងខេត្តចំនួន១០ និងខេត្តភាគខាងត្បូងនៃប្រទេសថៃ ចំនួន ៤ ខេត្តទៀត។ លោកថា អាជ្ញាធរថៃបានដាក់ទីក្រុងបាងកក ខេត្តសាមុតសាខន ខេត្តសាមុតប្រាកាន ខេត្តប៉ាថុមថានី និងខេត្តណាខនបាថុម ជាតំបន់ក្រហម ដែលតំបន់ទាំងនេះ គឺសម្បូរដោយពលករខ្មែរធ្វើការនិងរស់នៅ។ ទន្ទឹមនឹងគ្នានេះ នៅតាមក្រុមហ៊ុន និងរោងចក្រមួយចំនួនបានចាប់ផ្ដើមបិទប្រកាស និងសន្យាយកវ៉ាក់សាំងចាក់ឲ្យពលករបណ្ដើរៗដែរ។ លោក ទិត្យ ផល្លា បញ្ជាក់ថា កាលពីថ្ងៃទី២ ខែកក្កដា គ្រូពេទ្យថៃ បានចុះទៅចាក់វ៉ាក់សាំងដល់ពលករខ្មែរផ្នែកនេសាទ នៅខេត្តប្រជួប គិរីខាន់ (Prachuap Khiri Khan) បានចំនួន៣រយនាក់ (៣០០)៕

website_news/2021070705.txt · Last modified: 2021/07/07 11:56 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki