website_news:2021081101

សាច់ញាតិជនរងគ្រោះស្នើសុំអន្តរាគមន៍លើករណីជួញដូរមនុស្ស ខណៈស្នងការខេត្ត ព្រះសីហនុ នឹងពិនិត្យឫសគល់

https://thmeythmey.com/ 04, Nov 2021 , 9:59 pm ដោយ: ឡាយ សុភាវតី

ភ្នំពេញ៖ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុថា សមត្ថកិច្ចនឹងចុះស្រាវជ្រាវលើករណីជួញដូរមនុស្ស ក្រោយរកពុំឃើញមានករណីនេះ ស្របពេលសារព័ត៌មានចុះផ្សាយព្រោងព្រាត។ ការអះអាងនេះ ធ្វើឡើងក្រោយសាច់ញាតិជនរងគ្រោះ បានដាក់ពាក្យបណ្ដឹងសុំការអន្តរាគមន៍ ទាក់ទងការល ក់និងបង្ខាំងមនុស្សពីកន្លែងមួយទៅកន្លែងមួយ។

លោក ញឹប ក្លារ៉ា ដែលជាសាច់ញាតិជនរងគ្រោះ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា បងប្អូនរបស់លោក ចំនួន៣នាក់ បានដាក់ពាក្យធ្វើការនៅទីក្រុងភ្នំពេញ ហើយក៏ត្រូវក្រុមជនជាតិចិនទាំងនោះ បញ្ជូនទៅធ្វើការកាស៊ីណូអនឡាញមួយកន្លែង ដោយពុំមានឈ្មោះច្បាស់លាស់ ក្នុងខេត្តព្រះសីហនុ នៅអំឡុងខែសីហា ឆ្នាំ២០២១ ។ ប្អូនស្រីរបស់លោក ក្លារ៉ា បានប្រាប់លោកតាមទូរស័ព្ទថា ក្រុមជនជាតិចិននោះ បានសន្យាផ្ដល់ប្រាក់ខែ១០០០ដុល្លារក្នុងមួយខែ ប៉ុន្តែខែដំបូងគឺទទួលបានតែ៥០០ដុល្លារប៉ុណ្ណោះ។ ក្រោយមិនទទួលបានប្រាក់ខែតាមការសន្យានេះ ប្អូនស្រីរបស់លោក ក៏បានសុំឈប់ពីការងារ តែថៅកែចិននោះ មិនព្រមឲ្យឈប់ ដោយផ្ទេរពួកគេទៅក្រុមហ៊ុនកាស៊ីណូមួយផ្សេងទៀត ដោយពុំមានឈ្មោះដូចគ្នា។ «ពួកខ្ញុំអត់ស្គាល់ឈ្មោះក្រុមហ៊ុនឬឈ្មោះកាស៊ីណូនោះទេ ព្រោះអគារកាស៊ីណូនោះពុំមានដាក់ឈ្មោះអ្វីឡើយ ស្គាល់តែទីតាំងដែលប្អូនរបស់ខ្ញុំកំពុងធ្វើការនិងស្នាក់នៅ គឺម្ដុំវត្តក្រោម ភូមិទី១ សង្កាត់៣ ក្រុងព្រះសីហនុ»។ នេះបើតាមលោក ក្លារ៉ា ដោយបញ្ជាក់បន្ថែមថា ប្អូនខ្លួនក៏ស្នើសុំឈប់ទៀត នៅពេលទៅដល់ក្រុមហ៊ុនកាស៊ីណូថ្មី ប៉ុន្តែអ្នកគ្រប់គ្រង់នៅទីនោះថា ពួកគេត្រូវបានកន្លែងកាស៊ីណូចាស់ លក់មកកាន់ទីតាំងកាស៊ីណូថ្មីនេះ ក្នុងតម្លៃ៣០០០ពាន់ដុល្លារ។ ដូច្នេះ បើចង់ឈប់លុះត្រាតែអ្នកទាំង៣រូបនោះ បង់ប្រាក់នៃតម្លៃខ្លួនខាងលើនេះសិន។ លោក ក្លារ៉ា បានឲ្យដឹងថា៖ «ស្ថានភាពរស់របស់ពួកគេ(បងប្អូនទាំង៣របស់លោក) គឺក្រុមហ៊ុនដាក់សន្តិសុខមិនឱ្យចេញក្រៅ។គំរាមធ្វើបាប មិនឲ្យរាយការណ៍ចេញក្រៅឬតាមហ្វេសប៊ុក និងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទ»។

ចំណែកសាច់ញាតិម្នាក់ទៀត ឈ្មោះ ឃុត ហេង បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗថា ក្រុមកាស៊ីណូទី២ពុំស្គាល់ឈ្មោះ ដែលបងប្អូនទាំង៣នាក់របស់លោកកំពុងធ្វើការនោះ បានបង្ខំពួកគេកិច្ចសន្យាការងាររយៈពេល១២ខែ ដោយមិនដឹងច្បាស់ពីខ្លឹមសារលម្អិត ព្រោះជាអក្សរវៀតណាម។ បន្ទាប់ពីទទួលបានព័ត៌មានពីប្អូនស្រីលោក នៅថ្ងៃទី២៧ តុលាហើយ លោក ឃុត ហេង ក៏បានដាក់ពាក្យបណ្ដឹងទៅស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី៤កញ្ញានេះ ។ បើតាមពាក្យបណ្ដឹងនោះ លោក ឃុត ហេង បានបណ្ដឹងជនជាតិចិនម្នាក់ មានឈ្មោះហៅក្រៅថា «អា ឡុង» ដែលជាអ្នកនាំបងប្អូនរបស់លោក ទៅលក់ពីកន្លែងមួយទៅកន្លែងមួយ។ «ឥឡូវពួកខ្ញុំដែលជាសាច់ញាតិនៅខាងក្រៅបានត្រឹមរងចាំចំណាត់ការពីអាជ្ញាធរ ហើយកំពុងស្វែងរកឲ្យអង្គការពាក់ព័ន្ធផ្សេងទៀតជួយ ដើម្បីឲ្យបងប្អូនខ្ញុំមានសេរីភាពវិញ»។ នេះបើតាមការបញ្ជាក់របស់លោក ឃុត ហេង។

ជនរងគ្រោះឈ្មោះ កញ្ញា ហង្ស ទីទី បានផ្ដល់ព័ត៌មានថា យ៉ាងខ្លីមកកាន់សារព័ត៌មានថ្មីៗតាមបណ្ដាញសង្គមតេឡេក្រាមថា ខ្លួនពុំស្គាល់ឈ្មោះក្រុមហ៊ុនណាមួយឡើយ ដោយដឹងត្រឹមថា គេបញ្ជូនខ្លួនពីភ្នំពេញទៅកាន់ព្រះសីហនុ។ «មុនដំបូងគេថាធ្វើការនៅភ្នំពេញ តែដល់ភ្នំពេញគេថាភ្នំពេញកន្លែងពេញហើយ ហើយគេបញ្ជូនមកដល់កំពង់សោម។ ក្រុមហ៊ុនឈ្មោះអីញុមអត់ដឹងទេ! ដំណឹងការងារដឹងតាមរយះបងស្រី»។ នេះបើតាមខ្លឹមសារជនរងគ្រោះ។

ជុំវិញករណីនេះ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានអះអាងថា លោកនឹងពិនិត្យមើលពាក្យបណ្ដឹងហើយចុះស្រាវជ្រាវលើករណីនេះ ដោយសារកិច្ចការងារច្រើនពេក ទើបពុំបានដឹងថាមានសំណុំរឿងណាខ្លះនោះទេ។ លោកថា ការដាក់ពាក្យបណ្ដឹងផ្ទាល់ជុំវិញ ការជួញដូរមនុស្សពុំឃើញមានច្រើននោះទេ ប៉ុន្តែភាគច្រើនមានបណ្ដឹងតាម Hotline ពីការលក់ដូរនិងបង្ខាំងមនុស្សខុសច្បាប់។ បើតាមលោក ណារិន កន្លងមកសមត្ថកិច្ចបានចុះស្រាវជ្រាវតាមករណីនីមួយៗ ដោយឃើញមានតែបុគ្គលិកចូលធ្វើការហើយមិនពេញចិត្ត ក៏ចង់ប្ដូរទៅកន្លែងផ្សេង។ ដូច្នេះ ករណីនេះលោកចាត់ទុកថា មិនមែនជាករណីជួញដូរឡើយ។ យ៉ាងណាស្នងការរូបនេះ បានសង្កត់ធ្ងន់ថា៖ «ខ្ញុំចង់ដឹងព័ត៌មានហ្នឹង(ការជួញដូរមនុស្ស) ហើយចង់ស្រាវជ្រាវឲ្យដល់ឫសគល់លើករណីនេះដែរ។ ឮព័ត៌មាននេះ តែពីខាងសារព័ត៌មាន តែខាងខ្ញុំទទួលព័ត៌មានអត់ដែលបានពិស្ថារទេ។ ខ្ញុំនឹងឆែកមើលករណីនេះ»។ ទន្ទឹមនឹងនេះ លោកអះអាងថា ក្រុមការងារធ្វើការស្រាវជ្រាវកន្លងមក ពុំដែលឃើញមានករណីពាក់ព័ន្ធនឹងការជួញដូរមនុស្សឡើយ។

បើតាមលោក សេង រាជ មន្រី្តផ្នែកច្បាប់របស់អង្គការសង់ត្រាល់ កំពុងសហការជាមួយសាច់ញាតិរបស់ជនរងគ្រោះទាំង៣រូបខាងលើ ដើម្បីប្រមូលព័ត៌មានបន្ថែមលើករណីនេះ។ លោកក៏ពុំដឹងថា ក្រុមហ៊ុនកាស៊ីណូនោះឈ្មោះអ្វីដែរ ដោយគ្រាន់តែដឹងត្រឹមវើបសាយ។

ចំណែក លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស របស់អង្គការសង់ត្រាល់ សង្កេតឃើញថា មានករណីមិនប្រក្រតីច្រើន លើការរំលោភសិទ្ធិមនុស្សនិងសិទ្ធិការងារក្នុងខេត្តព្រះសីហនុ។ លោកទទួលបានព័ត៌មាន៤ករណី ដែលមានបុគ្គលិកប្រមាណ១០០០ពាន់នាក់ ជួបបញ្ហាបង្ខំនិងបង្ខាំងឲ្យធ្វើការក្នុងវិស័យសណ្ឋាគារនិងកាស៊ីណូ។ «យើងបារម្ភនៅកម្ពុជាយើងអាចវិវឌ្ឍនជាទីតាំងភូមិសាស្រ្តជួញដូរ មិនមែនតែពលរដ្ឋខ្មែរទេដែលជាជនរងគ្រោះ គឺមានពលករបរទេសដែលត្រូវជួញដូរនៅព្រះសីហនុ»។ នេះបើតាមការព្រួយបារម្ភរបស់អ្នកឃ្លាំងមើលសិទ្ធិការងារ ដោយបន្ថែមថា ការបង្ខាំងមនុស្ស និងការដាក់កំហិតឫគំរាមលើបុគ្គលិក តាមរយៈមេការ និងកេងប្រវ័ញកម្លាំងបង្ខំឲ្យធ្វើការ គឺជាការជួញដូរមនុស្សនិងរំលោភសិទ្ទិមនុស្សធ្ងន់ធ្ងរ។ភាពមិនប្រក្រតីទាំងនេះ អាជ្ញាធរ ពិសេសមន្ទីរការងារ មានតួនាទីក្នុងការចុះអធិការកិច្ច ពិនិត្យតាមក្រុមហ៊ុន ឬកន្លែងអាជីវកម្មផ្សេងៗ ដើម្បីធានាសុវត្ថិភាពដល់សាធារណជន។ ពាក់ព័ន្ធនឹង ករណីស្នើសុំអន្តរាគមន៍របស់ក្រុមសាច់ញាតិខាងលើនេះ ក្រុមការងាររបស់សង់ត្រាល់កំពុងស្រាវជ្រាវ និងរង់ចាំមើលចំណាត់ការរបស់អាជ្ញាធរ។ ទន្ទឹមនឹង លោកថាករណីបង្ខាំងមនុស្សនិងជួញដូរបែបនេះ អាចនឹងមានអ្នករងគ្រោះច្រើន ខណៈអ្នកជួបវិបត្តិហិរញ្ញវត្ថុ ភាគច្រើនកំពុងស្វែងរកការងារធ្វើក្នុងបរិបទកូវីដ-១៩។

ក្នុងឆ្នាំ២០២១នេះ ក្រុមការងារនៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះអធិការកិច្ចប្រមាណ២០០ទីតាំង។ ជាមួយគ្នាដែរ ការដោះស្រាយវិវាទរវាងការងារមានជាង៧០ករណី គឺបានដោះស្រាយទាំងអស់ រួមទាំងការដោះស្រាយបញ្ហាមួយចំនួន ដេលបានរាយការណ៍តាមប្រព័ន្ធទូរស័ព្ទ។ នេះបើតាម លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រះសីហនុ ដោយអះអាងថា មន្ត្រីចុះបំពេញការងារខាងលើនេះ ពុំឃើញមានករណីជួញដូរមនុស្សឡើយ។ ប៉ុន្តែ លោក បានកត់សម្គាល់ឃើញថា ក្រុមសារព័ត៌មានមួយចំនួន ដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល តែងតែចុះផ្សាយព័ត៌មានខុសទម្រង់ ពោលគឺបកស្រាយខុសការពិត ទៅជាការជួញដូរមនុស្ស ខណៈអាជ្ញាធរ និងកន្លែងការងារអនុវត្តវិធានការផ្ទៃក្នុង។ លោកថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទយ៉ាងដូច្នេះថា៖ «រូបភាពវាមាន(បែបជួញដូរមនុស្ស) ប៉ុន្តែអ្នកសារព័ត៌មានខ្លួនឯងដែលមាននិន្នាការមិនគាំទ្ររដ្ឋាភិបាល ច្រើនបកស្រាយទៅទម្រង់ផ្សេង ដូចជាការអនុវត្តវិធានការផ្ទៃក្នុង»។ ប្រធានមន្ទីររូបនេះ បានពន្យល់បន្ថែមថា មានករណីបុគ្គលិកធ្វើចត្តាឡីស័ក មិនជួបភ្ញៀវ ឬបំពេញការងារជាដើម ត្រូវបានបុគ្គលិកនិងក្រុមអ្នកប្រឆាំងរដ្ឋាភិបាល ចាត់ទុកជារូបភាពបង្ខាំងមនុស្ស។ ជាក់ស្ដែងអាជ្ញាធរបានកំពុងបង្កើតក្រុមការងារចុះតាមដានរកករណីបង្ខាំងនិងជួញដូរមនុស្ស នៅកាស៊ីណូ ដឹសេនជូរី ខេត្តព្រះសីហនុ ។ ប៉ុន្តែ ព័ត៌មានបឋមរកពុំឃើញមានករណីសង្ស័យណាមួយឡើយ ពីការជួញដូរមនុស្ស។ នេះបើតាមការលើកឡើងរបស់ប្រធានមន្ទីរការងារ។

សូមជម្រាបថា កាលពីដើមខែតុលា បុគ្គលិកជាច្រើននាក់ នៅកាស៊ីណូ ដឹសេនជូរី ត្រូវបានរកឃើញឆ្លងកូវីដ-១៩ ប៉ុន្តែបុគ្គលិកខ្លះ មិនព្រមទៅសម្រាកព្យាបាលទៅមន្ទីរពេទ្យទេ។ មិនតែប៉ុណ្ណោះពួកគេ អះអាងថា ថៅកែកាស៊ីណូ បង្ខាំងពួកគេ មិនឱ្យចេញក្រៅទៀតផង។ ហើយអាជ្ញាធរ ក៏បានចុះស៊ើបអង្កេតករណីបង្ខាំងមនុស្សនៅកាស៊ីណូ ដឹសេនជូរីម នេះ។ ករណីលេចឮព័ត៌មាន ជួញដូរមនុស្សក្នុងខេត្តព្រះសីហនុមានជាច្រើនដងហើយ ហើយអាជ្ញាធរក៏តែងតែបកស្រាយដែរថា ពុំមានករណីជួញដូរមនុស្សបន្ទាប់ចុះពិនិត្យ។ កាលពីខែកញ្ញា លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបកស្រាយថា រឿងជនជាតិថៃមួយក្រុម ដែលបង្ហោះវីដេអូ សុំការអន្តរាគមន៍នោះ ពីការបង្ខាំងមនុស្ស មិនមែនជាករណីបង្ខាំងឡើយ គឺជាករណីធ្វើចត្តាឡីស័ក។ កាលពីចុងខែតុលានេះ សម្ដេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃ បានកត់សម្គាល់ឃើញថា រយៈពេល៩ខែ ឆ្នាំ២០២១ ស្ថានភាពសន្តិសុខ មានភាពល្អប្រសើរ ក្នុងនោះបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ បានថយចុះ៩ភាគរយ។ ប៉ុន្តែ ក្នុងបរិបទនៃជំងឺកូវីដ-១៩ ការរត់ពន្ធមនុស្សឆ្លងដែន និងបទល្មើសពាក់ព័ន្ធនឹងបច្ចេកវិទ្យា គឺមានការកើនឡើង៕

website_news/2021081101.txt · Last modified: 2021/11/08 09:45 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki