website_news:2021081010

២គោលដៅឃាត់ខ្លួនពលករបាន១២នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ០៥ ខែ តុលា ឆ្នាំ ២០២១ ម៉ោង ១៤:២១

បន្ទាយមានជ័យ ៖ ពលករចំនួន១២នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ត្រូវបានកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣, ៥១៤ សហការជាមួយកម្លាំងចម្រុះ ឃាត់ខ្លួនបាននៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ខណៈពេលដែលពួកគេបម្រុងលួចឆ្លងដែនដោយខុសច្បាប់ កម្លាំងដើរល្បាតពួនស្ទាក់ចាប់បានចំនួន២គោលដៅ សរុបចំនួន១២នាក់ ស្រីចំនួន៥នាក់។ នេះបើយោងតាមផេកកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទបានបង្ហោះ។

គោលដៅទី១ ពលករចំនួន៦នាក់ ស្រី២នាក់ ដែលបម្រុងឆ្លងដែនចូលទៅប្រទេសថៃ នៅវេលាម៉ោង០៣:៥០នាទីជិតភ្លឺ ពួកគាត់ក៏បានវង្វេងផ្លូវ រួចក៏បានចូលមកសារភាពជាមួយកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ អង្គភាពបានប្រគល់អោយនគរបាលព្រំដែនគោក ដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡីស័ក ។

គោលដៅទី២ កម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៤ សហការជាមួយកម្លាំងចម្រុះឃាត់ខ្លួនបានពលករចំនួន៦នាក់ ស្រី៣នាក់ ដែលបម្រុងឆ្លងដែនចូលទៅប្រទេសថៃ នៅវេលាម៉ោង០៣:៣៥នាទីជិតភ្លឺ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (នៅលើផ្លូវជាតិលេខ៥៨) អង្គភាពបានប្រគល់អោយទៅក្រុមការងារចម្រុះច្រកអូរបីជាន់ ដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡីស័ក ។

ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ពង្រឹងការល្បាត តាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍ និងតំបន់ផ្សេងទៀត ។

សូមបញ្ជាក់ថា ខណៈកងកម្លាំងចម្រុះល្បាត ក៏បានជួប ពលករបម្រុងលួចឆ្លងដែន ត្រូវបានកងកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ និង៥១៤ ឃាត់ខ្លួនបានតែម្តង ក្រោយពីឃាត់ខ្លួនក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋកុំឲ្យបន្តចាញ់បោកមេខ្យល់ដែលតែងតែបញ្ចុះបញ្ចូល នាំពលករឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុខសុវត្ថិភាព និងខាតបង់ប្រាក់ជាបន្តបន្ទាប់ ជាពិសេសសូមបន្តចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ អោយបានទាំងអស់គ្នា ដើម្បីគ្រួសារ និងសង្គមជាតិ៕

website_news/2021081010.txt · Last modified: 2021/10/08 10:50 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki