website_news:2021090604

ថៃបន្តពេលវេលាធ្វើតេស្តកូវីដដល់ពលករមកពី៣ប្រទេសមានទាំងកម្ពុជាផង

https://www.kampucheathmey.com/ ថ្ងៃពុធ ៩ មិថុនា ២០២១ ដោយ chean virakbot

ទីស្តីការគណៈរដ្ឋមន្ត្រីថៃបានសម្រេចពង្រីកពេលវេលានៃការធ្វើកូវីដ-១៩ដល់ពលករអន្តោប្រវេសន៍មកពី៣ប្រទេសរយៈពេល៣ខែបន្ថែមទៀតរហូតដល់ថ្ងៃទី១៣ ខែកញ្ញា ដោយសារបុគ្គលិកសុខាភិបាលរវល់ធ្វើតេស្តគ្មានពេលសម្រាក។

អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ អ្នកនាង Ratchada Dhanadirek បាននិយាយល្ងាចថ្ងៃអង្គារ៍ថា គណៈរដ្ឋ មន្ត្រីបានយល់ព្រមបន្តពេលវេលាចាប់ពីថ្ងៃទី១៦ ខែមិថុនានេះទៅមុខទៀត ដូច្នេះពលករចំណាកស្រុកអាចដាក់ពាក្យស្នើសុំធានារ៉ាប់រងសុខភាព និងច្បាប់អនុញ្ញាតធ្វើការងារ។ គណៈរដ្ឋមន្ត្រីថៃក៏បានអនុញ្ញាតឲ្យពលករចំណាកស្រុកចំនួន៥៣៨០០នាក់ ដែលបានចុះឈ្មោះសម្រាប់ភាពអត់ការងារធ្វើឲ្យបំពេញព័ត៌មានផ្ទាល់ខ្លួនក្នុងទម្រង់ Tor Ror 38/1 និងដាក់ពាក្យស្នើសុំប័ណ្ណពណ៌ផ្កាឈូក ឬច្បាប់ធ្វើការបណ្តោះអាសន្នត្រឹមថ្ងៃ៣១ ខែមីនា ឆ្នាំ២០២២ ដែលកាលបរិច្ឆេទកំណត់កន្លងមកគឺត្រឹមថ្ងៃទី១៦ ខែមិថុនានេះ។ នារីនាំពាក្យបាននិយាយថា ការពង្រីកពេលវេលានឹងអនុញ្ញាតឲ្យពលករចំណាកស្រុកស្នាក់នៅ និងធ្វើការដោយស្របច្បាប់នៅក្នុងប្រទេសថៃដោយមិនចាំបាច់បង្កើនបន្ទុកដល់បុគ្គលិកសុខាភិបាល។ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំមុន គណៈរដ្ឋមន្ត្រីបានអនុញ្ញាតពលករចំណាកស្រុកមកពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ស្នាក់ និងធ្វើការស្របច្បាប់នៅក្នុងប្រទេសថៃដោយករណីពិសេសកំឡុងពេលការផ្ទុះកូវីដ-១៩។ ដើម្បីធ្វើបានដូច្នេះ ពួកគេតម្រូវឲ្យផ្តល់ដំណឹងទៅមន្ត្រីអន្តោប្រវេសន៍ដើម្បីប្រមូលទិន្នន័យជីវមាត្រ និងដាក់ពាក្យស្នើសុំធានារ៉ាប់រងសុខភាព និងច្បាប់អនុញ្ញាតធ្វើការត្រឹមថ្ងៃទី១៦ ខែមិថុនា។

នារីនាំពាក្យបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ ពលករអន្តោប្រវេសន៍ចំនួន ៦៥៤ ០០០នាក់បានចុះឈ្មោះ និងចូលក្នុងដំណើរការនេះ។ ក្នុងចំណោមពួកគាត់ មាន ៦០១ ០០០នាក់បានចុះឈ្មោះស្វែងរកការងារធ្វើ។ បន្ទាប់ពីធ្វើការត្រួតពិនិត្យរួច មានប្រហែល ៤៩៦ ០០០នាក់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានការអនុញ្ញាតច្បាប់ធ្វើការ។ ត្រឹមថ្ងៃទី៣១ ខែឧសភា ៩៨%នៃពួកគេ ឬស្មើនឹង ៤៨៥ ០០០នាក់ ទិន្នន័យជីវមាត្ររបស់ពួកគេត្រូវបានប្រមូលដោយការិយាល័យអន្តោប្រវេសន៍ ប៉ុន្តែមានតែ៧០%ប៉ុណ្ណោះដែលបានទៅធ្វើតេស្តកូវីដ-១៩នៅក្រសួងសុខាភិបាលថៃ។ មានតែ៥០%នៃពួកគេ ឬស្មើ ២៣៩ ០០០នាក់ ដែលបានបំពេញគ្រប់លក្ខខណ្ឌ និងទទួលបានច្បាប់អនុញ្ញាតធ្វើការពីក្រសួងការងារ។ នៅពេលប្រទេសថៃកំពុងទទួលរងការវាយប្រហារពីកូវីដ-១៩ បុគ្គលិកសុខាភិបាលថៃ និងមន្ទីរពេទ្យមិនអាចបញ្ចប់ការធ្វើតេស្តកូវីដ-១៩ដល់ពលករអន្តោប្រវេសន៍តាមកាលបរិច្ឆេទកំណត់ត្រឹមថ្ងៃទី១៦ ខែមិថុនានេះបានទេ។ ដូច្នេះ ការធ្វើតេស្តកូវីដ-១៩ដល់ពលករអន្តោប្រវេសន៍ត្រូវពង្រីកដល់ថ្ងៃទី១៣ ខែកញ្ញា៕ ប្រែសម្រួល៖ វីរបុត្រ

website_news/2021090604.txt · Last modified: 2021/06/09 12:43 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki