website_news:2021080205

ពលករខ្មែរ៨នាក់ ត្រូវទាហានឈុតខ្មៅថៃឃាត់ខ្លួន ខណៈដែលពួកគាត់ព្យាយាមលួចធ្វើដំណើរវិលត្រឡប់មកប្រទេសកម្ពុជាវិញ

https://gntimes.com/ ថ្ងៃ ៦ ខែ កុម្ភៈ , ឆ្នាំ ២០២១,

ប៉ោយប៉ែត៖ ពលករខ្មែរ៨នាក់ ត្រូវទាហានឈុតខ្មៅកងរយលេខ ១២០៥ ឃាត់ខ្លួន ខណៈដែលពួកគាត់លួចធ្វើដំណើរមកពីខេត្តនគស៊្រីធម្មរាជ និងសុរាត ថានី ព្យាយាមវិលមកប្រទេសកម្ពុជាវិញ នៅបរិវេណបន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្រុកអារញ្ញ ខេត្តស្រះកែវ។ បើតាមអ្នកសារព័ត៍មានថៃ បានរាយការណ៍ថា កាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចប្រចាំព្រំដែនក្នុងទឹកដីខេត្តស្រះកែវ បានធ្វើការរិតបន្តឹង ក្នុងការត្រួតពិនិត្យបញ្ហាការលួចឆ្លងដែនរបស់ពលករខ្មែរ ក្នុងអំឡុងស្ថានការណ៍រាត្បាតរបស់កូវីដ-១៩ ដោយសមត្ថកិច្ចទាហានប្រាណទី១២ ចំណុះអង្គភាពកងរយទី១២០៥ ល្បាត និងឃ្លាំមើលក្នុងភូមិសាស្រ្តទទួលខុសត្រូវ រហូតបានប្រទះឃើញក្រុមបុគ្គលគួរឲ្យសង្ស័យចំនួន៨នាក់ ប្រុសទាំងអស់ ខណៈកំពង់ដើរ ព្រមទាំងសម្ភារៈ នៅបរិវេណ ភូមិប៉ារ៉ៃ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ក្រោយពីធ្វើការសួរនាំ ទើបដឹងថា ពួកគេជាពលករខ្មែរ ដែលទើបធ្វើដំណើរមកពីធ្វើការនៅរោងចក្រកៅស៊ូ ក្នុងខេត្ត នគស៊្រី ធម្មរាជ និងខេត្ត សុរាត ថានី ហើយព្យាយាមលួចឆ្លងដែនចូលទៅប្រទេសកម្ពុជា ដើម្បីធ្វើដំណើរត្រឡប់ទៅភូមិលំនៅដ្ឋានរបស់ពួកគាត់វិញ ទើបឃុំខ្លួនមកសាកសួរនៅទីបញ្ជារការកងរយទាហានប្រាណទី១២០៥។

សូមជំបថា ក្រោយពីសមត្ថកិច្ចសួរនាំពលករខ្មែរទាំងអស់ ដែលលួចចេញពីប្រទេសថៃ ក្នុងនោះមានពលករមកពីខេត្តនគស៊្រី ធម្មរាជ ចំនួន៤នាក់ រួមមានទី១-ឈ្មោះ ឌុក ផូល អាយុ៤៧ឆ្នាំ, ទី២-ឈ្មោះ ហេង ស្រេះ អាយុ៤៥ឆ្នាំ, ទី៣-ឈ្មោះ វើន សំបូរ អាយុ៣២ឆ្នាំ និងទី៤-ឈ្មោះ បូ ថង អាយុ២៤ឆ្នាំ។ ដោយឡែកពលករខ្មែរដែលមកពីខេត្ត សុរាត ថានី ចំនួន៤នាក់ ទី១-ឈ្មោះ ជួយ លីន អាយុ២២ឆ្នាំ, ទី២-ឈ្មោះ ធីម អន អាយុ២១ឆ្នាំ, ទី៣-ឈ្មោះ ចា ភូ អាយុ៤៨ឆ្នាំ និងទី៤-ឈ្មោះ កែវ នី អាយុ២៣ឆ្នាំ ដែលអ្នកទាំងអស់មានស្រុកកំណើតនៅឯខេត្តព្រៃវែង ប្រទេសកម្ពុជា ។ ក្រោយពីសមត្ថកិច្ចសួរនាំ និងធ្វើកំណត់ហេតុរួច និងធ្វើចត្តាឡីស័កកូវិដ-១៩ មានកម្ដៅធម្មតា ទើបសមត្ថកិច្ចនាំខ្លួនពលករទាំងនោះ បញ្ជូនទៅឲ្យទាហានកងរយ១២៧ ភូមិណូន ម៉ាកមុន ស្រុកគោកឃ្យូង ដើម្បីបញ្ជូនឲ្យត្រឡប់ចូលមកកម្ពុជា តាមច្រកត្រួតពិនិត្យអូរបីជាន់បន្ត។

យោងតាមការឲ្យដឹងពីសមត្ថកិច្ចថា ពួកគេបានជិះរថយន្តដឹកអ្នកដំណើរពីខេត្ត សុរាត ថានី និងនគស៊្រី ធម្មរាជ អស់ថ្លៃជិះរថយន្តក្នុងម្នាក់៤,០០០បាត ដើម្បីមកចុះនៅស្ថានីយ៍ដឹកជញ្ជូន សាយ តៃម៉ី ត្លឹង ឆន់ ក្រុងថេបមហានគរ និងម៉ៅរថយន្តតាក់ស៊ីមកចំនួន២គ្រឿង ដើម្បីឲ្យជូនមកស្រុកអារញ្ញ ខេត្តស្រះកែវ អស់ថ្លៃរថយន្តក្នុងម្នាក់៣,០០០បាត មុនហ្នឹងត្រូវទាហានចាប់ឃុំខ្លួនបាន នៅបរិវេណបន្ទាត់ព្រំដែនកម្ពុជា-ថៃ ខាងលើ៕

website_news/2021080205.txt · Last modified: 2021/02/08 11:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki