website_news:2021080109

អាជ្ញាធរថៃចាប់ពលករខ្មែរឆ្លងដែនខុសច្បាប់៣២នាក់ និងបញ្ជូនត្រឡប់មកវិញជាង១០០នាក់

https://www.rfa.org/khmer/ ដោយ៖ អាស៊ីសេរី 2021-01-06

អាជ្ញាធរថៃចាប់ពលករខ្មែរ ៣២នាក់ ក្នុងពេលឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើនៅខេត្តស្រះកែវ (Sra Kao) កាលពីរសៀលថ្ងៃទី៥ មករា ខណៈពលករខ្មែរជាង ១០០នាក់ ឆ្លងជំងឺកូវីដ-១៩ នៅប្រទេសថៃ។ ជាមួយគ្នានេះអាជ្ញាធរថៃបានបញ្ជូនពលករខ្មែរជាង ១០០នាក់ផ្សេងទៀតត្រឡប់ទៅកម្ពុជាវិញតាមច្រកទ្វារព្រំដែនក្នុងខេត្តបន្ទាយមានជ័យ។ មន្ត្រីសង្គមស៊ីវិលយល់ថា ការឆ្លងដែនអំឡុងពេលនេះជារឿងមិនល្អឡើយ ហើយអាចប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត។ ពលករខ្មែរទាំង ៣២នាក់ ដែលត្រូវអាជ្ញាធរថៃចាប់ខ្លួននោះ មានកុមារចំនួន ៦នាក់ បានធ្វើដំណើរជា ២ក្រុមផ្សេងគ្នា ឆ្លងដែនតាមរយៈមេខ្យល់ជនជាតិខ្មែរ ចូលទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់។ សារព័ត៌មានថៃ (77Kaoded) ផ្សាយនៅថ្ងៃទី៦ ធ្នូ ថា ពលករ ១១នាក់ ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃទី៦ ធ្នូ និង ២១នាក់ទៀត អាជ្ញាធរថៃចាប់ខ្លួនកាលពីរសៀលថ្ងៃទី៥ ធ្នូ ក្នុងពេលពួកគេធ្វើដំណើរទៅស៊ីឈ្នួលកាប់អំពៅនៅតំបន់ព្រំដែនក្នុងខេត្តស្រះកែវ (Sra kao)។ អាជ្ញាធរថៃបានបញ្ជូនពលករទាំងនោះទៅតុលាការខេត្តស្រះកែវ ដើម្បីចាត់វិធានការតាមច្បាប់។ ការចាប់ពលករខ្មែរនេះ គឺបន្ទាប់ពីគណៈរដ្ឋមន្ត្រីថៃបានអនុម័តឱ្យចាត់វិធានការលើមេខ្យល់ និងអាជ្ញាធរថៃទាំងឡាយ ដែលពាក់ព័ន្ធនឹងការនាំពលករបរទេសឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់អំឡុងពេលនេះ ដោយមិនមានការលើកលែងឡើយ។ រដ្ឋាភិបាលថៃចេញវិធានការតឹងរ៉ឹងបែបនេះ ដោយសារតែប្រទេសថៃមានការផ្ទុះជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាលើកទី២ ដោយអាជ្ញាធរថៃរកឃើញថា ភាគច្រើនឆ្លងតាមរយៈពលករបរទេស។ របាយការណ៍ក្រសួងសុខាភិបាលថៃឱ្យដឹងថា គិតចាប់ពីថ្ងៃទី១៩ ធ្នូ ដល់ថ្ងៃទី៦ មករា មានពលករខ្មែរចំនួន ១០៥នាក់ហើយ ដែលបានឆ្លងជំងឺកូវីដ-១៩ នៅប្រទេសថៃ។

អាស៊ីសេរីមិនអាចទាក់ទងមន្ត្រីស្ថានទូតខ្មែរនៅទីក្រុងបាងកក ដើម្បីសាកសួរអំពីវិធានការក្នុងការជួយដល់ពលករខ្មែរ ដែលឆ្លងជំងឺកូវីដ-១៩ និងពលករ ដែលត្រូវអាជ្ញាធរចាប់ខ្លួននៅខេត្តស្រះកែវនោះបានទេ នៅថ្ងៃទី៦ មករា។

ចំណែកស្នងការរងនគរបាលខេត្តបន្ទាយមានជ័យទទួលបន្ទុកការពារព្រំដែន លោក អ៊ុំ សុផល ប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី៦ ធ្នូ ថា លោកមិនទាន់ទទួលព័ត៌មានជុំវិញការចាប់ខ្លួនពលករខ្មែរនេះនៅឡើយទេ។ ទោះជាយ៉ាងណាលោកជឿថា អាជ្ញាធរថៃនឹងបញ្ជូនពលករទាំងនោះត្រឡប់មកកម្ពុជាវិញដោយមិនមានការផ្ដន្ទាទោសនោះឡើយ៖ «ខ្លះមកទៅគេចាប់បាន ខ្លះទៅចាប់បាននៅហ្នឹងកន្លែងវាអត់ទៀត។ ខ្ញុំសួរថៃហើយគេអត់ដាក់គុកទេ ទោះបីចាប់បានក៏គេអត់ដាក់ដែរ។ ពិបាកណាស់យើងរាយកម្លាំងពេញទឹកពេញដីហើយនៅតែគាត់លួចចេញ អ្នកភូមិជាប់ព្រំដែនពិបាកណាស់ ផ្ទះគាត់ជាប់ព្រំដែន ហើយផ្លូវក្រោយផ្ទះគាត់ហ្នឹងដើរទៅម៉ោងណាក៏បានដែរ។ បើអ្នកពីចម្ងាយមបណ្ដោយអាហ្នឹងអត់អី បើអត់ស្គាល់ភូមិសាស្ត្រយើងយកបាន បើអ្នកភូមិយកមិនបានទេ»។ មេប៉ូលិសពាក់ផ្កាយ១ រូបនេះឱ្យដឹងថា អាជ្ញាធរថៃក៏បានបញ្ជូនពលករខ្មែរចំនួន ១១០នាក់ប្រគល់ឱ្យអាជ្ញាធរកម្ពុជាវិញតាមច្រករបៀងព្រំដែនក្នុងខេត្តបន្ទាយមានជ័យដែរ នៅយប់ថ្ងៃទី៥ មករា។ លោក អ៊ុំ សផល បញ្ជាក់ថា អាជ្ញាធរខ្មែរបានបញ្ជូនពលករទាំងនោះទៅធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅតំបន់ព្រំដែនខេត្តបន្ទាយមានជ័យអស់ហើយ។

ទាក់ទងរឿងនេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា យល់ថា ពលករខ្មែរឆ្លងដែនទៅប្រទេសថៃអំឡុងពេលនេះ ជាការប្រថុយប្រថាននឹងគ្រោះថ្នាក់ដល់អាយុជីវិត ហើយប្រឈមនឹងអាជ្ញាធរថៃចាប់ដាក់គុក ដោយសារថៃបានដាក់ប្រទេសក្នុងគ្រាអាសន្ន និងមានការត្រួតពិនិត្យតឹងតែងនៅតំបន់ព្រំដែន ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩៖ «ហានិភ័យស្ទើរថា១០០ដង ទីមួយពួកគាត់ហ្នឹងជួបគេចាប់ ហើយធ្ងន់ធ្ងរជាងសព្វដង ហើយទី២ទាក់ទងទៅលើជំងឺកូវីដហ្នឹង ហើយបើគាត់ទៅយប់ត្រូវបានគេបាញ់បោះប៉ះពាល់ដល់អាយុជីវិត។ អីចឹងបញ្ហាទាំងអស់ហ្នឹងគួរតែប្រជាពលរដ្ឋទាំងអស់ហ្នឹង ចាប់ផ្ដើមការគិតពិចារណាថាតើខ្លួនគួរតែប្រថុយប្រថានបន្តទៀត ឬមួយយ៉ាងម៉េច»។ ទោះជាយ៉ាងណាមន្ត្រីសង្គមស៊ីវិលរូបនេះកត់សម្គាល់ថា ការឆ្លងដែនរបស់ពលរដ្ឋនេះគឺដោយសារពួកគេមានជីវភាពក្រីក្រ ហើយនៅផ្ទះអត់ការងារធ្វើ និងគ្មានប្រាក់ដោះស្រាយជីវភាពគ្រួសារ។ លោក ស៊ុំ ច័ន្ទកា យល់ថាដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលគួរតែចុះស្រង់ឈ្មោះពលរដ្ឋក្រីក្រ ដែលអត់ការងារធ្វើរួចផ្ដល់ស្បៀងអាហារពួកគាត់ និងជួយរកការងារឱ្យពួកគាត់ធ្វើនៅក្នុងស្រុក ដើម្បីកុំឱ្យពួកគាត់ធ្វើចំណាកស្រុកទាំងប្រថុយប្រថានអំឡុងពេលនេះបន្តទៀត៕

website_news/2021080109.txt · Last modified: 2021/01/08 12:35 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki