website_news:2021081106

លម្អិតពីការស្លាប់ និងរបួសពលករខ្មែរ ១៣ នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសថៃ

https://www.kampucheathmey.com/ ថ្ងៃសៅរ៍ ៦ វិច្ឆិកា ២០២១ដោយ Dy Bunnara

សមត្ថកិច្ចថៃ បាននាំខ្លួនពលករខ្មែរដែលរួចផុតពីសេចក្តីស្លាប់នៅក្នុងឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរ នៅខេត្តស្រះកែវឲ្យទៅចង្អុលបង្ហាញច្រកដែលពួកគេឆ្លងចូលមកក្នុងប្រទេសថៃ។ ករណីគ្រោះថ្នាក់ចរាចរបណ្តាលឲ្យមនុស្សស្លាប់ចំនួន ៥ នាក់ ក្នុងចំណោមជនរងគ្រោះសរុប ១៣ នាក់ បានកើតឡើងនៅក្នុងខេត្តស្រះកែវ ប្រទេសថៃ ដោយសាររថយន្តក្រឡាប់ គឺនៅវេលាម៉ោង ៩ និង ១០ នាទីយប់ ខាងមុខសាលារៀន ខ្លងយ៉ាយឥន្ទ្រ ក្នុងភូមិសាស្ត្រឃុំវ៉ាំងថង ស្រុកវ៉ាំងសុំប៊ូន ខេត្តស្រះកែវ។ ដោយពេលនោះមានរថយន្តមួយគ្រឿងដែលដឹកពលករខ្មែរសរុបទាំងអស់ចំនួន ១៣ នាក់ បានបើកបរក្នុងល្បឿនលឿន ហើយបានរេចង្កូតទៅបុកនឹងសសរបង្គោលភ្លើង និងធ្វើអោយរថយន្តក្រឡាប់ជាច្រើនត្រឡប់ ធ្វើអោយពលករខ្មែរស្លាប់ និងរបួសធ្ងន់ជាច្រើននាក់។ ក្រោយពីកម្លាំងតម្រួតថៃចុះពិ និត្យជាក់ស្តែងគឺសង្គេតឃើញថា មានមនុស្សស្លាប់នៅនឹងកន្លែងចំនួន ៥ នាក់ ក្នុងនោះស្រី៣ ប្រុស២ និងអ្នកបើកបររថយន្តដែលជាជនជាតិថៃម្នាក់។ ដោយឡែកពលករខ្មែរដែលរបួសធ្ងន់ចំនួន ៤ នាក់ កំពុងបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ និង៤នាក់ដែលរបួសស្រាល ត្រូវបាននាំយកទៅកាន់ស្ថានីយ៍តម្រួតដើម្បីសាកសួរ។

បើតាមការរៀបរាប់ពីជនរងគ្រោះខ្មែរម្នាក់បានបញ្ជាក់ថា ពួកគេទាំងអស់មានចំនួន៣០នាក់ ដោយមានមេខ្យល់ខ្មែរឈ្មោះ ទា នាំឆ្លងអូរក្បែរច្រកអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង (ច្រកបានឡែម ក្នុងខេត្តច័ន្ទបុរី) ដោយយកលុយម្នាក់ ៧.០០០ បាត ដោយមានរថយន្តមកចាំដឹកយកទៅសំងំក្នុងផ្ទះមួយកន្លែងក្នុងខេត្តស្រះកែវ។ លុះនៅយប់ថ្ងៃកើតហេតុគឺមានរថយន្តចំនួន៣គ្រឿងមកដឹកពួកគេ ដោយរថយន្តដែលជួបគ្រោះថ្នាក់គឺចេញក្រោយគេក្នុងទិសដៅទៅធ្វើការក្នុងរោងចក្រកែច្នៃសាច់មាន់នៅក្នុងក្រុមហ៊ុនល្បីឈ្មោះមួយ ក្នុងស្រុកកាប៊ីនបុរី ខេត្តប្រាជីនបុរី។ ប៉ុន្តែពេលចេញដំណើរបានប្រហែលកន្លះម៉ោង ក៏ជួបនឹងគ្រោះថ្នាក់តែម្តង។ សមត្ថកិច្ចថៃបានបង្ហាញអត្តសញ្ញាណជនរងគ្រោះទាំងអស់គឺ អ្នកបើកបរឈ្មោះ ប្រាវីត ច័ន្ទស្វាង អាយុ ៣៩ ឆ្នាំ អ្នករស់នៅខេត្តឆៃភូមិ (ស្លាប់)។ ចំណែកជនរងគ្រោះខ្មែរដែលភាគច្រើនចេញពីខេត្តបាត់ដំបង ដែលរបួសស្រាល ៤ នាក់គឺ ១.ឈ្មោះ យ៉យ កាកៃ ភេទប្រុស អាយុ ២២ ឆ្នាំ ២.ឈ្មោះ វេត រាត្រី ភេទប្រុស អាយុ ១៩ ឆ្នាំ ៣.ឈ្មោះ ហៀប សឿន ភេទប្រុស អាយុ ១៨ ឆ្នាំ និង៤.ឈ្មោះ យ៉ង ឡាយ ភេទប្រុស អាយុ ២៤ ឆ្នាំ ចំណែកអ្នករបួសធ្ងន់ ៤ នាក់គឺ ១.ឈ្មោះ ង៉ែត កុសល ភេទប្រុស ២.ឈ្មោះ សុខ នី ភេទប្រុស ៣.ឈ្មោះ ហេង ឈាងហ៊ួ ភេទប្រុស និង៤.អត់ទាន់ស្គាល់អត្តសញ្ញាណដោយសាររបួសធ្ងន់ពេក ដោយឡែកចំពោះអ្នកស្លាប់ចំនួន ៤ នាក់ គឺស្គាល់តែម្នាក់ប៉ុណ្ណោះ គឺឈ្មោះ អ៊ុំ កញ្ញា ភេទស្រី រីឯ៣នាក់ទៀតគឺប្រុស១ ស្រី២ មិនទាន់ស្គាល់ឈ្មោះឡើយ ដោយក្នុងនោះសពមនុស្សស្រីម្នាក់ មានផ្ទុកកូវីដ-១៩ ។

បច្ចុប្បន្នក្រុមការងារសហព័ន្ធ សហជីព កម្មករថៃ កំពុងស្រាវជ្រាវរកក្រុមគ្រួសារ សាច់ញាតិ ដើម្បីប្រគល់ប្រាក់ឧបត្ថម្ភ ដោយសព ១ នាក់ ទទួលបានប្រាក់ ៥០០.០០០ បាត ដោយឡែកអ្នករបួសទទួលបាន មិនលើសពី ៨០.០០០ បាត៕ អត្ថបទ៖ សោ និយមរ័ត្ន

website_news/2021081106.txt · Last modified: 2021/11/08 09:56 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki