website_news:2021090907

ទូតអូស្ត្រាលីប្រចាំកម្ពុជា ប្រាប់ពលរដ្ឋខ្មែរឲ្យប្រយ័ត្នចាញ់បោក គម្រោងទិដ្ឋាការកសិកម្មអូស្ត្រាលី ខណៈកម្ពុជា-អូស្ត្រាលី មិនទាន់មានទិដ្ឋាការនេះនៅឡើយទេ

http://freshnewsasia.com/ 2021-09-08 03:41pm

(ភ្នំពេញ)៖ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ននេះមិនទាន់មានការរៀបចំទិដ្ឋាការកសិកម្មទ្វេភាគីរវាងអូស្ត្រាលី និងកម្ពុជានៅឡើយទេ។ ជាមួយគ្នានេះស្ថានទូតបានសំណូមពរឱ្យប្រជាជនកម្ពុជា ប្រុងប្រយ័ត្នចំពោះក្រុមហ៊ុនណាដែលអះអាងថា គេអាចរៀបចំទិដ្ឋាការកសិកម្មសម្រាប់អូស្ត្រាលីបាននាបច្ចុប្បន្ននេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ពីបច្ចុប្បន្នភាពស្តីអំពីគម្រោងទិដ្ឋាការកសិកម្មអូស្ត្រាលី ដែលFresh News ទទួលបាន នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ។នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះបានឱ្យដឹងទៀតថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសបង្កើតគម្រោងទិដ្ឋាការកសិកម្មអូស្ត្រាលីថ្មី។ ស្ថានទូតនឹងធ្វើការចរចាជាមួយដៃគូទ្វេភាគី អំពីការរៀបចំនានាសម្រាប់ទិដ្ឋាការនេះ ដោយចាប់ផ្តើមពីបណ្តាប្រទេសមួយចំនួន មុននឹងពង្រីកទៅបណ្តាប្រទេសជាច្រើន ទៅថ្ងៃមុខ។

ព័ត៌មានលំអិតអំពីរបៀបដាក់ពាក្យសុំ និងតម្រូវការដើម្បីទទួលបានទិដ្ឋាការ នឹងធ្វើឡើងតាមរយៈដំណើរការកម្មវិធី ដោយមានការពិគ្រោះយោបល់ជាមួយវិស័យ កសិកម្មអូស្ត្រាលី។ ក្រសួងកិច្ចការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី ជាអ្នកគ្រប់គ្រងលើទិដ្ឋាការនេះ។ ក្រសួងមហាផ្ទៃ និងក្រសួងកសិកម្មទឹក និងបរិស្ថាន នឹងផ្តល់ការ គាំទ្រផ្នែកប្រតិបត្តិការ ដើម្បីធានាសុចរិតភាពទិដ្ឋាការ ព្រមទាំងដើម្បីបំពេញតម្រូវការវិស័យកសិកម្ម និងវិស័យឧស្សាហកម្មបឋម។ ស្តង់ដារអប្បបរមាដើម្បីការពារកម្មករពីការកេងប្រវ័ញ្ចជាការសំខាន់ ហើយនឹងត្រូវយកគំរូតាមកម្មវិធីចល័តពលកម្មប៉ាស៊ីហ្វិក ដែលទទួលបានជោគជ័យរបស់អូស្ត្រាលី។ នៅពេលការរៀបចំទិដ្ឋាការត្រូវបានបញ្ចប់ នឹងមានច្បាប់តឹងរ៉ឹងដើម្បីការពារកម្មករ។ រដ្ឋាភិបាលប្តេជ្ញាធានាថា កម្មករទាំងអស់មានឱកាសចូលរួមចំណែក ជាវិជ្ជមានដល់សេដ្ឋកិច្ចអូស្ត្រាលី ដោយមិនមានអារម្មណ៍ភ័យខ្លាចពីការកេងប្រវ័ញ្ច៕

website_news/2021090907.txt · Last modified: 2021/09/09 10:22 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki