website_news:2021080904

ឧត្តរមានជ័យ មានពលករ ត្រឡប់ពីថៃ រង្វង់១០០នាក់ ក្នុងមួយថ្ងៃ ខណៈរកឃើញកូវីដ ចន្លោះពី១០ ទៅ២០នាក់

https://www.kampucheathmey.com/ ថ្ងៃអង្គារ ៧ កញ្ញា ២០២១ដោយ sopheak khoun

អាជ្ញាធរខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា ចាប់ពីដើមខែកញ្ញានេះមក មានពលករត្រឡប់មកពីប្រទេសថៃ ចូលមកមូលដ្ឋានខេត្តឧត្ដរមានជ័យ មានចំនួនក្នុងរង្វង់១០០នាក់ប៉ុណ្ណោះ ក្នុងមួយថ្ងៃ ដែលខុសគ្នាច្រើន នៅពេល មានការបើកព្រំដែនភ្លាមៗ ដោយថ្ងៃខ្លះមានពលករត្រឡប់មកវិញ ក្នុងរង្វង់៣០០នាក់ឯណោះ ក្នុងមួយថ្ងៃ។

លោក ឌី រ៉ាដូ អភិបាលរង និងជាអ្នកនាំពាក្យ រដ្ឋបាលខេត្តឧត្ដរមានជ័យ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌ មានកម្ពុជាថ្មី នៅថ្ងៃទី៧ ខែកញ្ញានេះថា ការវិលត្រឡប់របស់ពលករខ្មែរ មកពីប្រទេសថៃ មានការថយចុះច្រើន ចាប់ពីដើមខែកញ្ញាមក ដោយក្នុងមួយថ្ងៃ មានក្នុងរង្វង់១០០នាក់ ហើយក្នុងចំណោមនោះ រកឃើញវិជ្ជមានកូវីដ-១៩ ក្នុងរង្វង់ពី១០ ទៅ២០នាក់ប៉ុណ្ណោះ។ លោក ឌី រ៉ាដូ មានប្រសាសន៍បន្តថា «ជាការកត់សម្គាល់នេះ យើងឃើញថា បើយើងប្រៀបធៀប ពីពេល យើងទើបនឹងបើកព្រំដែនថ្មីៗ ឃើញថា សន្ទុះពលករនៅពេលនេះ គឺថា ថយច្រើន យើងពិនិត្យមើលតួលេខ ដើមខែ៩នេះ គឺថា ក្នុងរង្វង់១០០នាក់ទេ ជាង១០០នាក់អញ្ចឹងទេ…តាមការពិនិត្យមើលរបាយការណ៍ ឃើញថា ការពិនិត្យលើពលករ ពាក់ព័ន្ធនឹងកូវីដ-១៩ហ្នឹង ឃើញថា មានចំនួនមិនច្រើនទេ ក្នុងរង្វង់១០ ទៅ ២០នាក់ទេ បើយើងប្រៀបពីមុន គឺច្រើន ៣០០នាក់ រកឃើញ១០០ជាង»។ អភិបាលរង ខេត្តឧត្ដរមានជ័យ បានមានប្រសាសន៍ឲ្យដឹងបន្តថា គិតមកដល់ពេលនេះ ខេត្តឧត្ដរមានជ័យ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ជាង៧ពាន់នាក់ និងជាសះស្បើយជាង៣ពាន់ ៤នាក់។ ចំពោះប្រជា ពលរដ្ឋ ក៏ដូចជាពលករ ដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងខេត្តឧត្តរមានជ័យ មានចំនួនជិត ៣ពាន់នាក់។

ឆ្លើយតបនឹងការលើកឡើង អំពីការធ្វើចត្តាឡីស័ក រយៈពេលយូរថ្ងៃនោះ ត្រូវបានលោក ឌី រ៉ាដូ អ្នកនាំពាក្យ រដ្ឋបាលខេត្តឧត្ដរមានជ័យ បញ្ជាក់ថា តាមគោលការណ៍ គឺត្រូវធ្វើចត្តាឡីស័ករយៈពេល២១ថ្ងៃ ហើយប្រសិន បើបុគ្គលនោះ រកឃើញវិជ្ជមានកូវីដ-១៩ នឹងត្រូវចាប់ផ្ដើមរាប់ថ្ងៃទី១ឡើងវិញ។ លោកមានប្រសាសន៍ថា «ជាការគោលការណ៍ របស់ក្រសួងសុខាភិបាល គឺថា ពាក់ព័ន្ធនឹងបងប្អូនពលករ ដែលវិលត្រឡប់មកពីប្រទេសថៃវិញ គឺតម្រូវឲ្យធ្វើចត្តាឡីស័កហ្នឹង រយៈពេល២១ថ្ងៃ ជាគោលការណ៍ណា៎ ប៉ុន្តែករណីឧទាហរណ៍ថា ដល់ថ្ងៃទី៧ គាត់ត្រូវយកសំណាកតេស្ដ បើសិនជាពិនិត្យឃើញថា គាត់មានវិជ្ជមាន ជំងឺកូវីដ-១៩ គឺយើងត្រូវបន្តទៀត យើងរាប់ពីថ្ងៃទី១ឡើងវិញ រហូតដល់២១ថ្ងៃ»។ អ្នកនាំពាក្យ រដ្ឋបាលខេត្តឧត្តរមានជ័យ បានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ អាជ្ញាធរខេត្តឧត្ដរមានជ័យ អាចគ្រប់គ្រង លើស្ថានការណ៍ នៃការឆ្លងរាលដាល ជំងឺកូវីដ-១៩បានហើយ មិនមានការឆ្លងធ្ងន់ធ្ងរ ដូចមុនទៀតទេ៕ អត្ថបទ៖ ឃួន សុភ័ក្រ

website_news/2021080904.txt · Last modified: 2021/09/08 09:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki