website_news:2021080203

អភិបាលខេត្តឧត្ដរមានជ័យព្រមានចាត់វិធានការដល់ពលករណាមិនព្រមធ្វើចត្តាឡីស័ក

https://www.kampucheathmey.com/ on February 5, 2021 By Sokhom Khon

លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យបានធ្វើការព្រមានផាកពិន័យនិងដាក់ទោសព្រហ្មទណ្ឌដល់ពលករទាំងឡាយណាដែលរត់គេចវេសមិនព្រមធ្វើចត្តាឡីស័ក។ ថ្លែងក្នុងឱកាសចុះសំណេះសំណាលជាមួយបងប្អូនពលករមកពីថៃតាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ លោកបានមានប្រសាសន៍ថា ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានសារៈសំខាន់ណាស់ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ចូលក្នុងសហគមន៍។ លោកបានបន្តទៀតថា ចំពោះការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនេះដែរ រដ្ឋបាលខេត្ត ក៏បានយកចិត្តទុកដាក់ចំពោះការផ្គត់ផ្គង់នូវការស្នាក់នៅ ចំណីអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួនជូនបងប្អូនពលករផងដែរ។ លោកអភិបាលខេត្តបានបន្ថែមថា «ប្រសិនបើបុគ្គលណាមិនគោរពតាមវិធានការ របស់ក្រសួងសុខាភិបាល ដោយធ្វើចត្តាឡីស័ក១៤ថ្ងៃ ឬរត់ចេញ ឬគេចវេសពីការធ្វើចត្តាឡីស័ក នឹងត្រូវផាកពិន័យចាប់ពី២០០,០០០រៀល ទៅ១,០០០,០០០ រៀល និងត្រូវមានទោសព្រហ្មទណ្ឌផងដែរ»។ លោកអភិបាលខេត្តបានអំពាវនាវឲ្យបងប្អូនពលករ រួមគ្នាការពារជំងឺកូវីដ១៩កុំឱ្យមានការចម្លងដល់បងប្អូនក្រុមគ្រួសារ ក៏ដូចជាសហគមន៍។ ដោយសារចំនួនពលករមកពីថៃចូលតាមច្រកអូរស្មាច់មានការកើនឡើងនោះ អាជ្ញាធរខេត្តឧត្តរមានជ័យបានសម្រេចយកទីតាំងពហុកីឡដ្ឋានខេត្តធ្វើជាមណ្ឌលចត្តាឡីស័កមួយទៀត ដោយរៀបចំដំឡើងតង់ចំនួន១០០ និងបង្គន់ចំនួន៣៣ និងបានរៀបចំប្រព័ន្ធទឹកភ្លើងខណៈបច្ចុប្បន្នខេត្តមានមណ្ឌលចត្តាឡីស័កប្រមាណជិត២០កន្លែង។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះមានពលករកំពុងធ្វើចត្តាឡីស័កសរុបចំនួន២,៧៨០នាក់ ដែលកំពុងប្រើប្រាស់មណ្ឌលចត្តាឡីស័កចំនួន១៩មណ្ឌលនៅទូទាំងខេត្តឧត្ដរមានជ័យ៕ អត្ថបទ ៖ សំអឿន

website_news/2021080203.txt · Last modified: 2021/02/08 11:53 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki