website_news:2021070907

ពលករខ្មែរ ១៦នាក់ ចំណាយលុយឱ្យមេខ្យល់ ឆ្លងដែនខុសច្បាប់ ត្រូវទាហានថៃចាប់បាន

https://www.kampucheathmey.com ថ្ងៃអង្គារ ៧ កញ្ញា ២០២១ដោយ KC Virak

ខេត្តបាត់ដំបង៖ ពលករខ្មែរចំនួន ១៦ នាក់ ត្រូវបានក្រុមទាហានឈុតពិសេសរបស់ថៃចាប់ខ្លួន ខណ:ដែលពួកគេលបឆ្លងដែន ដោយបានចំណាយក្នុងម្នាក់ៗចាប់ពី ៤,៥០០ បាត ដល់ ៩,០០០ បាត ដើម្បីចូលទឹកដីថៃរកការងារធ្វើដោយខុសច្បាប់។ ការឃាត់ខ្លួននេះបានធ្វើឡើងត្រង់ចំណុចភ្នំកូនដំរី ក្នុងភូមិ១៤ ឃុំតាប្រាក់យ៉ា ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ប្រទេសថៃ កាលពីព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៩ ព្រឹក។ នៅមុនពេលឃាត់ខ្លួន គឺមានពលករខ្មែរចំនួន១៦ នាក់ បានលបឆ្លងព្រំដែនចូលទៅក្នុងទឹកដីថៃ ដោយបាននាំគ្នាដើរកាត់តាមចម្ការ ស្របពេលដែលកម្លាំងទាហានឈុតពិសេសថៃ សហការជាមួយកម្លាំងតម្រួតព្រំដែន កំពុងល្បាតក៏បានស្ទាក់ចាប់ ក្នុងនោះមានប្រុស ០៩នាក់ និង ស្រី ០៧នាក់។

ក្រោយការចាប់ ខ្លួនពលករខ្មែរបានសារភាពថា ពួកគេមកពីខេត្តបន្ទាយមានជ័យ ដោយបានប្រមូលផ្តុំគ្នានៅក្នុងឃុំល្មៀត ស្រុកថ្មពួក ដោយមានមេខ្យល់នាំផ្លូវ និងត្រូវចំណាយម្នាក់ៗ ចាប់ពី ៤,៥០០ បាត ទៅ ៩,០០០ បាត និងត្រូវដើរកាត់ចម្ការដើម្បីឡើងទៅលើផ្លូវជាតិលេខ ៣០៨៥ ត្រង់ចំណុច បានណាងង៉ាម ចំណែកលុយកាក់គឺបានប្រគល់ទៅឱ្យមេខ្យល់តាំងពីនៅដីខ្មែរម៉្លេះ ដែលក្នុងគោលដៅទៅធ្វើការនៅ ក្រុងបាងកក ០៨ នាក់ ខេត្តប៉ាធុំថានី ០៣ នាក់ ខេត្តសមុទ្រប្រាកាន ០១ នាក់ ខេត្តនគររាជសីមា ០៣ នាក់ និង ខេត្តរ៉ាក់យ៉ង ០១ នាក់។ ក្រោយពេលឃាត់ខ្លួន ក្រុមយោធាថៃបានត្រួតពិនិត្យសុខភាពពួកគេទាំងអស់ និងបានបញ្ជូនទៅឱ្យអធិការដ្ឋានតម្រួត ស្រុកតាប្រាក់យ៉ា ដើម្បីអនុវត្តតាមនីតិវិធី៕ អត្ថបទ៖ សោ និយមរ័ត្ន

website_news/2021070907.txt · Last modified: 2021/09/07 09:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki