website_news:2021090305

បញ្ចេញរថយន្តកងទ័ពជាង២០០ គ្រឿងដឹកពលករខ្មែរពីព្រំដែនប្រទេសថៃបន្ទាន់

https://www.kampucheathmey.com/ on March 8, 2021By deth leng

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាឲ្យចេញរថយន្តរបស់កងទ័ពចំនួន២០៤ គ្រឿង ដើម្បីដឹកជញ្ជូនប្រជា ពលរដ្ឋខ្មែរ ដែលធ្វើដំណើរមកពីប្រទេសថៃ ទៅកាន់រាជធានី ខេត្ត ដែលជាគោលដៅរបស់ពួកគាត់។ ការចេញបញ្ជានេះ បានធ្វើឡើង បន្ទាបពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបិទការធ្វើ ចត្តាឡីស័ក នៅតាមបណ្ដាព្រំដែន សម្រាប់ពលករដែលមានសភាពធម្មតា លើកលែងតែពលករដែលមានអាការៈខុសប្រក្រតី។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដោយសារស្ថានភាពប្រជាពលរដ្ឋ ពេលនេះ បានសំរុកចាកចេញពីប្រទេសថៃកាន់តែច្រើន ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានតម្រូវឲ្យកងទ័ពជួយដឹកពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ទៅកាន់គោលដៅ នៅតាមរាជធានី ខេត្ត ដើម្បីធ្វើចត្តាឡីស័កនៅខាងក្រោយ។

បើតាមលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត “ជាជំហានដំបូងយើងត្រូវប្រើរថយន្តចំនួន២០៤ គ្រឿង ក្នុងនោះកងពលលេខ៩០ ចំនួន១០៤ គ្រឿង និងកង់ពល១០៩ ចំនួន១០០គ្រឿង”។ លោកបញ្ជាក់ថា កងពលធំ និងយោធភូមិភាគនៅតាមព្រំដែន ដែលមានយោធភូមិភាគទី០៣ យោធភូមិភាគទី០៤ ទៅខាងអូស្មាច់ និងយោធភូមិភាគទី០៥ ច្រកដូង និងប៉ៃលិន ហើយប្រេងកងទ័ពជើងគោកជាអ្នកធានា។ ជាមួយគ្នានោះលោក ហ៊ុន ម៉ាណែត បានដាក់បញ្ជាឲ្យមេបញ្ជាការកងពលធំលេខ ០២ លេខ០៣ និងយោធភូមិភាគទី០៤ ទី០៣ រាយការណ៍ពីប្រភេទរថយន្ត ដែលអាចដឹកជញ្ជូនបាន ហើយត្រូវយករថយន្តដែលមានខ្យល់ចេញចូលបាន ចៀសវាងរថយន្តបិទជិត ដែលអាចបង្កហានិភ័យ ប្រសិនបើនៅលើរថយន្តនោះមានអ្នកណាម្នាក់វិជ្ជមាន៕

website_news/2021090305.txt · Last modified: 2021/03/09 11:25 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki