website_news:2021080606

អាជ្ញាធរឧត្តរមានជ័យ និងខេត្តសុរិន្ទ ប្តេជ្ញាពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងរិះរកវិធីដោះស្រាយបញ្ហាប្រឈមមួយចំនួន អំឡុងពេលវិបត្តិកូវីដ-១៩

https://information.gov.kh/ ចេញផ្សាយ ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០២១

AKP ឧត្ដរមានជ័យ ថ្ងៃទី0៦ ខែមិថុនា ឆ្នាំ២០២១–ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំក្រុមការងារជួបពិភាក្សាការងារ និងពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយ ឯកឧត្ដម ស៊ុវ៉ៈផុង គិទិផាត់ភិប៊ូន អភិបាលខេត្តសុរិន្ទ នៅច្រកព្រំដែនអន្តរជាតិអូរស្មាច់ ឆងចម នាព្រឹកថ្ងៃសុក្រ ៩រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ។

លទ្ធផលក្នុងជំនួបគ្នានេះ អាជ្ញាធរនៃខេត្តទាំងពីរ ប្តេជ្ញាបន្តរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឆ្លងដែន បន្តជួយគ្នារក្សាសុខសុវត្ថិភាព និងសុខុមាលភាពជូនពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅក្នុងប្រទេសថៃ ពិសេសអ្នកដែលអាចស្នាក់នៅហួសទិដ្ឋាការកំណត់ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ដ៏អាក្រក់នេះ។ ភាគីទាំងពីរបន្តអនុញ្ញាតឱ្យឆ្លងកាត់ចេញ-ចូលរាល់ទំនិញដែលមានលក្ខណៈពាណិជ្ជកម្ម ដូចដែលបានឯកភាពគ្នាកន្លងមក និងបន្តទាក់ទងគ្នាជាប់ជាប្រចាំ និងសហប្រតិបត្តិការល្អ ពិសេសជូនព័ត៌មានគ្នាទៅវិញទៅមកពេលមានការវិវត្តប្រែប្រួលនានាឱ្យបានទាន់ពេលវេលា។

ឯកឧត្ដម ប៉ែន កុសល្យ ក៏បានស្នើសុំឱ្យឯកឧត្ដមអភិបាលខេត្តសុរិន្ទជួយថែរក្សា និងការពាររាល់ទ្រព្យសម្បត្តិ និងកម្មសិទ្ធិឯកជនស្របច្បាប់របស់ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ និងពលករខ្មែរដែលកំពុងស្ថិតនៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្ន ។ ឯកឧត្ដម អភិបាលខេត្តឧត្ដរមានជ័យ ក៏បានលើកឡើងបន្តទៀតថា ក្នុងអំឡុងពេលស្ថានភាពដ៏លំបាកនៃការប្រយុទ្ធប្រឆាំងវីរុសកូវីដ១៩នេះ ក៏មានមេខ្យល់នាំពលករឆ្លងដែនសូមឱ្យអាជ្ញាធរថៃបន្តពង្រឹង និងសហការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងស្វែងរកចាប់មេខ្យល់ទាំងខាងខ្មែរនិងខាងថៃមកដាក់ទោសតាមច្បាប់ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ ស្របពេលវិបត្តិជំងឺកូវីដ១៩ បានរីករាលដាលជាសកល ពលករខ្មែរបានឆ្លងដែនមកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ មានចំនួន ៧៥.៨៤៦ នាក់ ស្រីចំនួន៣៤.០១៨ នាក់ ពលករក្នុងខេត្តឧត្ដរមានជ័យចំនួន១១.០៧០ នាក់ ពលករដែលកំពុងធ្វើចត្តាឡីស័កចំនួន ៣៨២ នាក់ ករណីឆ្លងជំងឺកូវីដ-១៩ ចំនួន៥៩ នាក់ ព្យាបាលជាសះស្បើយចំនួន១៦ នាក់។

ឯកឧត្ដម អភិបាលខេត្តឧត្ដរមានជ័យ ក៏បានស្នើឱ្យក្រុមការងារឈរជើងនៅតាមច្រកព្រំដែន បន្តពិនិត្យសុខភាពរបស់ប្រជាពលរដ្ឋ និងបានណែនាំឱ្យពួកគេដាក់ខ្លួននៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ការពារកុំឱ្យមានការចម្លងមេរោគទៅក្រុមគ្រួសារ និងអ្នកដទៃ ៕ ដោយ ៖ ទិត ស្រ៊

website_news/2021080606.txt · Last modified: 2021/06/08 17:15 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki