website_news:2021090302

ឃាត់មេខ្យល់ម្នាក់បញ្ជូនទៅតុលាការនិងពលករ៦នាក់យកទៅធ្វើចត្តាឡីស័ក

http://nokorwatnews.com/ 06-03-2021

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចឈរជើងតាមបន្ទាត់ព្រំដែន បានឃាត់ខ្លួនមេខ្យល់ម្នាក់ដែលនាំពលករប្រុស-ស្រី៦នាក់ ឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់នៅវេលាម៉ោង៥និង១០នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ នៅប្រមាណ៨០០ម៉ែត្រ ពីភូមិខ្វាវ ឃុំ/ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

អធិការនគរបាលស្រុកស្វាយចេកលោកវរសេនីយ៍ឯក ជា ឈ្លូញ បានប្រាប់ថា តាមការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីពង្រឹងការទប់ស្កាត់ពលករចំណាកស្រុកដោយខុសច្បាប់ ដែលកំពុងគេចវេសធ្វើចត្តាឡីស័កបង្ការទប់ស្កាត់កូវីដ១៩ មិនអោយឆ្លងរីករាលដាលកូវីដ១៩ ក្នុងសហគមន៍ កម្លាំងត្រូវពង្រឹងការចេញចូលតាមច្រកទ្វារព្រំដែនយ៉ាងចាំបាច់។

ដោយហេតុនេះហើយទើបកម្លាំងកម្លាំងនគរបាលមូលដ្ឋានបានសហការជាមួយកម្លាំងនគរបាលការពារព្រំដែនគោក បានចេញល្បាតតាមបន្ទាត់ព្រំដែនហើយបានប្រទះឃើញប្រជាពលរដ្ឋចំនួន៦នាក់ ស្រី៣នាក់ មានសាក់កាដូដាក់សម្លៀកបំពាក់កំពុងជិះគោយន្តកន្ត្រៃ១គ្រឿង ឆ្លងកាត់ព្រៃឆ្លងដែនចូលទៅប្រទេសថៃក៏ត្រូវបានឃាត់ខ្លួន រួមជាមួយមេខ្យល់ម្នាក់ផង។ លោកបញ្ជាក់ទៀតថា ក្រោយពេលឃាត់ខ្លួនពលករខ្មែរលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ ដោយខុសច្បាប់តាម រយៈមេខ្យល់រួចមក កម្លាំងបានបញ្ជូនអ្នកទាំងអស់នេះទៅកាន់អធិការដ្ឋាននគរបាលស្រុកស្វាយចេក ដើម្បីសាកសាកសួរនិងធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ។ ដោយឡែកមេខ្យល់ម្នាក់ឈ្មោះ ទឿង សុភាន់ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិចំការគរ ឃុំ/ស្រុកស្វាយចេក ដែលចោទប្រកាន់ពីបទនាំមនុស្សឆ្លងដែនដោយខុសច្បាប់ ត្រូវបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់ផងដែរ ៕

website_news/2021090302.txt · Last modified: 2021/03/09 11:18 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki