website_news:2021080905

ពលរដ្ឋខ្មែរ១៦នាក់ត្រូវចាប់ខ្លួន ក្រោយត្រូវមេខ្យល់នាំដើរកាត់ព្រៃឆ្លងដែន

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ០៧ ខែ កញ្ញា ឆ្នាំ ២០២១ ម៉ោង ១៤:៤១

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរយ៉ាងតិច១៦នាក់ ត្រូវបានកម្លាំងទាហាន និងតម្រួតព្រំដែនថៃធ្វើការចាប់ខ្លួនក្នុងឃុំ និងស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ជាប់ព្រំដែនកម្ពុជា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ក្រោយពួកគេចាញ់បោកមេខ្យល់នាំដើរកាត់ព្រៃចូលទឹកដីថៃបម្រុងទៅរកការងារធ្វើ។ពលករទាំងនេះមិនត្រូវបានគេប្រាប់ឲ្យស្គាល់អត្តសញ្ញាណនោះទេ ដោយមានប្រុស៩នាក់ និងស្រី៧នាក់ មកពីខេត្តបន្ទាយមានជ័យ នេះបើយោងតាមការចុះផ្សាយលើគេហទំព័រថៃមួយ។ ប្រភពព័ត៌មានបានឱ្យដឹងបន្តថា ក្រោយឃាត់ខ្លួនពលករទាំងនេះ ប្រាប់សមត្ថកិច្ចថៃថា ពួកគេបានចេញពីកម្ពុជា តាមច្រករបៀងមួយ ដោយមេខ្យល់នាំដើរកាត់ព្រៃ និងវាលស្រែ លុះចូលដល់ដីថៃក្នុងភូមិណាង៉ាម និងកំពុងរង់ចាំឡើងរថយន្តឆ្ពោះទៅកាន់គោលដៅខេត្តចំនួន៥ ដើម្បីរកការងារធ្វើ ស្រាប់តែត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង។ ពួកគេ បានប្រាប់បន្តថា គេបានចំណាយប្រាក់ឲ្យមេខ្យល់រួចហើយ ដោយអ្នកខ្លះអស់៤៥០០បាត និងអ្នកខ្លះទៀតចំណាយលើសនេះ តាមគោលដៅដែលត្រូវទៅឆ្ងាយ ឬជិត។ ក្រោយឃាត់ខ្លួន ពលករទាំងនេះ ត្រូវសមត្ថកិច្ចចម្រុះថៃដំណើរការត្រួតពិនិត្យសុខភាពតាមវិធានការរបស់ក្រសួងសុខាភិបាលរបស់គេ មុនពេលប្រគល់ជូនសមត្ថកិច្ចជំនាញចាត់ការបន្ត។

គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ប្រទេសថៃកំពុងជួបបញ្ហាធ្ងន់ធ្ងររឿងជំងឺកូវីដ១៩ ដោយមួយថ្ងៃៗមានអ្នកឆ្លង និងស្លា.ប់ជាច្រើននាក់។ ហើយពលករមិនតិចទេ បានសម្រុកវិលត្រឡប់ពីប្រទេសថៃមកមាតុប្រទេសវិញតាមខេត្តជាប់ព្រំដែន។ ម្យ៉ាងភាគីទាំង២ កម្ពុជា-ថៃក៏បានរឹតបណ្តឹងតាមបន្ទាត់ព្រំដែនផងដែរ ចុះហេតុអ្វីពលករទាំង១៦នាក់ខាងលើនៅតែប្រថុយប្រថានឆ្លងដែនខុសច្បាប់បែបនេះ? ទីបំផុតប្រាក់ក៏បង់ ថង់ក៏ដាច់ ពោលគឺប្រាក់ក៏អស់មិនបានដល់គោលដៅ ហើយត្រូវសមត្ថកិច្ចថៃចាប់ខ្លួនទៀត៕

website_news/2021080905.txt · Last modified: 2021/09/08 09:06 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki