website_news:2021090704

អភិបាលខេត្តបាត់ដំបងបង្កើនការត្រួតពិនិត្យលើពលករវិល ត្រឡប់ពីថៃដើម្បីការពារការនាំ ចូលនូវវីរុសកូវីដ១៩

https://information.gov.kh/ ចេញផ្សាយថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០២១ វិទ្យុជាតិកម្ពុជា៖ ដោយ ធីណា ឌីណេ

បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង បានបង្កើនការត្រួតពិនិត្យលើពលករវិលត្រឡប់ពីប្រទេសថៃ ឱ្យកាន់តែម៉ត់ចត់បន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូរីដ១៩ ខណៈកាលពីពេលកន្លងទៅ បានរកឃើញ ប្រភេទវីរុសបំប្លែងថ្មី B.I.617 ទៅលើពលករកម្ពុជាដែលទើបត្រឡប់មកពីប្រទេសថៃ។

ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំ បងមានប្រសាសន៍ឱ្យដឹងថា ក្នុងរយៈពេលចុងក្រោយនេះ ចំនួនពលករខ្មែរឆ្លងដែនមកពីប្រទេសថៃ ចូលមកស្រុកកំណើតវិញ មានការកើនឡើង ដូចនេះអាជ្ញាធរខេត្តបានរៀបចំនូវទីតាំងធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ មាននៅច្រកទ្វារព្រំដែនអន្តរជាតិដូង ច្រកតំបន់អូរអន្លក់ ច្រកតំបន់អូររំដួល និងច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ទៅលើអ្នកបើកបររថយន្ត និងពលករទើបត្រឡប់មកពីប្រទេសថៃ ។ ឯកឧត្តមបន្តថា បន្ទាប់ពីបានរៀបចំទីតាំងសម្រាប់ធ្វើតេស្តរហ័សនៅតាមបន្ទាត់ព្រំដែន ទៅលើពលករទើប ត្រឡប់មកពីប្រទេសថៃ និងអ្នកបើកបររថយន្ត ត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់។

ដើម្បីចូលរួមទប់ស្កាត់នូវការនាំចូលពីប្រទេសជិតខាង និងបង្ការការចម្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព ឯកឧត្ដមអភិបាលខេត្ត បានចាត់ឱ្យមន្រ្តីជំនាញនៅតាមច្រកព្រំដែនកម្ពុជា-ថៃ ត្រូវបង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យសុខភាពពលករវិលត្រឡប់ពីថៃឱ្យបានម៉ត់ចត់ជាទីបំផុត។ ឯកឧត្តមក៏បានស្នើឱ្យប្រជាពលរដ្ឋ ដែលវិលត្រឡប់ពីក្រៅប្រទេស ត្រូវចូលរួមសហការជាមួយអាជ្ញាធរនៅតាមច្រកព្រំដែន និងអនុវត្តន៍តាមការណែនាំរបស់មន្រ្តីសុខាភិបាល ដើម្បីកាត់ផ្តាច់នូវការចម្លងរីករាលដាលជំងឺ កូវីដ-១៩ ចូលក្នុងសហគមន៍មូលដ្ឋាន។

ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីដែលពាក់ពន្ធ័ទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយអំពីវិធានការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ថ្នាក់ជាតិ និងគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ថ្នាក់ខេត្ត ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបន្ថែមទៀត ដើម្បីធានាសុខសុវត្ថិភាពក្រុមគ្រួសារ និងសង្គមជាតិទាំងអស់គ្នា។

យោងតាមរបាយការណ៍រដ្ឋបាលខេត្តបាត់ដំបងបានបង្ហាញថា កាលពីថ្ងៃទី៧ ខែកក្កដា មានពលករត្រឡប់មកពីប្រទេសថៃ ចូលតាមច្រកនានាជាប់ព្រំប្រទល់ខេត្តបាត់ ដំបងចំនួន៣៧នាក់ និងរហូតមកដល់ពេលនេះ អាជ្ញាធរខេត្តបានកំណត់មុខសញ្ញាពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានចំនួនសរុប៤៥២១នាក់ លទ្ធផលវិជ្ជមាន៨៦៥នាក់។ ចាប់ពីមានការឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាខេត្តបាត់ដំបងមានអ្នកឆ្លងចំនួន១៣៤០នាក់ត្រូវបានព្យាបាលជាសះស្បើយចំនួន៦៤៣នាក់ស្លាប់ចំនួន៩នាក់ និងកំពុងសម្រាកព្យាបាលចំនួន៦៨៨នាក់៕

website_news/2021090704.txt · Last modified: 2021/07/09 10:43 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki