website_news:2021090401

ពលករខ្មែរត្រឡប់ពីថៃមុនចូលឆ្នាំខ្មែរឆ្នាំនេះមានចំនួនថយចុះ ដោយសារកូវីដ ១៩

https://www.postkhmer.com/ មុំ គន្ធា | Publication date 09 April 2021 | 10:19 ICT

ភ្នំពេញៈ ពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ភាគច្រើនទំនងជានឹងបានសម្រេចចិត្តមិនវិលត្រឡប់មកកាន់ស្រុកកំណើតរបស់ពួកគេ ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងជួបជុំគ្រួសារដូចឆ្នាំមុនៗ ដោយហេតុបញ្ហារីករាលដាលនៃការឆ្លងជំងឺកូវីដ ១៩ ដែលរហូតមកដល់ពេលនេះសកមុ្មភាពអ្នកឆ្លងកាត់ព្រំដែនកម្ពុជា-ថៃមានចំនួនតិចតួចប៉ុណ្ណោះ។

លោក សឿម ប៊ុនរិទ្ធី អភិបាលរងខេត្តបាត់ដំបងបានប្រាប់ ភ្នំពេញប៉ុស្តិ៍ម្សិលមិញថា ពលករខ្មែរដែលធ្វើដំណើរមកពីថៃចូលក្នុងប្រទេសមិនដូចឆ្នាំមុនទេ គឺពលករចន្លោះប្រមាណពី ២០ នាក់ទៅ ៩០ នាក់ប៉ុណ្ណោះ ក្នុង ១ ថ្ងៃ ឬអាចមានថ្ងៃខ្លះតិចជាងនេះ។ លោក ប៊ុនរិទ្ធី ថ្លែងថា៖ «ក្នុងអំឡុងពេលដូចគ្នានេះកាលពីឆ្នាំមុន គឺមួយថ្ងៃមានពលករខ្មែរយើងជាង ១ ០០០ នាក់ បានសម្រុកមកលេងស្រុកកំណើត ប៉ុន្តែឆ្នាំនេះគឺមានចំនួនតិចមែនទែនដែលវិលមកលេងស្រុក។ ខុសឆ្ងាយពីឆ្នាំមុនៗដែលមានពលករច្រើនមកលេងស្រុក»។ លោក សឿម ប៊ុនរិទ្ធី បានឱ្យដឹងថា ឬអាចមកពីកាលដើមឆ្នាំ ក្នុងពេលដែលមានការផ្ទុះការរីករាលដាលជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃ ពលករខ្មែរបានសម្រុកវិលមកស្រុកវិញអស់ច្រើន ឯកត្តាផ្សេងទៀតអាចដោយសារពួកគាត់មានការយល់ដឹងពីការការពារនៃជំងឺនេះ។ ពួកគាត់មិនវិលមកស្រុកដោយសារអាជ្ញាធរនឹងដាក់ពួកគាត់ធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ ដូចនេះពួកគាត់មិនបានចូលរួមប្រារព្ធបុណ្យចូលឆ្នាំជាមួយគ្រួសារដដែល។ ខណៈពលករដែលបានកំពុងធ្វើចត្តាឡីស័កក្នុងខេត្តបាត់ដំបងមានចំនួន ១ ៥៩៦ នាក់។ លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ដែរថា ពលករខ្មែរនៅមានវិលត្រឡប់មកពីប្រទេសក្នុងអំឡុងមុនពិធីបុណ្យចូលឆ្នាំនាឆ្នាំនេះក៏មានចំនួនថយចុះដែរ។ លោកស្រីថា៖ «យើងឃើញថា មានការស្រកចុះតិចជាងពីមុន គឺចន្លោះពី ៥០ ទៅ ១០០ នាក់ទេ ដែលកាលមុន ១ ថ្ងៃពលករខ្មែរយើងចូលមកលើស ១០០ នាក់»។ លោកស្រី រស់ សុផានី បានអះអាងថា ការថមថយនេះគឺដោយសារពលករភាគច្រើនបានត្រឡប់មកវិញកាលពីដើមឆ្នាំ ហើយមួយទៀតនៅពេលដែលពួកគាត់មក គឺត្រូវធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃសិនមុននឹងអនុញ្ញាតឱ្យត្រឡប់ទៅជួបគ្រួសារ។ លោកស្រី រស់ សុផានី ថ្លែងថាចំនួនតួលេខសរុបពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃតាមខេត្តបន្ទាយមានជ័យចាប់ពីអំឡុងខែកុម្ភៈមកដល់ពេលនេះមានជាង ៣ ម៉ឺននាក់ ហើយមិនទាន់មានអ្នកណាម្នាក់អនុញ្ញាតឱ្យវិលត្រឡប់ទៅវិញទេ។

លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យបានឱ្យដឹងផងដែរថា ចំនួនពលករខ្មែរមកពីប្រទេសថៃគឺមានការថយចុះច្រើនចាប់ពីដើមខែមេសានេះ ដែលខុសពីកាលពីក្នុងខែមីនា គឺមានពលករខ្មែរសម្រុកចូលមកច្រើនចន្លោះពី ៣០០ ទៅ ៥០០ នាក់ ក្នុង ១ ថ្ងៃ។ លោក រ៉ាដូ ថ្លែងថា៖ «ចាប់ពីខែមេសាមក បងប្អូនយើងចន្លោះពី ៥០ ទៅជិត ១០០ នាក់ផងក្នុង ១ ថ្ងៃ បានចូលមកស្រុកកំណើតតាមខេត្តឧត្តរមានជ័យនេះ ដែលមានការខុសគ្នាច្រើនពីឆ្នាំមុនៗ»។

លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនក៏បានឱ្យដឹងដែរថា ដោយសារតែខេត្តក្នុងប្រទេសដែលនៅជាប់នឹងព្រំប្រទល់ប្រទេសកម្ពុជា តម្រូវការពលករធ្វើការច្រើន ដូចនេះពលករខ្មែរនៅទីនោះមិនវិលត្រឡប់មកស្រុកកំណើតដើម្បីចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំទេឆ្នាំនេះ។ លោកស្រី បាន ស្រីមុំ ថ្លែងថា៖ «សម្រាប់ខេត្តប៉ៃលិនមិនមានពលករច្រើនទេវិលមកស្រុកកំណើតមុនពេលចូលឆ្នាំក្នុងឆ្នាំនេះ ដោយសារពួកគាត់ខ្លះមានការងារធ្វើ និងខ្លះការពារពីជំងឺកូវីដ ១៩ ទើបពួកគាត់មិនចល័តចុះឡើង»។ លោកស្រី បាន ស្រីមុំ បញ្ជាក់ថា ពលករចន្លោះពី ១០ ទៅ ២០ នាក់ប៉ុណ្ណោះដែលត្រឡប់មកស្រុកកំណើត ហើយមានថ្ងៃខ្លះគឺមិនមានតែម្តង ប៉ុន្តែអាជ្ញាធរខេត្តប៉ៃលិននៅតែបន្តចាំមើលក្នុងករណីជិតដល់ថ្ងៃចូលឆ្នាំខ្មែរថាតើពលករនឹងមកច្រើនដូចកាលឆ្នាំមុនៗទេ។

ចំពោះខេត្តព្រះវិហារវិញក៏មិនខុសពីបណ្តាខេត្តផ្សេងៗនោះដែរ គឺចំនួនពលករខ្មែរវិលមកពីប្រទេសថៃ មុនចូលឆ្នាំខ្មែរនេះមានចំនួនតិចតួចបំផុត ខុសពីបណ្តាឆ្នាំមុនៗ។ នេះបើតាមការឱ្យដឹងរបស់លោក គង់ ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ។ លោកថា ពលករបន្តមកក្នុងស្រុក ប៉ុន្តែមិនមានច្រើនទេ មួយថ្ងៃមានតែ ៤ ទៅ ៥ នាក់ទេ ឬគ្មានតែម្តង។ លោក គង់ ឡូថា មូលហេតុដែលពលករខ្មែរមិនសម្រុកមកច្រើនក្នុងពេលបុណ្យចូលឆ្នាំនេះគឺដោយសារតែការអំពាវនាវរបស់រាជរដ្ឋាភិបាលស្នើកុំឱ្យពួកគាត់វិលមកស្រុកកំណើត ដើម្បីចៀសវាងការឆ្លង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលធ្លាប់បានថ្លែងថា បើគ្រាន់តែចង់មកលេងសប្បាយជួបជុំគ្រួសារក្នុងពិធីបុណ្យទេ គួរកុំទាន់មកលេង ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ ១៩ នេះ។

នៅថ្ងៃម្សិលមិញ ក្រសួងសុខាភិបាលនៅតែប្រកាសបន្តរកឃើញអ្នកឆ្លងវីរុសកូវីដ ១៩ ចំនួន ១១៣ នាក់។ គិតត្រឹមម៉ោង ៧ ព្រឹកថ្ងៃទី ៨ ខែមេសា កម្ពុជាមានអ្នកឆ្លងកូវីដ ១៩ សរុបចំនួន ៣ ០២៨ នាក់ អ្នកជាសះស្បើយ ១ ៩១៤ នាក់ អ្នកកំពុងព្យាបាលចំនួន ១ ០៨៥ នាក់ និងមានអ្នកស្លាប់ចំនួន ២៤ នាក់៕

website_news/2021090401.txt · Last modified: 2021/04/09 16:23 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki