website_news:2021080401

តើកូវីដ១៩ជះឥទ្ធិពលអ្វីខ្លះដល់សុខុមាលភាពពលរដ្ឋចំណាកស្រុកក្នុងប្រទេសថៃ?

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 07/04/2021 - 13:19 ដោយ៖ឆន ឌីណា

នាពេលបច្ចុប្បន្ន ពលរដ្ឋចំណាកស្រុកក្នុងប្រទេសថៃត្រូវបានប៉ាន់ស្មានថាមានចំនួនប្រមាណ ៤,៩លាននាក់។ ភាគច្រើនពួកគេជាពលរដ្ឋមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ ក្នុងអំឡុងវិបត្តិជំងឺរាតត្បាតសកលកូវីដ១៩ ពលរដ្ឋចំណាកស្រុកទាំងនោះត្រូវប្រឈមនឹងបញ្ហាផ្សេងៗបន្ថែមពីលើបញ្ហាដែលមានស្រេចស្រាប់។ បញ្ហាចម្បងទាំងនោះ រួមបញ្ចូល បញ្ហាអស្ថិរភាពលក្ខខណ្ឌការងារ និងកង្វះខាតនៃការទទួលបានសេវាសុខភាព និងការអប់រំសមរម្យ។

ផ្អែកតាមទិន្នន័យចុងក្រោយ របស់អង្គការសហប្រជាជាតិ ចំនួនប៉ាន់ស្មាននៃពលរដ្ឋចំណាកស្រុកក្នុងប្រទេសថៃ នាពេលបច្ចុប្បន្ន មានប្រមាណ ៤,៩លាននាក់។ ចំនួននេះមានការកើនឡើងគួរឱ្យកត់សម្គាល់ពីប្រមាណ ៣,៧លាននាក់ នៅក្នុងឆ្នាំ២០១៤។ ភាគច្រើននៃពួកគេមានប្រភពមកពីប្រទេសជិតខាងថៃ រួមមាន ប្រទេសកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ ពលរដ្ឋពីប្រទេសជិតខាងទាំងនោះតំណាងប្រមាណជា ៣,៩លាននាក់ រាប់បញ្ចូលទាំងពលករចំណាកស្រុកដែលមានឯកសារ និងគ្មានឯកសារ។ ក្រុមពលរដ្ឋសំខាន់ៗផ្សេងទៀតរួមមាន ពលរដ្ឋគ្មានប្រទេសប្រមាណ៤៨ម៉ឺននាក់ បុគ្គលិកជំនាញ១១ម៉ឺននាក់ និងជនភៀសខ្លួន១០ម៉ឺននាក់។

ផ្អែកតាមការវាយតម្លៃកន្លងមក ប្រទេសថៃទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីវត្តមានរបស់ពលរដ្ឋ ចំណាកស្រុកទាំងនោះ។ ពលករចំណាកស្រុកទាំងនោះបានជួយបំពេញកង្វះខាតកម្លាំងពលកម្ម និងបានរួមចំណែកដល់កំណើនសេដ្ឋកិច្ច។ មានសារៈសំខាន់កាន់តែមានទំហំធំ នៅពេលដែលសង្គមថៃមានមនុស្សចាស់កាន់តែច្រើន។ ពលរដ្ឋចំណាកស្រុកទាំងនោះតំណាងជាង ១០ភាគរយ នៃកម្លាំងពលកម្មសរុប និងបានចូលរួមចំណែកពីប្រហែល ៤,៣ ទៅ ៦,៦ ភាគរយនៃចំណូលជាតិសរុប វាស់វែងដោយផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃ។ សម្រាប់ពលរដ្ឋចំណាកស្រុក និងសមាជិកគ្រួសាររបស់ពួកគេ ការងារនៅក្នុងប្រទេសថៃបានគាំទ្រដល់ការបង្កើនកម្រិតជីវភាព និងរួមចំណែកកាត់បន្ថយភាពក្រីក្រ នៅក្នុងប្រទេសកំណើតរបស់ពួកគេ។ ទំហំនៃការផ្ទេរប្រាក់មកស្រុកកំណើត មានរហូតដល់ទៅ ២,៨ពាន់លានដុល្លារអាមេរិក ជារៀងរាល់ឆ្នាំ។ តួលេខនេះអាចកើនឡើងដល់ ១០ពាន់លានដុល្លារអាមេរិក ប្រសិនបើលំហូរផ្ទេរប្រាក់នៃសេដ្ឋកិច្ចក្រៅផ្លូវការត្រូវបានគេគិតគូរបញ្ចូលផងដែរ។

លទ្ធផលនៃការស្រាវជ្រាវចុងក្រោយ បង្ហាញថា វិធានការសំខាន់ៗផ្សេងៗ ត្រូវបានអនុវត្តដោយរាជរដ្ឋាភិបាលថៃដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងដើម្បីបញ្ឈប់ការកេងប្រវ័ញ្ចលក្ខខណ្ឌការងារ សម្រាប់ពលរដ្ឋចំណាកស្រុក រួមទាំងការធ្វើកំណែទម្រង់ច្បាប់ និងស្ថាប័នគតិយុត្តិពាក់ព័ន្ធ។ ទោះជាយ៉ាងណា ពលរដ្ឋចំណាកស្រុកជាច្រើននៅតែបន្តប្រឈមមុខនឹងភាពលំបាក និងបន្តងាយរងគ្រោះពីការរំលោភបំពានផ្សេងៗ។ ផ្អែកតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ជាក់ស្ដែងស្ថានភាពពលរដ្ឋចំណាកស្រុកនៅប្រទេសថៃមានភាពប្រសើរឡើង ប៉ុន្តែបញ្ហាប្រឈមជាច្រើននៅតែបន្ដមានដដែល។

រដ្ឋាភិបាលថៃបានដាក់ចេញនូវគោលនយោបាយផ្សេងៗដើម្បីធានាដល់ពលរដ្ឋចំណាកស្រុកទទួលបានសេវាកម្មចាំបាច់ជាច្រើន រួមទាំងការអប់រំ និងការថែទាំសុខភាព។ ប៉ុន្តែ ឧបសគ្គនៅតែបន្តរារាំងដល់ការប្រើប្រាស់សេវាកម្មទាំងនេះនៅក្នុងការអនុវត្តជាក់ស្តែង។ របាយការណ៍នេះកត់សម្គាល់ថា ពលរដ្ឋចំណាកស្រុកក្នុងប្រទេសថៃតែ៥១ភាគរយប៉ុណ្ណោះដែលបានចុះឈ្មោះក្នុងគម្រោងធានារ៉ាប់រងសុខភាពសាធារណៈស្របពេលដែលកុមារចំណាក ស្រុក រហូតដល់ទៅ ២០ម៉ឺននាក់មិនបានចូលសាលា។ យោងតាមការសិក្សាថ្មីមួយដែលធ្វើដោយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុករបស់ សាកលវិទ្យាល័យ Chulalongkorn ការធ្វើចំណាកស្រុកទៅប្រទេសថៃមានឥទ្ធិពលគួរឱ្យកត់សម្គាល់ទៅលើសុខុមាលភាពសេដ្ឋកិច្ចរបស់ពលរដ្ឋចំណាកស្រុកកម្ពុជា និងគ្រួសាររបស់ពួកគេ។

មន្រ្ដីជាន់ខ្ពស់របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានឱ្យដឹងថា ពលរដ្ឋចំណាកស្រុកកម្ពុជាទៅកាន់តែប្រទេសថៃ ត្រូវបានគេប៉ាន់ស្មានប្រហែល ១,៥លាននាក់ (ឬ ប្រហែល ១០ភាគរយនៃប្រជាជនកម្ពុជាសរុប)។ ពលរដ្ឋចំណាកស្រុកកម្ពុជាភាគច្រើននៅប្រទេសថៃ មានកម្រិតជីវភាពក្រីក្រ តាំងពីមុនពេលដែលពួកគេធ្វើចំណាកស្រុកទៅក្នុងប្រទេសថៃ។ ពួកគេធ្វើចំណាកស្រុក ព្រោះហេតុផលស្វែងរកឱកាសការងារល្អប្រសើរ និងដើម្បីទទួលបានប្រាក់ឈ្នួលខ្ពស់ជាងមុន។ ក្នុងពេលជាមួយគ្នា ពួកគេក៏សម្រេចធ្វើចំណាកស្រុកក្រោមហេតុផលបំណុលផងដែរ។ ពលរដ្ឋចំណាកស្រុកភាគច្រើនធ្វើការនៅក្នុងវិស័យដែលមានប្រាក់ឈ្នួលទាប និងប្រើប្រាស់កម្លាំងពលកម្មខ្លាំង រួមមាន វិស័យកសិកម្ម សំណង់ នេសាទ និងផលិតកម្ម។

អំឡុងប្រឈមនឹងជំងឺរាតត្បាតកូវីដ១៩ ពលរដ្ឋចំណាកស្រុកក្នុងប្រទេសថៃត្រូវរងផលប៉ះពាល់យ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ជាពិសេស ពាក់ព័ន្ធនឹងបញ្ហាការងារមិនស្ថិតស្ថេរ និងការមិនទទួលបានសេវាថែទាំសុខភាព និងសេវាសុខុមាលភាពសង្គមគ្រប់គ្រាន់។ ក្នុងពេលជាមួយគ្នា ពួកគេកំពុងប្រឈមបញ្ហាផ្សេងៗ តួយ៉ាង កង្វះលក្ខខណ្ឌការងារ និងការរស់នៅសមរម្យ បញ្ហាវប្បធម៌ និងភាសា ការរើសអើង ការមាក់ងាយ កង្វះចំណេះដឹង សិទ្ធិ និងបញ្ហាសង្គមផ្សេងៗ ផងដែរ៕

website_news/2021080401.txt · Last modified: 2021/04/08 11:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki