website_news:2021081009

តុលាការខេត្តបន្ទាយមានជ័យសម្រេចឃុំខ្លួនស្ត្រីម្នាក់ ករណីនាំពលករខ្មែរឆ្លងដែនទៅប្រទេសថៃ

https://www.postkhmer.com/ គឹម សារុំ | Publication date 04 October 2021 | 16:34 ICT

តុលាការខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី ៣ តុលា បានសម្រេចឃុំស្ត្រីម្នាក់នៅពន្ធនាគារខេត្ត ករណីនាំពលករប្រុសស្រី ៨ នាក់ បម្រុងឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់។

លោកស្រី ឌី សុជាតិ ស្នងការរងប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តបានឱ្យដឹងនៅរសៀលថ្ងៃទី ៤ តុលានេះថា ស្ត្រីឈ្មោះ រ៉េន ឌឿន អាយុ ៥៣ ឆ្នាំ ត្រូវបានចៅក្រមស៊ើបសួរចេញដីកាឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ៣ តុលា។ លោកស្រីថា៖ «ករណីស្ត្រីម្នាក់នេះត្រូវតុលាការឃុំគាត់ពីម្សិលមិញ (ថ្ងៃទី ៣ តុលា)។ សមត្ថកិច្ចឃាត់គាត់នៅស្រុកថ្មពួក»។ លោកស្រី សុជាតិ រំឭកប្រាប់ថា កាលពីវេលាម៉ោងជាង ១១ ព្រឹក ថ្ងៃទី ២ តុលា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀត ស្រុកថ្មពួក បានឃើញពលករខ្មែរប្រុសស្រីចំនួន ៨ នាក់ ជាមួយស្ត្រីត្រូវចោទបម្រុងនាំពលករលួចឆ្លងដែនទៅប្រទេសថៃ។ នៅពេលនោះសមត្ថកិច្ចបានឃាត់ពួកគេបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកថ្មពួកតែម្តង។

លោកស្រីបន្តថា ចំពោះពលករប្រុសស្រីទាំង ៨ នាក់នោះ ត្រូវបាននគរបាលស្រុកថ្មពួកបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័កមុននឹងអនុញ្ញាតឱ្យពួកគេត្រឡប់ទៅលំនៅឋានវិញ។ រីឯស្ត្រីជាមេខ្យល់ខាងលើត្រូវបានឃាត់ខ្លួន។ស្ត្រីជាមេខ្យល់ម្នាក់នេះបានសារភាពថា គាត់ត្រូវថៅកែថៃជួលគាត់ឱ្យរកពលករទៅធ្វើការនៅប្រទេសថៃ។ ដោយថៅកែនោះសន្យាឱ្យឈ្នួលក្នុងមនុស្សម្នាក់ ៥០០ បាត៕

website_news/2021081009.txt · Last modified: 2021/10/08 10:48 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki