website_news:2021080106

ខេត្តប៉ៃលិន ត្រៀមគ្រែចំនួន២០០ទៀត សម្រាប់ចត្តាឡីស័កពលករមកពីថៃ

https://thmeythmey.com/ 07, Jan 2021 , 3:45 pm ដោយ: អ៊ូ សុខមាន (OU Sokmean)

អ្នកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានត្រៀមគ្រែបន្ថែមចំនួន២០០ទៀត នៅក្នុងមណ្ឌលចត្តាឡីស័កថ្មី(មន្ទីរបក្សខេត្ត) សម្រាប់ឱ្យពលករមកពីប្រទេសថៃ ធ្វើចតា្តឡីស័ក។ អ្នកស្រី បានបញ្ជាក់ថា ការត្រៀមគ្រែបន្ថែមនេះ ព្រោះមិនចង់ឱ្យដឹកជញ្ជូនពលករឆ្លងទៅខេត្តផ្សេងទៀត។ គិតត្រឹមព្រឹកថ្ងៃទី៧ មករា ពលករមកពីប្រទេសថៃចំនួន២៥៣នាក់ កំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័កទាំង៤នៅក្នុងខេត្តប៉ៃលិន។ បើតាមអ្នកស្រី បាន ស្រីមុំ ពលករចត្តាឡីស័កទាំងនោះ គឺមានពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិនផ្ទាល់ ប្រមាណតែ៤០ភាគរយប៉ុណ្ណោះ ក្នុងចំណោមអ្នកទាំងនោះ។ ក្រៅពីនេះ សុទ្ធសឹងជាពលកររស់នៅតាមបណ្តាខេត្តនានា ដែលតម្រូវឱ្យធ្វើសត្តាឡីស័កនៅខេត្តប៉ៃលិន។ «ពលករធ្វើចត្តាឡីស័ក និងមានវិជ្ជមានកូវីដ-១៩ នៅខេត្តប៉ៃលិន គឺមិនមែនសុទ្ធតែជាពលរដ្ឋរស់នៅខេត្តប៉ៃលិនឡើយ។ មានន័យថា ពលកររស់នៅខេត្តផ្សេងៗដែលចេញពីថៃ គឺបានចូលតាមច្រកខេត្តប៉ៃលិនយើង។ មានពលកររស់នៅខេត្តផ្សេងៗដែលមកពីថៃ បានឆ្លងកាត់តាមខេត្តប៉ៃលិនយើង! អ៊ីចឹងទើបខាងកងកម្លាំងយើងសហការជាមួយមន្ត្រីក្រសួងភិបាល បានយកពួកគាត់ធ្វើចត្តាឡីស័ក និងធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩មួយចំនួនលើពលករទាំងនោះ»។ នេះជាការលើកឡើងរបស់អ្នកស្រី បាន ស្រីមុំ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ។ ក្រៅពីពលរដ្ឋរស់នៅខេត្តប៉ៃលិនផ្ទាល់ គឺមានអ្នករស់នៅបាត់ដំបង និងបន្ទាយមានជ័យជាដើម កំពុងធ្វើចត្តាឡីស័កនៅទីនោះ។ អ្នកស្រីបាន ស្រីមុំ បានបញ្ជាក់ថា ក្នុងមួយថ្ងៃៗ មានពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃ ចូលកម្ពុជាតាមច្រកព្រំដែនខេត្តប៉ៃលិន ចន្លោះពី១០ទៅ២០នាក់។

បើតាមរបាយការណ៍លោក កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពលករខ្មែរ៤,៤១៥នាក់ហើយ បានត្រឡប់មកកម្ពុជាវិញ គិតត្រឹមថ្ងៃទី៦ មករា។ ក្រៅពីពលករខ្មែរសម្រុកមកវិញ ក៏មានពលរដ្ឋខ្មែរជិត២៤០នាក់ លួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃដែរ។ នេះបើតាមរបាយការណ៍ពីលោក កែវ វណ្ណថន ដដែល។

សូមជម្រាបថា គិតត្រឹមថ្ងៃទី៧ មករា ក្រសួងសុខាភិបាល រកឃើញពលករខ្មែរ២០នាក់ហើយ ដែលត្រឡប់ពីប្រទេសថៃវិញ មានជំងឺកូវីដ-១៩ ។ ពួកគេទាំងនោះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅតាមមណ្ឌលសុខភាពនានា ក្នុងខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ។ បច្ចុប្បន្នកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៣៨៥នាក់ ដោយក្នុងនោះ មាន៣៦២នាក់បានជាសះស្បើយ ខណៈថៃ មានអ្នកឆ្លងជាង៩ពាន់នាក់ ជាសះស្បើយជាង៤ពាន់នាក់ និងស្លាប់៦៦នាក់៕

website_news/2021080106.txt · Last modified: 2021/01/08 12:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki