website_news:2021081006

ជិត ២ ខែ មានពលករជិត ៩ ០០០ នាក់ បានវិលមកស្រុកកំណើតវិញតាមច្រកខេត្តឧត្តរមានជ័យ

https://www.postkhmer.com/ ឡាយ សាមាន | Publication date 04 October 2021 | 12:46 ICT

ឧត្ដរមានជ័យៈ ក្នុងរយៈពេលជិត ២ ខែ មានពលករខ្មែរជិត ៩ ពាន់នាក់ បានវិលត្រឡប់ចូលស្រុកកំណើតវិញតាមច្រកព្រំដែនខេត្តឧត្តរមានជ័យ បន្ទាប់ពីរាជរដ្ឋាភិបាលបានបើកច្រកព្រំដែនខេត្តឡើងវិញកាលពីថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២១។

យោងតាមរបាយការណ៍ប្រចាំថ្ងៃ ស្តីពីចំនួនពលករចំណាកស្រុកមកពីប្រទេសថៃ តាមច្រកអន្តរជាតខេត្ត ឧត្តរមានជ័យបានឱ្យដឹងថា ក្នុងរយៈពេលជិត ២ ខែមកនេះ ដោយគិតចាប់ពីថ្ងៃទី ១៣ ខែសីហា ដល់ថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០២១ មានពលករខ្មែរសរុបចំនួន ៨ ៨១១ នាក់ បានត្រឡប់ចូលស្រុកកំណើតវិញ។ របាយការណ៍បន្តថា ក្នុងចំណោមពលករជិត ៩ ពាន់នាក់នោះ ក្នុងនោះមានវិជ្ជមានកូវីដ ១៩ សរុបចំនួន ៨៨៦នាក់។ ក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងរយៈពេលមួយខែចុងក្រោយនេះពោលក្នុងខែកញ្ញា ពលករដែលវិលចូលស្រុកកំណើតវិញមានការថយចុះ ដោយគិតជាមធ្យមក្នុង ១ ថ្ងៃ មានពលករចន្លោះពី ៥០ ទៅ ១០០នាក់ប៉ុណ្ណោះ។ ប៉ុន្តែក្នុងអំឡុងពេលបើកច្រកព្រំដែនឡើងវិញ នៅប៉ុន្មានថ្ងៃដំបូងក្នុងខែសីហា មានពលករវិលចូលស្រុកវិញប្រមាណ ២០០ ទៅ ៤០០ នាក់ឯណោះ។

អ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យលោក ផល លឹម បានឱ្យដឹងថា មូលហេតុដែលពលករនៅបន្តវិលចូលស្រុកវិញ គឺដោយសារស្ថានភាពកូវីដ ១៩ នៅប្រទេសថៃ មិនទាន់ធូរស្រាលនៅឡើយ ខណៈក្រុមហ៊ុន និងការដ្ឋានមួយចំនួននៅបន្តផ្អាកដំណើរការបណ្តោះអាសន្ន។ លោកបន្តទៀតថាមួយវិញទៀត ពលករទាំងនោះត្រឡប់ពីថៃចូលខ្មែរវិញ ក៏ដោយសារដើម្បីជួបជុំក្រុមគ្រួសារក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌផងដែរ៕

website_news/2021081006.txt · Last modified: 2021/10/08 10:43 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki