website_news:2021080602

ឯកអគ្គរដ្ឋទូតអាមេរិក បង្ហាញការប្តេជ្ញាចិត្តចំពោះមុខសម្តេចក្រឡាហោម ស ខេង ក្នុងការពង្រឹងការធ្វើការជាមួយភាគីពាក់ព័ន្ធកម្ពុជាឡើងវិញ

https://swiftnewsdaily.com/ SWIFT NEWS ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១

(ភ្នំពេញ)៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី៧ ខែមិថុនាបានឲ្យដឹងថា លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានជួបសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងពិភាក្សាពីកិច្ចខិតខំក្នុងកិច្ចសហប្រតិបត្តិការ ដែលរក្សាឱ្យកម្ពុជា និងសហរដ្ឋអាមេរិកមានសុវត្ថិភាព រួមបញ្ចូលទាំងការអនុវត្តនូវទណ្ឌកម្មនានារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រឆាំងនឹងប្រទេសកូរ៉េខាងជើង និងយុត្តិធម៌សម្រាប់ជនរងគ្រោះនៃបទឧក្រិដ្ឋ។

បើតាមស្ថានទូតសហរដ្ឋអាមេរិក លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីការពង្រឹងឡើងវិញ នូវការប្តេជ្ញាចិត្តសហរដ្ឋអាមេរិកក្នុងការធ្វើការជាមួយភាគីពាក់ព័ន្ធកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។ ការជួញដូរមនុស្ស ប៉ះពាល់ដល់ប្រជាជននៅគ្រប់ប្រទេសលើផែនដីនេះ ហើយសហរដ្ឋអាមេរិក ជំរុញនូវកិច្ចខិតខំយ៉ាងខ្លាំងថែមទៀត នៅប្រទេសកម្ពុជា ក្នុងការកាត់ទោសអ្នកជួញដូរ ការពារជនរងគ្រោះ និងបង្ការកុំឱ្យមានឧក្រិដ្ឋកម្មជួញដូរមនុស្ស។ ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត ក៏បង្ហាញនូវកង្វល់ជាខ្លាំង ជូនចំពោះលោករដ្ឋមន្ត្រី អំពីការកាត់ទោសដាក់ពន្ធនាគារ នូវសកម្មជនបរិស្ថានមួយចំនួន។ យើងអំពាវនាវឱ្យមានការដោះលែង។ សេរីភាពបញ្ចេញមតិ គឺជាសិទ្ធិមនុស្សជាមូលដ្ឋាន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។ លោកឯកអគ្គរដ្ឋទូតបានបន្តថា ការហ៊ាននិយាយដើម្បីការពារបរិស្ថាន ដែលប្រឈមនឹងការគំរាមកំហែង ដោយសារការកាប់ឈើខុសច្បាប់ និងកេងយកប្រយោជន៍ពាណិជ្ជកម្ម គឺជារឿងគួរឱ្យសរសើរទៅវិញទេ។ ការគោរពនូវសិទ្ធិសេរីភាពជាមូលដ្ឋាន អាចជួយធានានូវអនាគតមួយដែលប្រកបដោយសុខសន្តិភាព វិបុលភាព មានអធិបតេយ្យ និងប្រជាធិបតេយ្យ សម្រាប់ប្រទេសកម្ពុជា៕

website_news/2021080602.txt · Last modified: 2021/06/08 17:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki