website_news:2021070903

ម្នាក់ៗចំណាយ៥ពាន់បាតឱ្យមេខ្យល់នាំចូលដីថៃ ទៅធ្វើជាកម្មករបេះផ្លែមៀន

https://kohsantepheapdaily.com.kh/ ប៉ៃលិន ០៦ ខែ កញ្ញា ឆ្នាំ ២០២១ ម៉ោង ០៨:៤៦

ខេត្តប៉ៃលិន ៖ ដោយសារជឿតាមការអូសទាញរបស់មេខ្យល់ ពលករខ្មែរម្នាក់ៗបានសម្រេចចិត្តបង់ប្រាក់ឱ្យទៅមេខ្យល់ ទើបពលករខ្មែរចំនួន៤៨នាក់ ត្រូវបានគេនាំឆ្លងដែនដោយខុសច្បាប់ តាមច្រករបៀងខេត្តប៉ៃលិន ហើយត្រូវបានក្រុមទាហានឈុតខ្មៅថៃ ធ្វើការចាប់ឃាត់ខ្លួន ខណ:ដែលពួកគេចូលទៅក្នុងទឹកដីថៃ ដើម្បីធ្វើជាកម្មករបេះផ្លែមៀន (ហៅតាង៉ែន) នៅក្នុងទឹកដីខេត្តចាន់បុរី ប្រទេសថៃ ។ ហេតុការណ៍ឃាត់ខ្លួនពលករខ្មែរខុសច្បាប់នេះ បានធ្វើឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិ៤ ឃុំខ្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តចាន់បុរី ប្រទេសថៃ ។ ប្រភពព័ត៌មានបានឱ្យដឹងថា ពលករខ្មែរចំនួន៤៨នាក់ បាននាំគ្នាលួចឆ្លងព្រំដែនចូលទៅក្នុងទឹកដីថៃ ដោយលួចដើរកាត់តាមចំការដំណាំ។ ស្របពេលដែលកម្លាំងទាហានឈុតខ្មៅថៃ កំពុងចុះល្បាតតាមព្រំដែនក៏ស្ទាក់ចាប់ឃាត់ខ្លួនបានទាំងដុលតែម្តង ដោយក្នុងនោះពលករទាំង៤៨នាក់ មានប្រុសចំនួន១៨នាក់ និងស្ត្រី២៣នាក់ ព្រមទាំងក្មេងតូចៗចំនួន៧នាក់ផងដែរ ។

ប្រភពបានបន្តទៀតថា ក្រោយពេលទាហានថៃចាប់ឃាត់ខ្លួនពលករខ្មែរទាំងនោះបានសារភាពថា ពួកគេពិតជាបានលួចចូលតាមទឹកដីខេត្តប៉ៃលិន ដោយលួចចូលតាមច្រករបៀងដើរកាត់ព្រៃ ដើម្បីទៅធ្វើការនៅក្នុងចំការមៀនឱ្យជនជាតិថៃក្នុងខេត្តចាន់បុរីដោយមេខ្យល់បានទារប្រាក់ពីពួកគេ ក្នុងម្នាក់ៗចំនួន៥.០០០បាត(ប្រាក់ថៃ)។ បន្ទាប់ពីមេខ្យល់បាននាំពួកគេឆ្លងដែនចូលទៅក្នុងទឹកដីថៃរួច បានគេចខ្លួនបាត់ស្រមោល ចំណែកពួកគេត្រូវបានទាហានថៃឃាត់ខ្លួនតែម្តង ។ ក្រោយពេលឃាត់ខ្លួន ក្រុមយោធាថៃបានសង្គេតឃើញថា ពួកគេគ្មានលិខិតច្បាប់អនុញ្ញាតត្រឹមត្រូវឡើយ ទើបតម្រូវត្រួតពិនិត្យសុខភាពទាំងអស់ដោយធ្វើតេស្តរកមេរោគកូវីដ-១៩ និងបានរៀបចំបញ្ជូនមកឱ្យភាគីកម្ពុជាវិញ ដើម្បីធ្វើចត្តាឡីស័កបន្តនៅក្នុងខេត្តប៉ៃលិន ។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោកវរសេនីយ៍ទោ សួន ដាលីន ប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំការនៅច្រកទ្វារអន្តរជាតិព្រំ បានប្រាប់ក្រុមអ្នកសារព័ត៌មានយើងឱ្យដឹងថា ខាងលោកមិនទាន់បានទទួលដំណឹងនេះនៅឡើយទេ ហើយខាងលោកនឹងទាក់ទងទៅខាងភាគីថៃ ដើម្បីសួរនាំបន្ថែមឲ្យដឹងច្បាស់ រួចទទួលយកពលករឆ្លងដែនខុសច្បាប់ទាំងនោះត្រឡប់មកប្រទេសកម្ពុជាវិញ ៕

website_news/2021070903.txt · Last modified: 2021/09/07 09:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki