website_news:2021080105

ក្រសួងផែនការលើកទឹកចិត្តឲ្យពលករមកពីថៃ ស្នើសុំបណ្ណសមធម៌

https://www.postkhmer.com/ នៀម ឆេង | Publication date 07 January 2021 | 11:02 ICT

ភ្នំពេញៈ ក្រសួងផែនការលើកទឹកចិត្តឱ្យពលករដែលត្រឡប់មកពីប្រទេសថៃ វិញ ហើយមានជីវភាពខ្វះខាតត្រូវដាក់ពាក្យស្នើសុំបណ្ណសមធម៌នៅអាជ្ញាធរមូលដ្ឋានរបស់ខ្លួន ប៉ុន្តែមានពលករតិចតួចប៉ុណ្ណោះ ដែលបានដាក់ពាក្យស្នើសុំបណ្ណនេះ បើទោះបីជាពលករជាច្រើនបានត្អូញត្អែរពីការខ្វះខាតខាងជីវភាពក៏ដោយ។ គិតចាប់ពីមានការផ្ទុះឡើងជំងឺកូវីដ ១៩ កាលពីដើមឆ្នាំ ២០២០ ពលករចំណាកស្រុកកម្ពុជាដែលធ្វើការនៅប្រទេសថៃជាង ១២ ម៉ឺននាក់ ក្នុងចំណោមពលករសរុបដែលមានជិត ១ លាន ២ សែននាក់ បានត្រឡប់មកកម្ពុជាវិញ និងប្រឈមនឹងការខ្វះខាតជីវភាព។

លោក ផន ចន្ថា អាយុ ៥១ ឆ្នាំ គឺជាកសិកររស់នៅភូមិឆ្នាល់មាន់ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ធ្លាប់បានធ្វើការនៅខេត្ត Pathum Thani ប្រទេសថៃអស់រយៈពេល ៤ ឆ្នាំ។ លោកបានធ្វើការជាអ្នកថែសួននៅក្រុមហ៊ុនលក់អចលនទ្រព្យមួយក្នុងខេត្តនេះរួមជាមួយនឹងគ្រួសារដែលមានកូន ២ នាក់។ នៅទីនោះលោកទទួលបានប្រាក់ខែទៀងទាត់ជាង ៤០០ ដុល្លារ ក្នុង ១ ខែ ដោយធ្វើការទាំងថ្ងៃទាំងយប់។ ប៉ុន្តែក្រោយពេលជំងឺកូវីដ ១៩ បានផ្ទុះឡើង នៅទូទាំងសកលលោករួមទាំងនៅប្រទេសថៃផងនោះលោក ចន្ថា មានការភ័យខ្លាចឆ្លងជំងឺនេះ ហើយក៏បានសម្រេចចិត្តវិលត្រឡប់មកកម្ពុជាវិញ នៅក្នុងអំឡុងខែសីហា ឆ្នាំ ២០២០។ នាពេលបច្ចុប្បន្ននេះលោកបានធ្វើស្រែរបស់លោកវិញ ដែលលោកបានទិញដោយប្រាក់កម្ចីចំនួន ២ ពាន់ដុល្លារកាលពី ៤ ឆ្នាំមុន មុនពេលលោកទៅប្រទេសថៃ។ ក្រៅពីធ្វើស្រែលោកដើរស៊ីឈ្នួលដកដំឡូងមី ដើម្បីទទួលបានប្រាក់កម្រៃប្រចាំថ្ងៃដែលមិនទៀងទាត់ប្រមាណ ៣ ម៉ឺនរៀល។ ចំណែកប្រពន្ធ និងកូន ២ នាក់របស់លោក ក៏រកការងារធ្វើ និងចិញ្ចឹមមាន់ប្រមាណ ៦០ ក្បាលនៅផ្ទះ។ លោកធ្លាប់ទទួលបានជំនួយជាអង្ករចំនួន ២៥ គីឡូក្រាមពីអង្គការសង់ត្រាល់ ប៉ុន្តែលោកមិនធ្លាប់ទទួលបានអ្វីពីរដ្ឋាភិបាលទេ ដោយសារបណ្ណក្រីក្ររបស់លោកដែលមានតាំងពីឆ្នាំ ២០០៨ បានផុតកំណត់។ លោកចង់បានបណ្ណនេះឡើងវិញ ប៉ុន្តែអាជ្ញាធរមូលដ្ឋានប្រាប់លោកថា លោកមិនអាចទទួលបណ្ណនេះបានទេ ដោយសារលោកមានផ្ទះរស់នៅសមរម្យហើយ។ លោកនិយាយថា៖ «គួរតែចែកឲ្យបានគ្រប់គ្នាទៅ កុំឲ្យច្រណែនគ្នា។ អ្នកខ្លះ ផ្ទះគ្នាមានមែន តែមានតែផ្ទះ ចងការប្រាក់គេធ្វើផ្ទះ។ ដល់ឃើញគ្នាមានផ្ទះអត់ឲ្យគ្នា។ ដល់ពេលអត់ផ្ទះ ថានៅយូរយារនឹងគេដែរ អត់ធ្វើផ្ទះនៅ។ វាពិបាកដែរពាក្យនេះ។ ខ្ញុំឮពាក្យនេះដូចខ្ញុំអីគេថា មានផ្ទះនៅប៉ុណ្ណឹងដែរ រកបណ្ណក្រីក្រអីទៀត។ ដល់យើងអត់ធ្វើ ផ្ទះរខេករខាក គេថា ងាប់ហើយ អត់ធ្វើផ្ទះ»។ ចំណែកអ្នកស្រី ឈាង អុន អាយុ ៣៧ ឆ្នាំជាប្រជាពលរដ្ឋរស់នៅភូមិគ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប នៅដើមឆ្នាំ ២០២០ អ្នកស្រី ប្ដី និងប្អូនប្រុសបានចំណាយប្រាក់ជាង ១ ពាន់ដុល្លារ ដើម្បីធ្វើលិខិតឆ្លងដែនទៅធ្វើការនៅប្រទេសថៃ។ ក្រោយពេលធ្វើការបានប្រមាណ ៣ ខែនៅក្នុងរោងចក្រសម្អាតឈើ ១ កន្លែង អ្នកទាំង ៣ បានជួបនូវហានិភ័យអត់ការងារធ្វើ ដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ ១៩។ កូវីដ ១៩ បានធ្វើឲ្យប៉ះពាល់ដល់កន្លែងការងាររបស់អ្នកស្រីដែលធ្វើឲ្យអ្នកស្រីមិនបានទទួលប្រាក់ខែអស់ជាច្រើនខែ ហើយត្រូវបានម្ដាយផ្ញើប្រាក់ទៅឲ្យចាយពីប្រទេសកម្ពុជា។ ដោយមិនអាចបន្តរស់នៅទីនោះបានអ្នកទាំង ៣ បានត្រឡប់មកកម្ពុជាវិញនៅខែសីហា។ បច្ចុប្បន្ននេះ បើទោះជាបានត្រឡប់មកប្រទេសកំណើតវិញក្តី ក៏អ្នកទាំង ៣ មិនបានរស់នៅជុំម្ដាយកូននៅភូមិ ក្នុងស្រុកជីក្រែង ខេត្តសៀមរាបដែរ ដោយពួកគេបន្តធ្វើចំណាកស្រុកដឹកទូក និងទ្រូ និងឧបករណ៍ផ្សេងៗយកទៅនេសាទនៅខេត្តស្ទឹងត្រែង។ មុខរបរនេសាទអាចធ្វើឲ្យពួកគេរកចំណូលបានប្រមាណពី ២ ម៉ឺន ទៅ ៣ ម៉ឺនរៀល ក្នុង ១ ថ្ងៃ លើកលែងតែថ្ងៃល្អដែលអាចនៅសល់ប្រាក់ប្រមាណ ៧ ម៉ឺនរៀល ក្នុង ១ ថ្ងៃ។ ប៉ុន្តែក្រុមគ្រួសារអ្នកស្រី ឈាង អុក ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលចំនួន ២២ ម៉ឺនរៀលជារៀងរាល់ខែ ដោយសារអ្នកស្រីមានបណ្ណក្រីក្រ ១ ដែលជាបណ្ណសម្រាប់អ្នកក្រីក្រខ្លាំង។

អ្នកស្រី មាស សុខ អាយុ ៦០ ឆ្នាំ ដែលជាម្ដាយរបស់អ្នកស្រី ឈាង អុន និយាយថា អ្នកស្រែលែងឲ្យកូនទៅធ្វើការនៅក្រៅប្រទេសទៀតហើយ។ អ្នកស្រីថ្លែងថា៖ «ខ្ញុំលែងឲ្យទៅថៃទៀតហើយ ព្រោះទៅអត់មានសល់អីទេ។ សុខចិត្តនៅរកស៊ីនៅនេះ បានប៉ុនណា ស៊ីប៉ុណ្ណឹងទៅ»។ ប៉ុន្តែលោក ផន ចន្ថា គ្រោងត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ នៅពេលស្ថានភាពជំងឺកូវីដធូរស្រាល។ លោកកំពុងសន្សំប្រាក់ដើម្បីធ្វើលិខិតឆ្លងដែនថ្មី ក្រោយពេលលិខិតឆ្លងដែនចាស់បានផុតកំណត់។ ថៅកែរបស់លោកបានទាក់ទងមកលោកតាមទូរស័ព្ទជាញឹកញាប់ឲ្យលោកត្រឡប់ទៅវិញដោយមិនចាំបាច់មានលិខិតឆ្លងដែន ប៉ុន្តែលោកមិនហ៊ានទៅទេនៅពេលដែលជំងឺកូវីដនៅបន្តរាលដាល។ យោងតាមការសិក្សាមួយរបស់អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) និងអង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ដែលបានសម្ភាសជាមួយពលករចំណាកស្រុកជាង ១ ០០០ នាក់ដែលត្រឡប់មកកម្ពុជាវិញពលករជាងពាក់កណ្ដាលបានឆ្លើយថា ពួកគេត្រឡប់មកកម្ពុជាវិញ ដោយសារតែការភ័យខ្លាចជំងឺកូវីដ ១៩។ ប៉ុន្តែក៏មានពលករ ២៨ ភាគរយ ត្រឡប់មកវិញដោយសារបាត់បង់ការងារ។ នៅពេលត្រឡប់មកដល់កម្ពុជា ពលករជាទូទៅទទួលបានប្រាក់ចំណូលជាមធ្យមប្រមាណ ១៦៤ ដុល្លារ ក្នុង ១ ខែ។ មានពលករតែ ២១ ភាគរយប៉ុណ្ណោះដែលនិយាយថា ពួកគេមានការងារប្រចាំថ្ងៃ ហើយជាង ១៣ ភាគរយឆ្លើយថា ពួកគេមានមុខជំនួញខ្នាតតូច។ ពលករជាង ៦១ ភាគរយបានឆ្លើយថា ពួកគេនឹងធ្វើចំណាកស្រុកម្ដងទៀតនៅពេលព្រំដែនបើកឲ្យចេញ-ចូលឡើងវិញ ដោយក្នុងនោះ ៩១ ភាគរយ ជ្រើសរើសប្រទេសថៃជាគោលដៅនៃការធ្វើចំណាកស្រុក។ មានតែ ជាង ៥ ភាគរយប៉ុណ្ណោះដែលឆ្លើយថា ពួកគេនឹងស្នាក់នៅអចិន្រៃ្តយ៍នៅកម្ពុជា។ ក្នុងចំណោមពលករជាង ១ ០០០ នាក់ មានតែជិត ២ ភាគរយប៉ុណ្ណោះ ដែលទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល តាមរយៈបណ្ណសមធម៌ បើទោះបីជាពលករប្រមាណ ៣០ ភាគរយនិយាយថា ពួកគេពុំមានចំណូលសោះ។ បើទោះបីជាពលករភាគច្រើនបង្ហាញក្ដីបារម្ភអំពីការខ្វះចំណូល និងខ្វះការងារធ្វើក៏ដោយ ប៉ុន្តែពួកគេមានតែជិត ៥ ភាគរយប៉ុណ្ណោះដែលធ្លាប់បានទៅស្វែងរកជំនួយដោយបានទៅរកជំនួយតាមរយៈមេភូមិ ក្រុមប្រឹក្សាឃុំ-សង្កាត់ ឬស្វែងរកជំនួយពីអ្នកជិតខាង និងអង្គការ។

លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ (សង់ត្រាល់) បានថ្លែងថា រដ្ឋាភិបាលគួរបញ្ចូលពលករដែលត្រឡប់ពីក្រៅប្រទេស ជាពិសេសប្រទេសថៃ ចូលក្នុងបញ្ជីបណ្ណសមធម៌ដោយសារតែពលករភាគច្រើនបានខ្ចីប្រាក់គេដើម្បីបានទៅធ្វើការនៅក្រៅប្រទេស ប៉ុន្តែពួកគេបច្ចុប្បន្នកំពុងរងផលប៉ះពាល់ពីកូវីដ ហើយត្រូវត្រឡប់មកកម្ពុជាវិញទាំងគ្មានប្រាក់ និងជំពាក់បំណុលទៀត។ លោកថ្លែងថា៖ «ទាល់តែរដ្ឋលោកបូកបញ្ចូលគាត់ទៅក្នុងប្រព័ន្ធជួយជនក្រីក្រ ដូចជា ការព្យាបាល ពិនិត្យសុខភាពដោយអត់អស់លុយ ហើយប្រសិនបើរដ្ឋចែកជាកញ្ចប់ថវិកាចែកលុយសុទ្ធ ពួកគាត់ក៏គួរតែជាអាទិភាពទី ១ ដែរ ដែលជួយបន្ថយបំណុលរបស់គាត់។ មួយទៀតបង្កើតមុខរបរនៅក្នុងសហគមន៍ ដូចជាវិស័យកសិកម្ម ដែលវាអាចកាត់បន្ថយការប្រថុយប្រថានទៅប្រទេសគេវិញ»។ លោកគាំទ្រដល់ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជំរុញឲ្យពលករត្រឡប់ពីបរទេស ងាកមកប្រកបរបរក្នុងវិស័យកសិកម្ម។ ប៉ុន្តែលោកសង្កេតឃើញជាក់ស្ដែងថា ការជំរុញនេះហាក់មិនទាន់ឈានដល់មានការអនុវត្តពេញលេញទេ គឺមានដោយអន្លើ។

លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកផែនការនៃក្រសួងផែនការបានឲ្យដឹងថា កាលពីពេលថ្មីៗនេះ បន្ទាប់ពីមានការផ្ទុះឡើងជំងឺកូវីដ១៩ ក្នុងសហគមន៍នៅប្រទេសថៃ មានកិច្ចប្រជុំមួយត្រូវបានធ្វើឡើងដឹកនាំដោយលោក វង្សី វិសុទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីការផ្ដល់បណ្ណសមធម៌ដល់ពលករចំណាកស្រុកពីប្រទេសថៃដោយមិនប្រកាន់និន្នាការនយោបាយឡើយ។ លោក បញ្ញាធន បញ្ជាក់ដូច្នេះថា៖ «ប្រសិនបើគាត់មានបញ្ហា ឬគាត់ធ្លាក់ខ្លួនក្រីក្រអី គឺគាត់អាចដាក់ពាក្យស្នើសុំ នៅឯឃុំ-សង្កាត់របស់គាត់ដូចប្រជាជនទូទៅអ៊ីចឹង។ អាជ្ញាធរឃុំ-សង្កាត់គាត់នឹងពិនិត្យមើលថាតើការស្នើសុំរបស់ពួកគាត់នោះ ក្រមែន ឬមិនមែន? បើគាត់ក្រមែន គេនឹងផ្ដល់បណ្ណឲ្យហើយ។ ប៉ុន្តែយើងមិនធ្វើការផ្ដល់បណ្ណសមធម៌ដល់រាល់ពលករចំណាកស្រុកពីថៃ ដោយស្វ័យប្រវត្តិនោះទេដោយសារតែអ្នកខ្លះក៏មកវិញមិនមែនបាតដៃទទេនោះទេ»៕

website_news/2021080105.txt · Last modified: 2021/01/08 12:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki