website_news:2021080111

ពលករចំណាកស្រុកខ្មែរ ឡាវ និងភូមា ត្រូវបានអនុញ្ញាតឲ្យចុះឈ្មោះធ្វើការស្របច្បាប់២ឆ្នាំនៅប្រទេសថៃ

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 06/01/2021 - 12:42 ដោយ៖ញឹម សុផល

ពលករចំណាកស្រុកខុសច្បាប់មកពីប្រទេសកម្ពុជា ឡាវ និងភូមា ត្រូវរដ្ឋាភិបាលថៃចេញច្បាប់អនុញ្ញាតឲ្យធ្វើការ និងស្នាក់នៅដោយស្របច្បាប់រយៈពេល២ឆ្នាំ នៅក្នុងប្រទេសថៃ រួមជាមួយនឹងកូនៗរបស់ពួកគេផងដែរ។ ការសម្រេចចិត្តរបស់អាជ្ញាធរថៃដូច្នេះ គឺជាផ្នែកមួយធ្វើឡើងដើម្បីគ្រប់គ្រង និងតាមដានការរីករាលដាល នៃជំងឺកូវីដ១៩ ដែលពេលនេះ កំពុងផ្ទុះចេញពីក្នុងចំណោមពលករចំណាកស្រុកនៅខេត្តសាមុតសាខន។ ចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ពលករចំណាកស្រុកបរទេសខុសច្បាប់ ទាំង៣សញ្ជាតិ មានកម្ពុជា ឡាវ និងភូមា នឹងត្រូវបានអនុញ្ញាតឲ្យដាក់ពាក្យសុំធ្វើការងារ និងស្នាក់នៅស្របច្បាប់ក្នុងប្រទេសថៃរយៈពេល២ឆ្នាំ តាមរយៈនិយោជករបស់ពួកគេ។

រដ្ឋមន្ត្រីក្រសួងការងារថៃ លោក Suchart Chomklin អំឡុងពេលសន្និសីទកាសែតមួយនាដើមសប្តាហ៍នេះ បានថ្លែងថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលថៃ គឺធ្វើឡើងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ តាមរយៈការធ្វើឲ្យប្រសើរឡើងនៃសុខភាពរបស់ពលករចំណាកស្រុក ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃម្សិលមិញ។

ទាក់ទងទៅនឹងចំណាត់ការរបស់អាជ្ញាធរថៃដូច្នេះ អ្នកនាំពាក្យក្រសួងការងារកម្ពុជា លោក ហេង សួរ បានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថា ជាយន្តការមួយដែលមានការស្វាគមន៍ និងស្របតាមការស្នើសុំរបស់ក្រសួងការងារកម្ពុជាផងដែរ។

តាមការប្រកាសរបស់អាជ្ញាធរថៃ ពលករត្រូវឆ្លងកាត់ការពិនិត្យសុខភាពរកកូវីដ១៩ ទិញធានារ៉ាប់រងតម្លៃ២ពាន់បាត ក្នុងម្នាក់រយៈពេល១ឆ្នាំ និងត្រូវបង់ថ្លៃចុះឈ្មោះប័ណ្ណការងារជិត២ពាន់បាតទៀត ដែលជាបន្ទុករបស់និយោជក។

សូមបញ្ជាក់ថាប្រទេសកម្ពុជាបានខកខានបញ្ជូនពលករតាមកិច្ចព្រមព្រៀង MOU ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២០កន្លងមក នៅពេលដែលប្រទេសថៃបានបិទព្រំដែន ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ១៩។ ទោះយ៉ាងណា ពលករខុសច្បាប់ខ្មែរ នៅតែអាចចេញចូលបានទៅក្នុងប្រទេសថៃ តាមច្រករបៀងផ្សេងៗជាប់ព្រំដែនជាមួយថៃ ដោយពលករខ្លះត្រូវបានថៃចាប់បញ្ជូនមកកម្ពុជាវិញ។ ហើយចុងក្រោយនេះ ពលករខ្មែរជិត២០ បានឆ្លងកូវីដ១៩ ក្រោយការផ្ទុះនៅក្នុងខេត្តសាមុត សាខន ប្រទេសថៃ កាលពីសប្តាហ៍កន្លងទៅ៕

website_news/2021080111.txt · Last modified: 2021/01/08 12:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki