website_news:2021080403

កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក៨១៧សហការទទួលពលករត្រឡប់មកពីប្រទេសថៃ៧នាក់ បញ្ជូនទៅធ្វើចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ៣២ស្រុកសំពៅលូន

http://cambodiapolice.com/policekh/ 2:10 pm 7 មេសា 2021

ខេត្តបាត់ដំបង ៖ តាមការណែនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ស្តីពីការត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃពុធ ទី ០៧ ខែមេសា ឆ្នាំ ២០២១ លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ បានចាត់តាំងកម្លាំងប៉ុស្តិ៍នគរបាលព្រំដែនកូនភ្នំ និងកម្លាំងប៉ុស្តិ៍នគរបាលព្រំដែនគីឡូ៩ បានសហការជាមួយកម្លាំងយោធាផ្នែកសឹករង ស្រុកសំពៅលូន កម្លាំងយោធាកងអនុសេនាធំទី១, កម្លាំងយោធា វរសេនាតូចទី១ និងកម្លាំងយោធាកងអនុសេនាធំគាំទ្រវរសេនាតូចលេខ៥៣៣ ទៅទទួលប្រជាពលរដ្ឋត្រឡប់មកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ ។

ចំណុចដែលទទួលពលករខ្មែរមាន២ទីតាំង ទី១នៅត្រង់ចំណុចភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូនចំនួន ១នាក់, ស្រី ១នាក់ និងទី២នៅភូមិសាស្ត្រភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូនចំនួន ៦នាក់ ,ស្រី ៤នាក់ ( សរុបទាំង២ទីតាំង ចំនួន៧នាក់, ស្រី៥ នាក់) ។ បន្ទាប់ពីធ្វើការសាកសួរ និងអប់រំណែនាំរួច ហើយ កម្លាំង បានប្រគល់ពួកគាត់ឲ្យទៅក្រុមគ្រូពេទ្យ ដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ៣២ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕

website_news/2021080403.txt · Last modified: 2021/04/08 11:35 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki