website_news:2021080206

ពលករខ្មែរនៅថៃ ប្រឈមការចាប់ខ្លួនព្រោះគ្មានប្រាក់ចុះឈ្មោះសុំសិទ្ធិធ្វើការស្របច្បាប់

https://www.rfa.org/ ដោយ មួង ណារ៉េត 2021-02-07

ពលករខ្មែរធ្វើការនៅប្រទេសថៃជាច្រើននាក់ នៅតែពុំមានលទ្ធភាពចុះឈ្មោះសុំសិទ្ធិធ្វើការងារស្របច្បាប់បាននៅឡើយ ស្របពេលដែលថ្ងៃផុតកំណត់ចុះឈ្មោះនៅចុងសប្ដាហ៍នេះ។ ពលករខ្លះមានជីវភាពខ្វះខាត និងខ្លះទៀត ពុំដឹងព័ត៌មាន អំពីអាជ្ញាធរថៃបើកឱ្យពលករបរទេសសុំសិទ្ធិធ្វើការស្របច្បាប់នៅឡើយ។ មន្ត្រីសង្គមស៊ីវិល យល់ថា ពលករទាំងនោះអាចនឹងត្រូវអាជ្ញាធរថៃចាត់វិធានការតាមច្បាប់នៅពេលខាងមុខ។ ក្រុមពលករខ្មែរ ដែលធ្វើការខុសច្បាប់នៅប្រទេសថៃ កំពុងព្រួយបារម្ភខ្លាចអាជ្ញាធរថៃចាប់បញ្ជូនត្រឡប់ទៅកម្ពុជាវិញ ឬចាប់ដាក់គុក នៅពេលខាងមុខ ដោយសារតែពួកគាត់ ពុំមានលទ្ធភាពចុះឈ្មោះសុំសិទ្ធិការងារស្របច្បាប់។

ប្រជាពលរដ្ឋ ដែលមានស្រុកកំណើត នៅខេត្តប៉ៃលិនលោកស្រី ហែម មុំ រៀបរាប់ប្រាប់អាស៊ីសេរីថា លោកស្រីនិងកូនស្រីរបស់លោកស្រី ២នាក់ មិនទាន់បានចុះឈ្មោះសុំសិទ្ធិធ្វើការងារស្របច្បាប់នៅឡើយទេ ព្រោះទើបតែដឹងព័ត៌មាន ដែលថាអាជ្ញាធរថៃ បើកឱ្យសុំសិទ្ធិធ្វើការងារស្របច្បាប់ ឬបើកឲ្យសុំកាតធ្វើការពណ៌ស៊ីជម្ពូ។ ពលការិនីធ្វើការសំណង់រូបនេះ បន្ថែមថា លោកស្រីគ្មានប្រាក់ចុះឈ្មោះធ្វើកាតស៊ីជម្ពូ ដើម្បីបានសិទ្ធិធ្វើការងារស្របច្បាប់នោះទេ ដ្បិតមួយរយៈនេះ ពួកគាត់ធ្វើការមិនទៀងទាត់ ហើយបានប្រាក់ឈ្នួលតិចតួចសម្រាប់តែដោះស្រាយជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ។ ស្ត្រីមេម៉ាយរូបនេះ បញ្ជាក់ថា លោកស្រីមិនចង់ត្រឡប់ទៅកម្ពុជាអំឡុងពេលនេះទេ ព្រោះនៅស្រុកកំណើតគ្មានដីដាំដុះ និងគ្មានរបររកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារឡើយ៖ «ខ្ញុំចាញ់តែបោកគេមិនដែលបានលុយផង ភូមិជីន (Jin)ក៏មិនបានលុយនៅឯប៉ាតាយ៉ាក៏មិនបានលុយ ខ្ញុំដើរឡើង៦ ប្រាំពីរខែហើយមិនដែលបានលុយទេ គេឱ្យតែថ្លៃម្ហូបហូប។ ខ្ញុំមកនេះប៉ុន្មានខែហើយក៏មិនមានលុយណាទៅធ្វើកាត ។ខ្ញុំធ្វើការមកនេះមិនរួចថ្លៃម្ហូបហើយគេកាត់៥០០ៗ ខ្ញុំស្រីបានប្រាក់៥ពាន់អស់ច្រើនហើយ ហើយគេកាត់៥០០ទៀត ខ្ញុំមានអីសល់។ វាពិបាកណាស់និយាយថា អត់ត្រូវ វាពិបាករកនិយាយអីអត់កើត គេឱ្យធ្វើយើងធ្វើទៅ បើគេចាបគេចងគេមិនឱ្យធ្វើមានតែទៅខ្មែរវិញហ្នឹងហើយ»។

ស្រដៀងគ្នានេះដែរ ពលការិនីធ្វើការសំណង់នៅប្រទេសថៃម្នាក់ទៀត លោកស្រី ហៃ សុខន ថ្លែងថា គ្រួសាររបស់លោកស្រី មានសមាជិក៣នាក់ បានឆ្លងដែនទាំងប្រថុយប្រថានមករកការងារធ្វើនៅប្រទេសថៃ កាលពីខែ មេសា ឆ្នាំ ២០២០។ ស្ត្រីវ័យ៣៥ឆ្នាំរូបនេះ ប្រាប់ថា ចាប់តាំងពីពួកលោកស្រី និងកូន២នាក់ មកដល់ប្រទេសថៃមក គឺធ្វើការមិនបានប្រាក់ឈ្នួលគ្រប់ចំនួនតាមកម្លាំងពលកម្មនោះទេ ដោយថៅកែថៃបើកប្រាក់ឱ្យបន្តិចបន្តួច ដើម្បីទិញស្បៀងអាហារហូបចុកប្រចាំថ្ងៃប៉ុណ្ណោះ។ លោកស្រីបន្ថែមថា អំឡុងពេលរាតត្បាតជំងឺកូវីដ១៩នេះ លោកស្រីនិងកូនៗរបស់លោកស្រីបានប្ដូរទីកន្លែងធ្វើការចំនួន២លើករួចមកហើយ នៅតែសន្សំប្រាក់មិនបានផ្ញើទៅឱ្យបងប្អូននៅកម្ពុជាដដែល។ លោកស្រីថា ពួកគាត់មិនទាន់បានចុះឈ្មោះ សុំសិទ្ធិធ្វើការងារស្របច្បាប់នៅឡើយទេ ពីព្រោះគ្មានប្រាក់បង់ថ្លៃធ្វើកាតពណ៌ស៊ីជម្ពូរបស់អាជ្ញាធរថៃនោះ៖ «ខ្ញុំព្រួយបារម្ភខ្លាចគេចុះចាប់ចុះអីដែរ ព្រោះអីខ្ញុំមានបញ្ហាដូចថាម៉ែគាត់ឈឺនៅផ្ទះ ខ្ញុំមករកយកទៅមើលម៉ែ។ ដល់ពេលមកអីចឹងយើងអត់មានប៉ាស្ព័រអីចឹងយើងចេះតែព្រួយបារម្ភដែរហ្នឹង មើលដូចកាលពីចូលឆ្នាំសាកលខ្ញុំរត់បែកទឹកបែកដីហើយ កាលណាមិនឱ្យគេអាហ្នឹងឱ្យទេខ្ញុំធ្វើការអត់សល់លុយទៅស្រុកទេ។ ក៏ចង់ធ្វើអាហ្នឹងឯង ព្រោះអីខ្ញុំធ្វើការអត់មានសល់លុយទេ»។ ចំណែកពលរដ្ឋមានស្រុកកំណើតនៅ ខេត្តបន្ទាយមានជ័យវិញ គឺលោកស្រី ឌឿន ថេត លោកស្រី ឱ្យដឹងថា លោកស្រីបានមកស្នាក់នៅជាមួយមិត្តភ័ក្ដិជាង ១ខែហើយ ដោយសារមួយរយៈនេះលោកស្រីអត់ការងារធ្វើ ហើយគ្មានប្រាក់ទិញអាហារហូបចុក និងប្រាក់បង់ថ្លៃបន្ទប់ជួល។ ស្ត្រីវ័យ៣៣ឆ្នាំរូបនេះ ប្រាប់ថា លោកស្រីក៏មិនទាន់បានចុះឈ្មោះធ្វើកាតពណ៌ស៊ីជម្ពូនោះដែរ ដោយសារគ្មានប្រាក់បង់ថ្លៃធ្វើឯកសាររបស់អាជ្ញាធរថៃ។ លោកស្រីបញ្ជាក់ថា លោកស្រី ចង់ត្រឡប់ទៅកម្ពុជាវិញដែរ ប៉ុន្តែមិនអាចធ្វើដំណើរទៅបាន ព្រោះអាជ្ញាធរថៃបានហាមឃាត់មិនឱ្យពលករបរទេសចល័តពីខេត្តមួយទៅខេត្តទៀត៖ «ចៃដន្យអីយើងនៅជាមួយគេអីចឹងវាប្រយ័តលុយផង យើងចេះធ្វើបាយធ្វើទឹកអីចឹងទៅវាប្រយ័តលុយ បើសិនទៅញាំខាងក្រៅវិញវាអស់ច្រើន។ សំខាន់គឺការងារវាអត់បានលុយ មកធ្វើការអីចឹងវាមានបញ្ហាហ្នឹងកន្លែងធ្វើការ ជូនកាលយើងមកធ្វើការជាមួយមិត្តភ័ក្ដិអីចឹងគេនិយាយកិច្ចសន្យាការងារអត់ដឹងរឿង យើងអត់ដឹងដែរ ដល់មកធ្វើគ្នាអីចឹងវាត្រូវនេះ កាលហ្នឹងធ្វើការប្រហែលជា៣ខែគ្នាបានលុយទេ ទៅកន្លែងថ្មីទៀតក៏មិនសូវបានលុយដែរ។ ២ឆ្នាំនេះខ្ញុំអត់មានចំណូលទេ ខ្ញុំមានតែចាយលុយអ្នកផ្ទះទៀត»។

អាស៊ីសេរីមិនទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំទីក្រុងបាងកក និងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ដើម្បីសុំអត្ថាធិប្បាយជុំវិញក្ដីកង្វល់របស់ពលករនេះបានទេ នៅថ្ងៃទី៧ ខែកុម្ភៈ ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។ ប៉ុន្តែមន្ត្រីស្ថានទូតខ្មែរប្រចាំទីក្រុងបាងកកធ្លាប់ឱ្យដឹងថា ស្ថានទូតមិនអាចជួយដោះស្រាយជូនពលករតាមការស្នើសុំបានទេ ព្រោះអាជ្ញាធរថៃ បានបើកឱ្យពលករចុះឈ្មោះសុំសិទ្ធិធ្វើការងារស្របច្បាប់ហើយ។

ក្រសួងការងារថៃ បើកឱ្យពលករបរទេសចុះឈ្មោះតាមទូរស័ព្ទ ដើម្បីធ្វើកាតធ្វើការពណ៌ស៊ីជម្ពូចាប់ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី១៣ ខែកុម្ភៈ ខាងមុខដើម្បីមានសិទ្ធិធ្វើការងារស្របច្បាប់រយៈពេល២ឆ្នាំនៅក្នុងប្រទេសថៃ។ វិធានការរបស់អាជ្ញាធរថៃនេះ ធ្វើឡើងជាករណីពិសេសដើម្បីទប់ស្កាត់កុំឱ្យមានការរាតត្បាតជំងឺកូវីដ-១៩។ ទោះជាយ៉ាងណា ក្រសួងការងារថៃព្រមានថា អាជ្ញាធរថៃនឹងចាត់វិធានការតាមផ្លូវច្បាប់ លើពលករបរទេសណា ដែលធ្វើការងារខុសច្បាប់ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ តទៅ។

ទោះជាយ៉ាងនេះក្ដីមន្ត្រីអង្គការសង់ត្រាល់(Central) ទទួលបន្ទុកសិទ្ធិការងារ លោក ឌី ថេហូយ៉ា យល់ថា ការបើកឱ្យពលករចុះឈ្មោះរយៈពេល ១ ខែនេះ មិនគ្រប់គ្រាន់សម្រាប់ពលករបំពេញបែបបទសុំសិទ្ធិនោះឡើយ។ លោកថា ពលករខ្មែរមានរាប់សែននាក់ កំពុងធ្វើការងារខុសច្បាប់នៅប្រទេសថៃ ហើយពួកគាត់ភាគច្រើន មិនចេះចុះឈ្មោះតាមទូរស័ព្ទនោះទេ។ ម្យ៉ាងទៀត ការធ្វើកាតពណ៌ស៊ីជម្ពូនេះ តម្រូវឲ្យពលករបង់ប្រាក់ជាង៩ពាន់បាត(៩ ០០០) ឬប្រមាណ៣០០ដុល្លារក្នុងម្នាក់ឯណោះ ដែលជាបន្ទុកធ្ងន់សម្រាប់ពលករ។ លោកបន្ថែមថា ពលករមួយចំនួនអត់ការងារធ្វើជាច្រើនខែមកហើយ ដូច្នេះពួកគាត់មិនមានប្រាក់ធ្វើកាតពណ៌ស៊ីជម្ពូនោះឡើយ៖ «ហើយអាបញ្ហាមួយទៀតហ្នឹងគឺគាត់ត្រូវប្រឈមនឹងអត់មានប្រាក់ចំណូលការចិញ្ចឹមជីវភាពការបង់ធនាគារអីជាដើមអីចឹង។ អីចឹងយើងឃើញថា បញ្ហាប្រឈម៤ហ្នឹងវារឹតតែឱ្យគាត់រងគ្រោះ គេហៅថាជនរងគ្រោះនៃសង្គម។ សង្គមហ្នឹងគឺមិនបង្កើតបរិយាកាសមួយអាចឱ្យគាត់អាចរស់បានស្រួលហើយ សង្គមមិនមានការទទួលខុសត្រូវសំដៅទៅការដឹកនាំរដ្ឋមិនមានការទទួលខុសត្រូវចំពោះពលរដ្ឋខ្លួន ដែលដឹងហើយថាបញ្ហានឹងកើតឡើងចំពោះពលរដ្ឋក៏ប៉ុន្តែមិនមានចំណាត់ការសមស្របណាមួយដើម្បីឆ្លើយតបចំពោះបញ្ហាទាំងអស់ហ្នឹង»។

របាយការណ៍ក្រសួងការងារថៃឱ្យដឹងថា គិតត្រឹមថ្ងៃទី៦ ខែ កុម្ភៈ មានពលករខ្មែរជិត ១សែន ២ម៉ឺននាក់ហើយ(១១៩.៨១១) ដែលបានចុះឈ្មោះសុំសិទ្ធិធ្វើការស្របច្បាប់រួចរាល់។

មន្ត្រីសិទ្ធិការងារលោក ឌី ថេហូយ៉ា ឱ្យដឹងដែរថា ពលករខ្មែរធ្វើការងារនៅប្រទេសថៃមាន ១លាន ៨សែននាក់ ក្នុងនោះពលករធ្វើការខុសច្បាប់មានជាង ៤សែន(៤០០.០០០)នាក់។ មន្ត្រីសង្គមស៊ីវិលរូបនេះ ជឿថា ពលករខ្មែរជាង ២សែននាក់ នឹងក្លាយទៅជាពលករខុសច្បាប់ ហើយអាជ្ញាធរថៃ អាចនឹងចាប់បញ្ជូនពួកគាត់ត្រឡប់ទៅកម្ពុជាវិញ ឬចាប់ដាក់ពន្ធនាគារនៅពេលខាងមុខ។ លោកថា ដើម្បីដោះស្រាយបញ្ហានេះអាជ្ញាធរថៃគួរតែពន្យារពេលចុះឈ្មោះសុំសិទ្ធិធ្វើការទៅមុខមួយរយៈទៀត ហើយបញ្ចុះតម្លៃធ្វើកាតឱ្យបានទាបជាងពេលបច្ចុប្បន្ន។ បន្ថែមពីនេះ លោកជំរុញឲ្យរដ្ឋាភិបាលកម្ពុជានិងថៃ ត្រូវចាត់វិធានលើក្រុមមេខ្យល់ ដែលរត់ការចុះឈ្មោះឱ្យពលករក្នុងតម្លៃថ្លៃលើសការកំណត់របស់អាជ្ញាធរថៃ៕

website_news/2021080206.txt · Last modified: 2021/02/08 11:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki