website_news:2021070706

ពលករខ្មែរនៅថៃមិនទាន់ទទួលបានអាហារនិងសេវាព្យាបាលជំងឺកូវីដ១៩សមរម្យនៅឡើយទេ

https://www.rfa.org/khmer/news/ ដោយ សន ចាន់រដ្ឋា 2021-07-03

តំណាងពលករខ្មែរប្រមាណ ២០នាក់ នាំគ្នាដាក់ញត្តិ និងថ្លែងសារ នៅមុខអគារគណៈរដ្ឋមន្ត្រីថៃ និងរដ្ឋសភាថៃ នៅទីក្រុងបាងកកនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ដើម្បីស្នើសុំអាជ្ញាធរប្រទេសនេះឱ្យជួយដោះស្រាយបញ្ហាពលករ ដែលកំពុងអត់អាហារ និងមិនទទួលបានសេវាព្យាបាលជំងឺកូវីដ១៩ (Covid-19) សមរម្យ។ពលករមួយចំនួន ដែលកំពុងរងការបិទខ្ទប់នៅក្នុងការដ្ឋានសំណង់ក្នុងប្រទេសថៃមិនទាន់ទទួលបានការផ្គត់ផ្គង់អាហារ និងសេវាព្យាបាលជំងឺកូវីដ១៩(Covid-19) បានសមរម្យនៅឡើយទេ បើទោះជារដ្ឋាភិបាលប្រកាសថា ស្ថានភាព និងអាជ្ញាធរថៃកំពុងជួយពួកគាត់ក៏ដោយ។ អ្នកឃ្លាំមើលសិទ្ធិពលករជំរុញឲ្យរដ្ឋាភិបាលពន្លឿននីតិវិធី និងសកម្មភាពជួយកម្មករជាបន្ទាន់។ ជិតមួយសប្ដាហ៍ហើយពលករមួយចំនួននៅតែប្រឈមបញ្ហាខ្វះខាតអាហារ និងមិនទទួលបានសេវាព្យាបាលជំងឺកូវីដ១៩ បានសមរម្យនៅឡើយទេ តាមមន្ទីរពេទ្យក្នុងប្រទេសថៃ។

ពលករម្នាក់ធ្វើការសំណង់នៅជាយទីក្រុងបាងកកលោក ណុប លីន ឲ្យដឹងថា ប៉ូលិសថៃបានហ៊ុមព័ទ្ធបិទខ្ទប់ និងយាមកាមនៅការដ្ឋានសំណង់ដែលលោកធ្វើការជិតមួយសប្ដាហ៍ហើយ។ លោកបន្តថា អាជ្ញាធរថៃបានផ្គត់ផ្គង់អាហារហូបចុកខ្លះដល់កម្មករ និងអនុញ្ញាតឲ្យពួកលោកដើររើសខ្យងនិងបេះត្រកួននៅខាងក្រោយការដ្ឋានសំណង់បាន។ ប៉ុន្តែលោកថា សម្រាប់ពលករដែលគ្មានការងារធ្វើ ហើយមិនរងការបិទខ្ទប់វិញ ពួកគាត់មិនទទួលបានការផ្គត់ផ្គង់អាហារពីរដ្ឋាភិបាលថៃនោះទេ។ អ្នកខ្លះត្រូវដើររើសខ្យង បេះត្រកួន និងដើរសុំបាយវត្តហូបដោយខ្លួនឯង។ ចំណែកស្ថានភាពពលករឆ្លងជំងឺកូវីដ១៩វិញ លោក ណុប លីន ឱ្យដឹងថា ពួកគាត់នៅតែមិនទទួលបានសេវាព្យាបាលទាន់ពេលវេលាដដែល ដោយពួកគាត់ត្រូវដេកនៅបន្ទប់ជួលឬនៅកន្លែងធ្វើការជិតមួយសប្ដាហ៍ទើបមានឡានពេទ្យមកដឹកយកទៅព្យាបាលដោយសារបញ្ហាខ្វះគ្រែ៖ «ខ្ញុំទៅចាប់ខ្យងព្រឹកមិញហ្នឹងទៅជួបគេដែរ ហើយសួរគ្នាថៅកែបងឯងគេឲ្យអ្វីហូបអត់? ជួបខ្មែរយើងដូចគ្នាហ្នឹងសួរថា ថៅកែគេឲ្យអ្វីហូបអត់? គាត់ថាគ្មានបានទេបងអើយ។ អ្នកខ្លះថៅកែគេរ៉ាប់ប្រឈម (ធានារ៉ាប់រង) អ្នកខ្លះ ថៅកែគេអត់រ៉ាប់ប្រឈម»។ ពលករខ្មែរបានជួបការលំបាកខ្លាំងចាប់តាំងពីអាជ្ញាធរថៃបានបិទខ្ទប់ការដ្ឋានសំណង់ និងពង្រឹងវិធានការតឹងរ៉ឹងមួយចំនួននៅទីក្រុងបាងកក និងខេត្តទាំង៥ដែលនៅជុំវិញនោះដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩។ កាលពីថ្ងៃទី៣០ មិថុនា តំណាងពលករប្រមាណ២០នាក់ បាននាំគ្នាតវ៉ានិងដាក់ញត្តិទាមទារឲ្យរដ្ឋាភិបាលថៃ និងរដ្ឋសភាថៃយកចិត្តទុកដាក់ជួយផ្គត់ផ្គង់អាហារ និងផ្ដល់សេវាព្យាបាលដល់ពលករខ្មែរឲ្យបានសមរម្យ។

ទាក់ទងនឹងករណីនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងកាលពីថ្ងៃទី១ កក្កដាថា អាជ្ញាធរថៃនឹងមិនដាក់ទោសទណ្ឌចំពោះពលករមិនស្របច្បាប់នោះទេ ប៉ុន្តែថែមទាំងផ្ដល់ការចុះឈ្មោះឲ្យពលករទាំងនោះក្លាយជាស្របច្បាប់វិញ។ លោកជំរុញឲ្យក្រសួងពាក់ព័ន្ធជួយស្ថានទូតខ្មែរនៅប្រទេសថៃ ដើម្បីផ្សព្វផ្សាយឲ្យពលករបានដឹងនិងពន្យល់កម្មករកុំឲ្យធ្វើដំណើរវិលត្រលប់មកកម្ពុជាវិញ៖ «អ្នកដែលមានការងារធ្វើស្របច្បាប់អត់មានការភ័យខ្លាចទេ។ ប៉ុន្តែអ្នកដែលអត់មានការទៅមិនស្របច្បាប់ ធ្វើការមិនស្របច្បាប់ ទាំងថៅកែទាំងកម្មករសុទ្ធតែភ័យ។ ប៉ុន្តែខាងភាគីថៃគេបានបញ្ជាក់ហើយថា នៅពេលដែលគេរកឃើញ គេមិនដាក់ទោសទណ្ឌទេ។ ផ្ទុយទៅវិញ គេចុះឈ្មោះឲ្យធ្វើការស្របច្បាប់»។

អាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែមពីឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ លោក អ៊ូក សោភ័ណ្ឌ និងអ្នកនាំពាក្យក្រសួងការបរទេសលោក កុយ គួង បានទេ នៅថ្ងៃទី៣ កក្កដា។ ទោះយ៉ាងណាស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានបង្ហោះសារលើហ្វេសប៊ុក (Facebook)ថា ពលករសំណង់ដែលរងការបិទខ្ទប់នឹងទទួលបានការជួយពីអាជ្ញាធរថៃដោយអ្នកធ្វើការក្នុងប្រព័ន្ធធានារ៉ាប់រងសង្គម នឹងទទួលបានប្រាក់៥០%នៃប្រាក់ឈ្នួល។ ឯអ្នកធ្វើការក្រៅប្រព័ន្ធធានារ៉ាប់រងសង្គមនោះ ពលករត្រូវសុំការឧបត្ថម្ភពីថៅកែដោយផ្ទាល់។ ស្ថានទូតបង្ហាញទៀតថា ការផ្គត់ផ្គង់អាហារក៏ត្រូវស្នើសុំនិយោជកទទួលបន្ទុកផ្គត់ផ្គង់មួយថ្ងៃ ៣ពេលដែរ។ ឯការពិនិត្យជំងឺវិញគ្រូពេទ្យនឹងចុះពិនិត្យដល់ក្នុងការដ្ឋានហើយក្នុងករណីមានវិជ្ជមាននឹងនាំទៅព្យាបាលជាដើម។ ទោះជាយ៉ាងណាស្ថានភាពជាក់ស្ដែងវិញមិនមែនងាយស្រួលបែបនេះទេ ព្រោះថៅកែភាគច្រើនមិនបានអើពើពីសុខទុក្ខពលករឡើយ ដោយអះអាងថា មានលទ្ធភាពជួយដែរ។

មន្ត្រីផ្នែកអន្តោប្រវេសន៍ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា អង្គការសង់ត្រាល់ (CENTRAL) ប្រចាំប្រទេសថៃលោក លឹង សុផុន មើលឃើញថា វិធានការរបស់អាជ្ញាធរខ្មែរនិងថៃដែលសន្យាជួយពលករនោះមានភាពយឺតយ៉ាវណាស់។ លោកឲ្យដឹងថា ពលករកាន់តែច្រើនឡើងជួបបញ្ហាកាន់តែលំបាកពីមួយថ្ងៃទៅមួយថ្ងៃដោយសារគ្មានការងារធ្វើនិងគ្មានអាហារបរិភោគ។ លោកអះអាងពលករទាំងនោះភាគច្រើនទទួលបានប្រាក់កម្រៃប្រចាំថ្ងៃហើយពួកគេធ្វើការសំណង់ ឬមុខរបរក្រៅប្រព័ន្ធមួយថ្ងៃសម្រាប់ហូបតែមួយថ្ងៃប៉ុណ្ណោះមិនមានប្រាក់ឈ្នួលប្រចាំខែ ឬចំណូលផ្សេងទេ។ អ្នកឃ្លាំមើលសិទ្ធិពលករនៅប្រទេសថៃរូបនេះជំរុញឲ្យអាជ្ញាធរខ្មែរ និងថៃពន្លឿនសកម្មភាពជួយពលករឱ្យបានលឿន៖ «សូមឲ្យពន្លឿនវិធានការហ្នឹងឲ្យបានលឿនជាងហ្នឹងណា ដើម្បីជួយពួកគាត់។ កុំឲ្យគាត់មានបញ្ហាប្រឈម។ នៅពេលដែលពួកគាត់ប្រឈមខ្វះអាហារហ្នឹងអាចធ្វើឲ្យពួកគាត់ហ្នឹងមានការភ័យខ្លាចពីជំងឺ ហើយអាចលួចរត់ពីកន្លែងដែលគាត់ស្នាក់នៅពីកន្លែងដែលគាត់ធ្វើចត្តាឡីស័កទៅកន្លែងផ្សេងណា។ ធម្មតាទេ ដឹងស្រាប់ហើយមិនថា គេមិនថាខ្ញុំ តែខ្វះខាតហើយ រកអាហារហើយ ឬរត់ចេញពីកន្លែងហ្នឹងណា»។

របាយការណ៍របស់អង្គការសង់ត្រាល់បង្ហាញថា ពលករខ្មែរធ្វើការក្នុងប្រទេសថៃ មានជិតពីរលាន(២.០០០.០០០)នាក់។ ពួកគាត់ភាគច្រើនជាពលករផ្នែកសំណង់រោងចក្រ និងក្នុងវិស័យកសិកម្ម។ ពួកគាត់រង់ផលប៉ះពាល់ធ្ងន់ធ្ងរចុងក្រោយនេះគឺចាប់តាំងពីចុងខែមិថុនា មកដោយសាររដ្ឋាភិបាលថៃបិទខ្ទប់ការដ្ឋានសំណង់និងរឹតបន្តឹងវិធានការទប់ស្កាត់ជំងឺកូវីដ១៩ នៅទីក្រុងបាងកក និងខេត្តទាំង៥។ ពលករខ្លះនាំគ្នាធ្វើដំណើរទាំងប្រថុយនឹងឆ្លងជំងឺកូវីដ-១៩ ដើម្បីត្រឡប់មកកម្ពុជាវិញដោយសារការខ្វះខាតធ្ងន់ធ្ងរដោយក្នុងមួយថ្ងៃមានប្រមាណ បីរយ(៣០០)នាក់៕

website_news/2021070706.txt · Last modified: 2021/07/07 12:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki