website_news:2021090903

១សប្ដាហ៍ដើមខែកញ្ញា ពលករខ្មែរមកពីថៃ ចូលតាមច្រកខេត្តបាត់ដំបង មានជាង៤០០នាក់ រកឃើញវិជ្ជមានកូវីដ១៩ ជាង២០នាក់

https://news.btv.com.kh/ 09/08/2021 10:09 AM

បាត់ដំបង៖ ក្នុងរយៈពេល១សប្ដាហ៍ ដើមខែកញ្ញា ឆ្នាំ ២០២១នេះ ពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ ចូលតាមច្រកព្រំដែននានា ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង មានចំនួន៤១០នាក់ ក្នុងនោះ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន២៦នាក់ផងដែរ។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានថ្លែងថា ពលករខ្មែរទាំងអស់ដែលវិលត្រឡប់មកពីប្រទេសថៃវិញ តាមច្រកខេត្តបាត់ដំបង ត្រូវបាន ក្រុមគ្រូពេទ្យ យកសំណាក និងធ្វើតេស្តរហ័សនៅចំណុចព្រំដែន ក្នុងករណីមានលទ្ធផលវិជ្ជមាន ក្រុមការងារនឹងរៀបចំដាក់ព្យាបាលក្នុងមណ្ឌលនៅតាមព្រំដែន.។ ចំណែកអ្នកអវិជ្ជមាន នឹងបញ្ជូនពួកគាត់ទៅធ្វើចត្តាឡីស័កក្នុងមណ្ឌលនានាតាមបណ្ដោយព្រំដែនចំនួន១៤ថ្ងៃ រួចផ្ទេរបន្តមកធ្វើចត្តាឡីស័កនៅជិតទីរួមខេត្ត ចំនួន៧ថ្ងៃបន្ថែមទៀត មុននឹងធ្វើការដឹកជញ្ជូនពួកគាត់ទៅកាន់បណ្ដាស្រុក ឬខេត្តកំណើតរៀងៗខ្លួន ។ គួរកត់សម្គាល់ថា ទោះបីជាមានពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃវិញជាបន្តបន្ទាប់ ប៉ុន្តែស្របពេលជាមួយគ្នានេះ ជារឿយៗក៏មានមេខ្យល់មួយចំនួននៅបន្តលួចនាំពលរដ្ឋខ្មែរឆ្លងដែនចូលទៅធ្វើការដោយខុសច្បាប់ នៅក្នុងប្រទេសថៃ ខណៈមេខ្យល់ទាំងនោះត្រូវបានកម្លាំងសមត្ថកិច្ចឈរជើងប្រចាំការនៅតាមបន្ទាត់ព្រំដែន ធ្វើការបង្រ្កាប និងអនុវត្តន៍ទៅតាមនីតិវិធីច្បាប់ ចំណែកពលរដ្ឋត្រូវបានធ្វើការ អប់រំណែនាំ និងបញ្ជូនត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ។

ពលករដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលនានា ក្នុងខេត្តបាត់ដំបងភាគច្រើនជាពលករដែលត្រូវបានផ្ទេរមកពីបណ្ដាខេត្តផ្សេងៗ ជាពិសេសខេត្តឧត្តរមានជ័យ និងបន្ទាយមានជ័យជាដើម ខណៈមណ្ឌលស្ទើរទាំងអស់មានសភាពធូរស្រាល មិនចង្អៀតណែននោះទេ ហើយមណ្ឌលខ្លះទៀតនៅទំនេរទៀតផង។ អត្រាឆ្លងជំងឺកូវីដ១៩ថ្មី ក្នុងខេត្តបាត់ដំបង នាប៉ុន្មានថ្ងៃចុងក្រោយនេះ មានចំនួនកើនឡើងបន្តិចវិញ ប៉ុន្តែស្ថិតក្នុងសភាពមួយធូរស្រាលមិនគួរឲ្យព្រួយបារម្ភនោះទេ។ រហូតមកដល់ពេលនេះ ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៦ ៣០៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ៥ ២២១នាក់ កំពុងសម្រាកព្យាបាល៩៩៨នាក់ និងស្លាប់ចំនួន៨៧នាក់៕

website_news/2021090903.txt · Last modified: 2021/09/09 10:15 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki