website_news:2021080604

ទាហានថៃបញ្ជូនពលករខ្មែរ១៧នាក់ មកទឹកដីខ្មែរវិញ បន្ទាប់ពីលួចឆ្លងខុសច្បាប់

https://www.kampucheathmey.com/ ថ្ងៃអាទិត្យ ៦ មិថុនា ២០២១ដោយ Sokhom Khon

ទាហានថៃឃាត់ពលករខ្មែរ១៧នាក់ ដែលបានលួចឆ្លងខុសច្បាប់ទៅរកការងារធ្វើនៅស្រុកថៃ ហើយបានបញ្ជូនមកឲ្យសមត្ថកិច្ចខ្មែរវិញ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ក្នុងទឹកដីស្រុកតាព្រះយ៉ា ខេត្តស្រះកែវ។ សមត្ថកិច្ចថៃបានឲ្យសមត្ថកិច្ចខ្មែរដឹងថា ពលករខ្មែរទាំង១៧នាក់ ក្នុងនោះមានប្រុស៩នាក់ និងស្រី៨នាក់បានលួចឆ្លងដែនចូលទៅថៃដើម្បីស្វែងរកការងារធ្វើនៅប្រទេសថៃ នៅម្តុំបរិវេណ បង្គោលឡាក់ 48 PTA 6037442955 ភូមិខៅលូកឆាង ឃុំតាព្រះយ៉ា ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ។

ពលករខ្មែរទាំង១៧នាក់ ក្រោយពីកម្លាំងយោធាថៃធ្វើការសាកសួររួចមក ត្រូវបានធ្វើកំណត់ហេតុហើយបានបញ្ជូនឲ្យត្រឡប់មកមាតុប្រទេសវិញ តាមច្រកអូរបីជាន់ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ឲ្យសមត្ថកិច្ចខ្មែរចាត់ការបន្ត។ ពលករខ្មែរ១៧នាក់នោះ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅមណ្ឌលចត្តាឡីស័កនៅស្រុកថ្មពួក ឲ្យបានគ្រប់ចំនួន១៤ថ្ងៃ ទើបអាចឲ្យវិលត្រឡប់ទៅផ្ទះវិញ។ ក្នុងនោះកម្លាំងជំនាញបានជំរុញពលករខ្មែរទាំង១៧នាក់ ក្រោយពីបានវិលទៅដល់គេហដ្ឋានវិញហើយ ត្រូវចូលរួមយកចិត្តទុកដាក់ពីវិធាន៣កុំ ៣ការពារ ២អនុវត្តរបស់រាជរដ្ឋាភិបាលនិងការណែនាំរបស់ក្រសួងសុខាភិបាល៕ អត្ថបទ ៖ វ៉ាន់ ណាង

website_news/2021080604.txt · Last modified: 2021/06/08 17:10 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki