website_news:2021090808

ពលករមកពីថៃ មកស្រុកកំណើត ចម្លងកូវីដបំប្លែងខ្លួនមកម្តាយ

https://www.kampucheathmey.com/ ថ្ងៃសុក្រ ៦ សីហា ២០២១ដោយ Dy Bunnara

អាជ្ញាធរសុខាភិបាលបានបញ្ជាក់ពីករណីពលករខ្មែរម្នាក់មកពីថៃ បានចម្លងកូវីដបំប្លែងខ្លួនមកម្តាយនៅឯស្រុកកំណើត។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្រោយរាយការណ៍ករណីរកឃើញវីរុសបំប្លែងខ្លួនថ្មី Delta ចំនួន ៦៧ ករណីបន្ថែមទៀតក្នុងរយៈពេលពីរថ្ងៃពីថ្ងៃ ៤ ដល់ ៥ សីហាឆ្នាំ២០២១។ ជនរងគ្រោះជាម្តាយដែលឆ្លងកូវីដបំប្លែងខ្លួនពីកូនជាពលករមកពីថៃ មានស្រុកកំណើតនៅខេត្តស្វាយរៀង។

គួរបញ្ជាក់ថា ពីថ្ងៃ ៤ ដល់ ៥ សីហាឆ្នាំ២០២១ កម្ពជាបន្តរកឃើញវីរុសបំប្លែងខ្លួនថ្មី Delta ចំនួន ៦៧ ករណីបន្ថែមទៀត មានពាក់ព័ន្ធពលករ អាជីវករ អ្នកដំណើរតាមផ្លូវអាកាសពីក្រៅប្រទេស និងការឆ្លងរាលដាលក្នុងសហគមន៍។ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទខ្ទប់ខេត្តជាប់ព្រំដែនថៃ ដែលរួមមានខេត្តកោះកុង ពោធិសាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហាររួមទាំងខេត្តសៀមរាប រយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី២៩ កក្កដារហូតដល់ថ្ងៃទី១២ សីហា។ ការសម្រេចបិទខ្ទប់ជាបន្ទាន់នេះ គឺដើម្បីទប់ស្កាត់ការនាំចូលមេរោគកូវីដ១៩បំប្លែងថ្មីដែលតាចូលទៅក្នុងសហគមន៍ បន្ទាប់ពីមានការកើនឡើងចំនួនអ្នកឆ្លងមេរោគកូវីដ១៩បំប្លែងថ្មីដែលតាជាបន្តបន្ទាប់។

មកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដបំប្លែងខ្លួនថ្មី ដែលតា ឡើងដល់ចំនួន ៣២៧នាក់ ក្នុងនោះរកឃើញក្នុងអំឡុងខែមេសា១នាក់ ថ្ងៃ០៤មិថុនា៤នាក់ ថ្ងៃ១៨មិថុនា៧នាក់ ថ្ងៃទី២៥មិថុនា២៥នាក់ ថ្ងៃទី១៦កក្កដា៣៧នាក់ ថ្ងៃទី២២កក្កដា និងថ្ងៃទី២៥កក្កដាមានចំនួន៣៩នាក់ ថ្ងៃទី៣១កក្កដា៤៣នាក់ ថ្ងៃទី០១សីហា៦៧នាក់ថ្ងៃទី៣សីហា ៣៦នាក់ ថ្ងៃទី៤សីហា៣២នាក់ និងថ្ងៃទី៥សីហាចំនួន៣៥នាក់។ វីរុសបំប្លែងខ្លួនដែលតាដែលមានប្រភពមកពីប្រទេសឥណ្ឌានេះ បានកំពុងបន្តវាយលុកចូលក្នុងសហគមន៍ជាពិសេសនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ព្រះវិហារ កំពង់ចាម និងកំពង់ធំ និងបណ្តាខេត្តជាប់ព្រំដែនថៃ៕ អត្ថបទ៖ ប៊ុណ្ណារ៉ា

website_news/2021090808.txt · Last modified: 2021/08/09 09:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki