website_news:2021081007

ឃាត់ខ្លួនមេខ្យល់បញ្ជូនទៅតុលាការ ក្រោយគេចខ្លួនបានប៉ុន្មានថ្ងៃ

https://www.kampucheathmey.com/ ថ្ងៃចន្ទ ៤ តុលា ២០២១ដោយ Sorn Phanith

នៅរយៈពេលប៉ុន្មានថ្ងៃមុននេះ កម្លាំងសមត្ថកិច្ច បានឃាត់ពលករចំនួន៨នាក់ នៅក្បែរមាត់អូរព្រំដែន ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលបម្រុងឆ្លងដែនចូលទឹកដីថៃ ដោយគ្មានច្បាប់អនុញ្ញាត ព្រមទាំងបានអប់រំ និងធ្វើកិច្ចសន្យាឲ្យត្រឡប់ទៅផ្ទះវិញ ដោយឡែកមេខ្យល់បានរត់គេចខ្លួនបាត់ស្រមោល។ ក្រោមការដឹកនាំចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការខេត្តបាត់ដំបង បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ រាល់ការទប់ស្កាត់បទល្មើសឆ្លងដែន ពិសេសមេខ្យល់នាំមនុស្សចេញចូលដោយខុសច្បាប់ ទើបលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូនបានដឹកនាំកម្លាំងជំនាញ ចុះធ្វើការស្រាវជ្រាវបង្ក្រាបមេខ្យល់នាំមនុស្សឆ្លងដែនចូលទៅប្រទេសថៃខុសច្បាប់ និងធ្វើការឃាត់បានខ្លួនជនសង្ស័យចំនួនម្នាក់។សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ហង្ស គឹមឈួន ភេទប្រុស អាយុ៣០ ឆ្នាំ មានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ជនសង្ស័យខាងលើ បានធ្វើសកម្មភាពទាក់ទងពលករខ្មែរ ចំនួន០៨ នាក់ ស្រី ចំនួន០១ នាក់ (ក្នុងនោះក្មេង ចំនួន០២ នាក់ ) បម្រុងឆ្លងអូរព្រំដែនកម្ពុជា-ថៃ ចូលទៅក្នុងប្រទេសថៃ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៦:៣០នាទី ដោយទទួលបានកម្រៃម្នាក់ ៥០០ បាត។ បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕ អត្ថបទ៖ សោ និយមរ័ត្ន

website_news/2021081007.txt · Last modified: 2021/10/08 10:45 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki