website_news:2021090701

ថៃបិទកន្លែងធ្វើការងារទប់ស្កាត់កូវីដ ពលរដ្ឋខ្មែរនាំគ្នាមកស្រុកវិញជិត១០០នាក់ រកឃើញ១៦នាក់

https://kohsantepheapdaily.com.kh/ Banteay Meanchey០៨ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ១០:១០

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរគ្មានការងារធ្វើ ក៏បាននាំគ្នាត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញ តាមច្រកអូរបីជាន់ ដោយ១ថ្ងៃជិត១០០នាក់ ហើយក៏បានរកឃើញមានវិជ្ជមានកូវីដ១៩ ចំនួន១៦នាក់ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នេះ។ បើតាមលោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅ បានប្រាប់ថា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ មណ្ឌលសំចតច្រកអូរបីជាន់ស្រុកអូរជ្រៅ បានទទួលពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ មានចំនួន៨៤នាក់ ក្នុងនោះស្រី៣៤នាក់ និងធ្វើការពិនិត្យសុខភាព ដោយយកសំណាកទៅធ្វើតេស្ត Rapid test ជាលទ្ធផល គឺរកឃើញមានវិជ្ជមានកូវីដ១៩ ចំនួន១៦នាក់ ក្នុងនោះស្រី៤នាក់។ លោកបានបញ្ជាក់ថា នៅពេលទទួលពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ ចូលមកម្ពុជាវិញនោះ អ្នកអវិជ្ជមានកូវីដ១៩ ក៏ត្រូវបានបញ្ជូនទៅមណ្ឌលវិទ្យាល័យសម្តេចឪ ដើម្បីធ្វើចត្តាឡីស័ករយៈពេល២១ថ្ងៃសិន ចំណែកអ្នករកឃើញវិជ្ជមានកូវីដ១៩ ក៏ត្រូវបានបញ្ជូនទៅមណ្ឌលព្យាបាលកងវ៉ា ក្រុងសិរីសោភ័ណ ដើម្បីសម្រាកព្យាបាលផងដែរ។

បើតាមសំដីពលករខ្មែរដែលត្រឡប់ពីថៃនោះបានប្រាប់ថា មូលហេតុដែលពួកគាត់ត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជាវិញនេះ ព្រោះតែអាជ្ញាធរថៃ បានបិទកន្លែងធ្វើការងារនៅប្រទេសថៃ ដើម្បីបង្ការទប់ស្កាត់កូវីដ១៩ នៅពេលកំពុងតែឆ្លងរីករាលដាលក្នុងប្រទេសថៃ ដូច្នេះធ្វើពលករខ្មែរគ្មានការងារធ្វើ ទើបសម្រេចចិត្តនាំគ្នាវិលត្រឡប់មកប្រទេសកម្ពុជាវិញតែម្តង៕

website_news/2021090701.txt · Last modified: 2021/07/09 10:33 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki