website_news:2021090309

ពលករខ្មែរជិត ១ពាន់នាក់នៅថៃ តវ៉ាករណីថៅកែរោងចក្របណ្ដេញពួកគេពីការងារ

https://www.rfa.org/khmer/ ដោយ អាស៊ីសេរី 2021-03-08

ពលករខ្មែរប្រមាណជិត ១ពាន់នាក់ ធ្វើការនៅរោងចក្រសាច់មាន់ ក្នុងខេត្តឈុនបុរី ប្រទេសថៃ ផ្ទុះការតវ៉ាករណីថៅកែកាត់ប្រាក់ខែ និងបណ្ដេញពលករ ចំនួន៣២នាក់ ចេញពីការងារ នៅល្ងាចថ្ងៃទី៧ មីនា។

តំណាងពលករខ្មែរនៅប្រទេសថៃដែលត្រូវថៅកែបណ្ដេញចេញ លោក យ៉ែម យ៉ត ថ្លែងថា ថៅកែបានកាត់ប្រាក់ខែពួកគាត់ប្រមាណជិត ៥០ភាគរយនៃប្រាក់ខែកន្លងទៅ នៅប៉ុន្មានខែចុងក្រោយនេះ ដោយយកលេសថា ពួកគេកាប់សាច់យឺត និងខូចខាតច្រើន។ លោកបន្តថា នេះ ជារឿងអយុត្តិធម៌បំផុតសម្រាប់ពលករខ្មែរទាំងនោះ ដោយលោកអះអាងថា ករណីកាប់សាច់ខូចនេះ គឺដោយសារសាច់ដែលថៅកែយកមកឱ្យពលករកាប់នោះ ពុំមានគុណភាពល្អស្រាប់ ទើបធ្វើឱ្យខូចខាតច្រើនបែបនេះ។ លោកត្អូញត្អែរថា ពលករទាំងនោះ ធ្វើការច្រើនម៉ោងជាងមុន ពោលគឺពី១០ ទៅ១១ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែប្រាក់ខែរបស់ពួកគេបែរជាធ្លាក់ចុះក្នុងកម្រិតខ្ពស់មួយ។ លោក យ៉ែម យ៉ត លើកឡើងថា ក្រៅពីការកាត់ប្រាក់ខែថៅកែបានបញ្ឈប់បុគ្គលិក ៣២នាក់ចេញពីការងារ ដោយលើកហេតុផលថា សុពលភាពសៀវភៅការងាររបស់ពួកគេផុតកំណត់។ លោកថា ថៅកែបកស្រាយថា ការបញ្ឈប់បុគ្គលិកទាំង៣២នាក់នេះ គឺដោយសារពួកគេមិនបានគិតពីផលប្រយោជន៍ក្រុមហ៊ុនសកម្មក្នុងការតវ៉ា និងបកប្រែភាសាមានលក្ខណៈលំអៀងជួយដល់ពលករខ្មែរ ជាដើម៖ «បុគ្គលិកគាត់ចូលរួមច្រើន មានបងប្អូនខ្លះគាត់មិនមានឈ្មោះដែលគេមិនតឯកសារឱ្យទេ គឺគាត់មានឈ្មោះតធម្មតា តែដោយគាត់ឃើញទី១ គឺភាពអយុត្តិធម៌ចំពោះពលរដ្ឋខ្មែរ ទី២ សូម្បីតែខ្លួនគាត់ជិតអស់អាយុ Passport ជិតអស់អាយុលិខិតធ្វើការហ្នឹងក៏គាត់កំពុងតែមានការភ័យខ្លាច លដល់ពេលគាត់ ខាងក្រុមហ៊ុន គាត់នឹងមានការចោទប្រកាន់ក្នុងករណីដូចគ្នាអ៊ីចឹងដែរ»។

ការតវ៉ារបស់ពលករខ្មែរនេះ ពុំមែនជាលើកទីមួយទេ គឺធ្វើឡើងច្រើនលើកច្រើនសាមកហើយ ដោយសារថៅកែក្រុមហ៊ុនរោងចក្រសាច់មាន់មួយនេះ បានកាត់ប្រាក់ខែ និងមានបំណងចង់បញ្ឈប់ការងាររបស់ពួកគេ។ លទ្ធផលនៃការតវ៉ានៅថ្ងៃអាទិត្យម្សិលមិញនេះ ថៅកែបានកោះហៅបុគ្គលិកតវ៉ាទាំងអស់ឱ្យទៅជួបនៅថ្ងៃចន្ទនេះ ដើម្បីជជែករកដំណោះស្រាយ។ ទោះជាយ៉ាងណា ពួកគេទទូចស្នើសុំឱ្យរដ្ឋាភិបាលខ្មែរជួយអន្តរាគមន៍នៅក្នុងរឿងនេះ ដោយជួយឱ្យថៅកែទទួលពួកគេចូលធ្វើការវិញ បន្តសុពលភាពសៀវភៅការងារ និងទូទាត់ប្រាក់ឱ្យពួកគេត្រឹមត្រូវឡើងវិញ៕

website_news/2021090309.txt · Last modified: 2021/03/09 11:34 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki