website_news:2021080701

អាជ្ញាធរនៃខេត្តជាប់ព្រំដែនកម្ពុជា-ថៃ រៀបចំឱ្យពលករមកពីថៃធ្វើចត្តាឡីស័កនៅតាមព្រំដែន

https://www.postkhmer.com/ ឡាយ សាមាន | Publication date 06 July 2021 | 09:29 ICT

ភ្នំពេញៈ អាជ្ញាធរនៃបណ្តាខេត្តមួយចំនួនជាប់ព្រំដែនកម្ពុជា-ថៃ បានរឹតបន្តឹងការធ្វើចត្តាឡីស័កជាថ្មី ដោយបន្ថែមមណ្ឌលចត្តាឡីស័កសម្រាប់ពលករត្រឡប់មកពីប្រទេសថៃ បន្ទាប់ពីមានបញ្ជាពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោក ហ៊ុន សែន កាលពីថ្ងៃទី ១ ខែកក្កដា បានដាក់បទបញ្ជាដល់ខេត្តជាប់ព្រំដែនត្រូវពង្រឹងការធ្វើចត្តាឡីស័ក និងមិនអនុញ្ញាតឱ្យពលករដែលត្រឡប់មកពីប្រទេសថៃទៅធ្វើចត្តាឡីស័កនៅទីឆ្ងាយឡើយ។ លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ «អ្វីដែលជាកង្វល់ធំសម្រាប់យើង គឺព្រំដែនកម្ពុជាដែលបញ្ហាសំខាន់មិនមែនជនជាតិថៃចូលមកកម្ពុជានោះទេ គឺកម្មករកម្ពុជាយើងដែលទៅធ្វើការនៅប្រទេសថៃ ត្រឡប់ចូលមកកម្ពុជា ព្រោះអត់ការងារធ្វើ»។ លោកបន្តថា៖ «ដែលមុននេះយើងឱ្យធ្វើចត្តាឡីស័កនៅទល់ដែន ប៉ុន្តែក្រោយមកយើងឱ្យធ្វើការវាស់កម្តៅ ក្រោយពិនិត្យរួចហើយដឹកជញ្ជូនមកធ្វើចត្តាឡីស័កនៅខាងក្នុង។ ប៉ុន្តែរយៈពេលចុងក្រោយនេះ….ពលករត្រូវធ្វើចត្តាឡីស័កនៅតាមព្រំដែនទាំងអស់ នេះគឺជាចំណុចដែលត្រូវការយកចិត្តទុកដាក់ខ្ពស់ជាមួយព្រំដែនថៃ ដែលត្រូវពង្រឹងឡើងវិញនៅកន្លែងធ្វើចត្តាឡ័ស័ក»។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី ៤ កក្កដានេះ បានដឹកនាំក្រុមការងាររៀបចំបន្ថែមមណ្ឌលចត្តាឡីស័ក ៣ កន្លែងទៀត នៅសាលាបឋមសិក្សាអូរអំបិល សាលាបឋមសិក្សាភ្នំបាក់ ក្រុងសិរីសោភ័ណ និងមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យ ហ៊ុន សែន មង្គលបុរី ស្រុកមង្គលបុរី។ លោកថ្លែងថា ក្នុងនាមគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដនឹងបន្តខិតខំដោះស្រាយ ទប់ស្កាត់ និងគ្រប់គ្រងបងប្អូនត្រឡប់មកពីថៃ និងអ្នកពាក់ព័ន្ធ ដើម្បីដាក់ធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ហ្មត់ចត់ជាប់ជានិច្ច។

លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យប្រាប់ភ្នំពេញប៉ុស្តិ៍ថា សម្រាប់ខេត្តរបស់លោកបានត្រៀមលក្ខណៈរួចជាស្រេចរៀបចំកន្លែងធ្វើចត្តាឡីស័កសម្រាប់ពលករមកពីថៃ។ លោកថា៖ «ខេត្តបន្ទាយមានជ័យយើងមានច្រកចេញចូល ៣ កន្លែងជាមួយថៃ គឺច្រកម៉ាឡៃ ច្រកអន្តរជាតិប៉ោយប៉ែត និងច្រកអូរ៣ជាន់។ ប៉ុន្តែច្រកអូរ៣ជាន់ ជាច្រកទ្វេភាគីកម្ពុជា-ថៃ យើងអនុញ្ញាតឱ្យពលករចូលមកតាមច្រកនេះ ដើម្បីងាយស្រួលគ្រប់គ្រង ហើយយើងមានមណ្ឌលចត្តាឡីស័ក ១ ចម្ងាយប្រហែល ៣០០ ម៉ែត្រពីព្រំដែន ដែលតម្រូវឱ្យពលករត្រូវធ្វើចត្តាឡីស័ក»។ លោកឱ្យដឹងដែរថា កន្លងមកពលករមកពីថៃតាមខេត្តបន្ទាយមានជ័យ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅទីតាំងរៀងៗខ្លួនដែលនៅឆ្ងាយ ប៉ុន្តែក្រោយពីទទួលបានអនុសាសន៍ពីប្រមុខថ្នាក់ដឹកនាំ ក្រុមការងារថ្នាក់ខេត្តសម្រេចឱ្យពលករធ្វើចត្តាឡីស័កនៅក្នុងមូលដ្ឋានវិញ។ លោកថា៖ «ដោយសារ កន្លងមកពលករមកពីថៃឆ្លងកាត់បន្ទាយមានជ័យ បើពលករនៅសៀមរាប យើងបញ្ជូនទៅសៀមរាប បើនៅកំពង់ចាមយើងដឹកទៅធ្វើចត្តាឡីស័កនៅកំពង់ចាម តែដោយសារកូវីដ១៩ ផ្ទុះខ្លាំង លោកនាយករដ្ឋមន្ត្រីបានណែនាំឱ្យធ្វើចត្តាឡីស័កនៅតាមព្រំដែនសិន»។

លោក សេក សំអុល នាយករដ្ឋបាលខេត្តកោះកុងបានថ្លែងថា ក្រុមការងារជំនាញខេត្តកំពុងសិក្សាពីលទ្ធភាពក្នុងការសង់មណ្ឌលចត្តាឡីស័កនៅតាមបន្ទាត់ព្រំដែននៅច្រកអន្តរជាតិចាំយាម សម្រាប់ធ្វើចត្តាឡីស័កពលករដែលមកពីថៃ ដើម្បីការពង្រឹងវិធានការតាមព្រំដែន។ លោកថា៖ «យើងកំពុងពិនិត្យមើលលទ្ធភាពថាតើអាចសង់មណ្ឌលចត្តាឡីស័ក នៅតាមបន្ទាត់ព្រំដែនបានដែរទេ ព្រោះស្ថានភាពភូមិសាស្ត្រវាមិនអំណោយផលព្រោះមានភ្នំច្រើននិងចំណាយច្រើន»។ លោកបន្តថា បច្ចុប្បន្នខេត្តបានរៀបចំមជ្ឈមណ្ឌល Q2 នៅសាលាខេត្តចាស់សម្រាប់ទទួលពលករមកពីក្រៅប្រទេសជាពិសេសពីប្រទេសថៃ ហើយពលករណាក៏ដោយឱ្យតែឆ្លងចូលកម្ពុជា ត្រូវតែឱ្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃសិន និងបន្តពិនិត្យកម្តៅ»។ លោក សំអុល ឱ្យដឹងដែរថា បើគិតពីខែមេសា ឆ្នាំ ២០២០ ដល់ថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០២១ ពលករដែលត្រឡប់មកពីប្រទេសថៃមានចំនួន ១ ៣៩៤ នាក់ ក្នុងចំណោមពលករទាំងនោះ រកឃើញវិជ្ជមានតែម្នាក់ប៉ុណ្ណោះ។

លោក សួស សុភ័ក្ត្រ ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបងបានថ្លែងថា ដើម្បីពង្រឹងវិធានការតាមព្រំដែន និងវិធានការឆ្លងសហគមន៍ឱ្យមានប្រសិទ្ធភាព រដ្ឋបាលខេត្តគ្រោងបន្ថែមគ្រែសម្រាប់ព្យាបាល និងធ្វើចត្តាឡីស័កឱ្យបាន ៦ ពាន់គ្រែ។ លោកថា៖ «អភិបាលខេត្តលោកបានខិតខំពង្រីកបន្ទប់ និងគ្រែទាំងនៅតាមព្រំដែន និងនៅក្រុងបាត់ដំបងយ៉ាងហោចណាស់ឱ្យបាន ៦ ពាន់គ្រែ។ បច្ចុប្បន្ននៅបាត់ដំបងមានច្រកព្រំដែនចំនួន ៣ ហើយយើងមានមណ្ឌលចត្តាឡីស័ក ៣ ដែរ ប៉ុន្តែទាំង ៣ ទីតាំងមានតែ ៨០០ គ្រែទេ អ៊ីចឹងថ្នាក់ដឹកនាំខេត្តគ្រោងពង្រីកដល់ ១ ៦០០ គ្រែ សម្រាប់ពលករធ្វើចត្តាឡីស័ក»។ លោកថ្លែងថា គិតពីថ្ងៃ «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» នៃការរីករាលដាលជំងឺកូវីដ ១៩ ពលករកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញតាមច្រកខេត្តបាត់ដំបងមានជិត ៣ ម៉ឺននាក់៕

website_news/2021080701.txt · Last modified: 2021/07/09 10:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki