website_news:2021090806

អភិបាលខេត្តបាត់ដំបង ស្នើភាគីថៃផ្ដល់កិច្ចសហការល្អបន្ថែមទៀត ដើម្បីទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ បង្ការការរីករាលជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី

http://freshnewsasia.com/ 2021-08-07 01:07pm

(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានសំណូមពរដល់ភាគីថៃ សូមផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត ដើម្បីជួយទប់ស្កាត់នូវការលួចឆ្លងដែនរបស់ពលករខ្មែរ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសមេរោគកូវីដ១៩ បំប្លែងថ្មី។

ការសំណូមពរបែបនេះ របស់លោក ងួន រតនៈ បានធ្វើឡើងនាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ នៅក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារ នាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រគល់ផ្តល់ជូនពលករខ្មែរ១១នាក់ ដែលសមត្ថកិច្ចព្រំដែនថៃ ឃាត់ខ្លួនក្នុងភូមិសាស្ត្រ ស្រុក ខ្លងហាត ខេត្តស្រះកែវ មុនឆ្លងកាត់ព្រំដែនវិលត្រឡប់ចូលមកកម្ពុជា កាលពីថ្ងៃទី៤ ខែសីហា កន្លងទៅនេះ។ លោកអភិបាលខេត្តបានស្នើសុំយ៉ាងដូច្នេះថា «សំណូមពរដល់ភាគីថៃ សូមជួយផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត ដើម្បីជួយទប់ស្កាត់នូវការឆ្លងដែន របស់ពលករខ្មែរ សូមឱ្យបន្តជួយឃាត់ទុក និងនាំមកកាន់ទីនេះ ឱ្យស្នាក់នៅជាបណ្តោះអាសន្នមួយរយៈសិន ក្នុងគ្រាដែលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការបិទខ្ទប់ព្រំដែនមិនឱ្យឆ្លងកាត់ចេញ-ចូល ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទ Delta មួយរយៈផងដែរ»។

នាឱកាសនោះដែរ លោក ងួន រតនៈ ក៏បានថ្លែងអំណរគុណដល់ភាគីថៃ ដែលបានយកចិត្តទុកដាក់ក្នុងការសម្របសម្រួលធ្វើការឃាត់ទុក និងផ្តល់នូវទីតាំងឱ្យស្នាក់នៅជាបណ្តោះអាសន្ន ចំពោះពលករខ្មែរ។ ដោយក្នុងនោះដែរ អភិបាលខេត្តនឹងរ៉ាប់រងក្នុងការដោះស្រាយស្បៀង ជូនបងប្អូនពលករជាដើម។ លោកបានដឹកនាំប្រតិភូមួយក្រុម ចុះពិនិត្យមើលពីស្ថានភាពរស់នៅក្នុងទឹកដីថៃ ដែលត្រូវបានកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច នៅតាមបន្ទាត់ព្រំដែនរបស់ថៃ ក្នុងភូមិសាស្ត្រស្រុកខ្លងហាត ខេត្តស្រះកែវ ដែលជាប់នឹងស្រុកសំពៅលូន ខេត្តបាត់ដំបង និងបានពាំនាំគ្រឿងឧបភោគបរិភោគ អង្ករ២០០គីឡូក្រាម មី ត្រីខ និងភេសជ្ជៈមួយចំនួន ជាអំណោយសម្តេចក្រឡាហោម ស ខេង និងលោកស្រី ទៅប្រគល់ជូនដល់បងប្អូនពលករទាំងនោះ ដល់ទីតាំងកំពុងបោះតង់ស្នាក់នៅ ដែលរៀបចំដោយអាជ្ញាធរថៃ នៅទីនោះផងដែរ៕

website_news/2021090806.txt · Last modified: 2021/08/09 09:35 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki