website_news:2021091202

ថៃនឹងបើកឲ្យពលករខ្មែរចូលទៅធ្វើការវិញនៅថ្ងៃទី១៦ធ្នូ តែត្រូវធ្វើតេស្តមុន៧២ម៉ោងដោយម៉ាស៊ីនPCR

https://news.btv.com.kh/ 12/08/2021 12:12 PM

បន្ទាយមានជ័យ៖ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា អាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ នឹងបើកឲ្យពលករខ្មែរចូលទៅធ្វើការវិញនាថ្ងៃទី១៦ ខែធ្នូខាងមុខនេះ ប៉ុន្តែទាមទារឲ្យមានការធ្វើតេស្តមុន ៧២ម៉ោងតាមម៉ាស៊ីន PCR ខណៈសំណើនេះរាជរដ្ឋាភិបាលកម្ពុជា កំពុងពិចារណានៅឡើយ។ តាមរយៈកិច្ចប្រជុំមួយរវាងអាជ្ញាធរខេត្តបន្ទាយមានជ័យ និងអាជ្ញាធរខេត្តបាត់ដំបង ជាមួយអាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ កាលពីខែវិច្ឆិកាកន្លងទៅ ជុំវិញការត្រៀមបើកឲ្យដំណើរការច្រកទ្វារព្រំដែនក្នុងភូមិសាស្ត្ររបស់ខេត្តទាំង៣ខាងលើ ដែលមានព្រំដែនច្រកទ្វារអន្តរជាតិ និងច្រកទ្វារតំបន់នោះ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ ប្រាប់BTV ឲ្យដឹងថា យោងតាមកិច្ចពិភាក្សារវាងព្រមព្រៀងថ្នាក់ខេត្តនៃអាជ្ញាធរកម្ពុជា និងថៃកន្លងមក ភាគីទាំងពីរបានឯកភាពចំពោះការរៀបចំពលករឆ្លងដែនទៅធ្វើការនៅប្រទេសថៃឡើងវិញ ដោយសហការគ្នាសម្របសម្រួលរៀបចំបែបបទឆ្លងដែនក្រោមសមត្ថកិច្ចពាក់ព័ន្ធកម្ពុជា-ថៃ ជូនបងប្អូនពលករ ក្នុងនោះពលករអាចឆ្លងដែនចូលថៃមួយថ្ងៃចំនួន ៣ពាន់នាក់ ចំណែកពលករផ្នែកកសិកម្មជាប្រភេទកាប់អំពៅអាចប្រើប្រាស់ប័ណ្ណឆ្លងដែន ឬហៅថា Border Pass ដែលមានសុពលរយៈពេល ៩០ថ្ងៃផងដែរ។ លោកអភិបាលក្រុងប៉ោយប៉ែត បញ្ជាក់ថា ប្រសិនភាគីទាំងពីរឯកភាពនោះថៃគ្រោងនឹងបើកទទួលពលករទៅធ្វើការនៅប្រទេសខ្លួនវិញ នៅថ្ងៃទី១៦ ខែធ្នូខាងមុខនេះ។

ជាមួយគ្នានេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់BTV ឲ្យដឹងដែរថា មកទល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល មិនទាន់សម្រេចជាផ្លូវការចំពោះគោលការណ៍ជុំវិញសំណើភាគីថៃដែលចង់ឲ្យធ្វើតេស្តមុន៧២ម៉ោងដោយម៉ាស៊ីន PCR ទៅលើពលករឡើយ។ គួរបញ្ជាក់ថា ក្នុងកិច្ចរវាងអាជ្ញាធរកម្ពុជា និងថៃ កាលពីខែវិច្ឆិកាកន្លងទៅ បានផ្តោតសំខាន់លើទាក់ទិនក្នុងការសម្របសម្រួល ដើម្បីឈានដល់ការបើកច្រកអន្តរជាតិ និងច្រកតំបន់មួយចំនួនស្ថិតនៅក្នុងភូមិសាស្រ្ត នៃខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ដែលមានព្រំប្រទល់ជាមួយនិងខេត្តស្រះកែវ ប្រទេសថៃ។ ដោយក្នុងនោះខាងភាគីថៃ គ្រោងស្នើបើកច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងលិក នៅថ្ងៃទី១៦ ឬយ៉ាងយូរថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ខាងមុខ ដើម្បីជាជំហានសាកល្បង និងឈានទៅបើកច្រកទ្វារព្រំដែនទាំងអស់របស់ខ្លួនជាប់ជាមួយកម្ពុជា។ ការស្នើបើកព្រំដែនពីភាគីថៃ ដោយសារថៃកំពុងមានតម្រូវការកម្លាំងពលកម្មក្នុងការប្រមូលកសិផលកសិកម្មចម្ការផ្លែឈើ ដែលកំពុងតែប្រឈម និងជួបវិបត្តិខ្វះកម្លាំងពលកម្មខ្លាំងនៅក្នុងស្រុករបស់ខ្លួន៕

website_news/2021091202.txt · Last modified: 2021/12/09 10:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki