website_news:2021080204

ឯកអគ្គរាជទូតកម្ពុជា ជួយសង្គ្រោះពលរដ្ឋខ្មែរចំនួន៣នាក់ រងគ្រោះដោយអំពើជួញដូរមនុស្ស ចាញ់បោកក្រុមឧក្រិដ្ឋជន នៅប្រទេសវៀតណាម

https://www.cen.com.kh/ February 7, 2021

ហាណូយ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃសៅរ៍ ទី៦ ខែកុម្ភៈ ឆ្នាំ ២០២១ បានចេញសេចក្តីជូនដំណឹងការជួយសង្គ្រោះពលរដ្ឋខ្មែររងគ្រោះដោយអំពើជួញដូរមនុស្ស។ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា កាលពីឆ្នាំ២០២០ ក្រោមកិច្ចសហការយ៉ាង ជិតស្និទ្ធរវាងស្ថានទូត ជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់វៀតណាម ស្ថានទូតបានអន្តរាគមន៍ និងជួយសង្គ្រោះស្ត្រីខ្មែរ ចំនួន ៣៥នាក់ រងគ្រោះដោយអំពើជួញដូរមនុស្សឱ្យបានវិលត្រឡប់ទៅកម្ពុជាវិញ។ ស្ត្រីរងគ្រោះភាគច្រើនមានអាយុចន្លោះពី១៦-៣០ឆ្នាំ ពុំមានលិខិតឆ្លងដែន និងត្រូវបានក្រុមឧក្រិដ្ឋជន ជួញដូរមនុស្សនាំលួចឆ្លងដែន ចូលប្រទេសវៀតណាមដោយខុសច្បាប់ រួចធ្វើដំណើរបន្តទៅកាន់ប្រទេសទី៣។ ភារកិច្ចរបស់ស្ថានទូតក្នុងការជួយសង្គ្រោះពលរដ្ឋខ្មែរនៅបរទេស គឺជាការងារអាទិភាពបំផុត។

ដោយឡែកនៅឆ្នាំ២០២១នេះ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ អាជ្ញាធរខេត្តកាវបាងរបស់វៀតណាម (ជាប់ព្រំដែនប្រទេសចិន និងមានចម្ងាយ ៣៧០គីឡូម៉ែត្រ ពីទីក្រុងហាណូយ) បានជួយសង្គ្រោះស្ត្រីខ្មែរចំនួន ៣នាក់ ដែលបានចាញ់បោកក្រុមឧក្រិដ្ឋជន៖

១- ស្ត្រីរងគ្រោះទី១ កើតថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០០៤ មានអាសយដ្ឋាននៅខេត្តបាត់ដំបង

២- ស្ត្រីរងគ្រោះទី២ កើតថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩១ មានអាសយដ្ឋាននៅខេត្តកំពង់ចាម

៣- ស្ត្រីរងគ្រោះទី៣ កើតថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៩០ មានអាសយដ្ឋាននៅខេត្តត្បូងឃ្មុំ។

បន្ទាប់ពីអនុវត្តវិធានការធ្វើចត្តាឡីស័កចប់ ស្ថានទូតបានទទួលស្ត្រីរងគ្រោះទាំង ៣នាក់នៅខេត្តកាវបាង ហើយបញ្ជូនត្រឡប់ទៅកម្ពុជាវិញ តាមរថភ្លើងពីទីក្រុងហាណូយ នៅល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២១ និងទៅដល់ទីក្រុងហូជីមិញ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ហើយស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ នឹងជូនដំណើរបន្តទៅព្រំដែនអន្តរជាតិបាវិត ដើម្បីប្រគល់ស្ត្រីរងគ្រោះជូនមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារខេត្តស្វាយរៀង ដើម្បីមានវិធានការបន្ត៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

website_news/2021080204.txt · Last modified: 2021/02/08 11:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki