website_news:2021080104

ពលករខ្មែរ ១០៨នាក់នៅថៃ ឆ្លងកូវីដ-១៩

https://thmeythmey.com/ 07, Jan 2021 , 10:59 am

ភ្នំពេញ៖ ពលករខ្មែរ ដែលកំពុងរស់នៅប្រទេសថៃ ១០៨នាក់ ឆ្លងជំងឺកូវីដ-១៩ គិតត្រឹមព្រឹកថ្ងៃទី ៧ មករា ។ នេះបើតាមរបាយការណ៍ក្រសួងសុខាភិបាលថៃ។ របាយការណ៍ក្រសួងសុខាភិបាលថៃ បានបង្ហាញតួលេខថា ក្នុងចំណោមអ្នកឆ្លងកូវីដ-១៩ ជាង៩ពាន់នាក់ មានពលករខ្មែរ១០៨នាក់ ។ ក្រៅពីនោះ ក៏មានពលករមីយ៉ាន់ម៉ា ៦២៣នាក់ ឥណ្ឌា៨២នាក់ ថៃជាង៥ពាន់ និងសញ្ជាតិផ្សេងទៀតជាង១ពាន់នាក់។ របាយការណ៍ក្រសួងសុខាភិបាលថៃ ក៏មិនបានបញ្ជាក់ថា ពលករខ្មែរឆ្លងជំងឺកូវីដ-១៩ ពីតំបន់ណាដែរ។ សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងស្ថានទូតខ្មែរប្រចាំប្រទេសថៃ និងអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជុំវិញករណីឆ្លងជំងឺកូវីដ-១៩ នេះ បាននៅឡើយ។ ចំណែកអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ក្រសួងមិនមានព័ត៌មានទាក់ទងនឹងករណីពលករខ្មែរឆ្លងកូវីដ-១៩ នៅប្រទេសថៃនេះដែរ។

តែយ៉ាងណាស្ថានទូតខ្មែរប្រចាំប្រទេសថៃ ក៏បានអំពាវនាវឲ្យនិស្សិត និងពលករខ្មែរ ដែលកំពុងសិក្សា និងធ្វើការនៅទីនោះ មានការប្រុងប្រយ័ត្ន និងការពារខ្លួនពីជំងឺកូវីដ-១៩នេះ។ ជាពិសេសសហការ និងអនុវត្តតាមបម្រាមរបស់អាជ្ញាធរថៃឲ្យបានត្រឹមត្រូវ។ រដ្ឋាភិបាលថៃ បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ចាប់ពីថ្ងៃទី១៦ មករា ដល់២៨ កុម្ភៈ ខាងមុខ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នេះ។ ជុំវិញករណីផ្ទុះកូវីដ-១៩ នៅប្រទេសថៃនេះ នាំឲ្យពលករខ្មែរនៅទីនោះ សម្រុកមកកម្ពុជាវិញជាបន្តបន្ទាប់។ បើតាមរបាយការណ៍លោក កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពលករខ្មែរ៤,៤១៥នាក់ហើយ បានត្រឡប់មកកម្ពុជាវិញ គិតត្រឹមថ្ងៃទី៦ មករា។ ក្រៅពីពលករខ្មែរសម្រុកមកវិញ ក៏មានពលរដ្ឋខ្មែរជិត២៤០នាក់ លួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃដែរ។ នេះបើតាមរបាយការណ៍ពីលោក កែវ វណ្ណថន ដដែល។

គិតត្រឹមថ្ងៃទី៧ មករា ក្រសួងសុខាភិបាល ក៏បានរកឃើញពលករខ្មែរ២០នាក់ហើយ ដែលត្រឡប់ពីប្រទេសថៃវិញ មានជំងឺកូវីដ-១៩ ។ ពួកគេទាំងនោះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅតាមមណ្ឌលសុខភាពនានា ក្នុងខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ។ បច្ចុប្បន្នកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៣៨៥នាក់ ដោយក្នុងនោះ មាន៣៦២នាក់បានជាសះស្បើយ ខណៈថៃ មានអ្នកឆ្លងជាង៩ពាន់នាក់ ជាសះស្បើយជាង៤ពាន់នាក់ និងស្លាប់៦៦នាក់៕

website_news/2021080104.txt · Last modified: 2021/01/08 12:26 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki